ភ្នំពេញ៖ ដោយសារតែក្ដីស្រឡាញ់ ទៅលើចាប៉ីដងវែង ដែលបានធ្វើផ្ទាល់ដៃ និងពិតជាស្មោះស្ម័គ្រនិងវប្បធម៌ និងសិល្បៈបុរាណខ្មែរ លោកតា អួង សឿន ធ្លាប់បានប្រថុយជីវិតយកចាប៉ីដងវែង ទៅលាក់នៅលើចុងត្នោត កាលពីសម័យប៉ុលពត ដើម្បីរក្សាទុក ក្រែងមានជីវិតបានយកមកដេញលេងវិញ។
បើតាមការបញ្ជាក់របស់ សិល្បករចាប៉ីដងវែង អួង សឿន ចាប៉ីដងវែងរបស់លោកមួយនេះ ក៏មានធ្វើពីឈើគ្រញូង ដោយមានគ្រញូង២ប្រភេទ គឺគ្រញូងឈាមមាន់ និងគ្រញូងស្នែង(ក្នុងវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត គ្រញូង មាន២ប្រភេទ គឺគ្រញូងឈាមមាន់ និងគ្រញូងដែក)។
ដើម្បីជ្រាប់ច្បាស់ សូមទស្សនាវីដេអូសម្ភាសផ្ទាល់ ជាមួយលោក អួង សឿន ដោយមេត្រីភាព៖
បច្ចុប្បន្នមានជន្មាយុ៨២ឆ្នាំ សិល្បករចាប៉ីដងវែង អួង សឿន បានប្រាប់សារព័ត៌មានថ្មីៗថា កាលពីប្រមាណ៤៨ឆ្នាំមុន ពោលគឺក្នុងអំឡុងពេលខ្មែរក្រហមកាន់កាប់ប្រទេស លោកធ្លាប់បានយកចាប៉ីដងវែងរបស់លោក ទៅលាក់នៅលើចុងត្នោត ដើម្បីរក្សាទុក។
សម័យដែលគ្មានសាសនា គ្មានសិល្បៈ និងគ្មានវប្បធម៌ ការរក្សាទុកឧបករណ៍ភ្លេង ឬគេបានដឹងថា ជនណាមួយគឺជាអ្នកសិល្បៈ ជននោះអាចប្រឈមនិងការធ្វើទារុណកម្ម ឬយកទៅសម្លាប់តែម្ដង។ ការយកចាប៉ីដងវែងទៅលាក់នៅលើចុងត្នោត គឺជាការប្រថុយដាក់អាយុជីវិត។ ទោះជាយ៉ាងណា លោក អួង សឿន ដែលកាលនោះ មានអាយុ៣៤ឆ្នាំ ស៊ូប្ដូរ។ ប្ដូរដោយសារតែ សាប៉ីដងវែង គឺជាឧបករណ៍ភ្លេងបុរាណ ដែលលោកស្រឡាញ់បំផុត។ កាលសម័យនោះ ដើម្បីគេចផុតពីការសង្ស័យ និងការតាមដានរបស់ឈ្លប លោកបានប្រឹងប្រែងធ្វើការ ដោយមិនសំចៃកម្លាំង ដើម្បីកុំឱ្យកម្មាភិបាល ចាប់កំហុសលោកបាន។
លោក អួង សឿន រៀបរាប់ហេតុការណ៍កាលនោះ យ៉ាងដូច្នេះ៖«កាលសម័យប៉ុលពត យើងអ្នកសិល្បៈ គេមិនត្រូវការទេ។ ខ្ញុំស្រឡាញ់ចាប៉ីដងវែងពេក ខ្ញុំយកសំពត់ភ្លៀងរុំ រួចខ្ញុំយកទៅដាក់លើចុងត្នោត។ ដើមត្នោតនោះ ពីក្រោមមានដើមជ្រៃម្លប់ព័ន្ធជុំវិញ មើលពីក្រោមមិនសូវឃើញទេ»។
ផ្ញើខ្លួននៅលើចុងត្នោត អស់រយៈពេលប្រមាណ៣ឆ្នាំ ចាប៉ីសំណព្វចិត្ត បានចុះមកលើដី ស្ថិតក្នុងដៃរបស់ម្ចាស់វិញ នៅក្នុងអំឡុងឆ្នាំ៧៩។ ពេលដាក់ចុះភ្លាម ចាប៉ីមានខូចខាតខ្លះៗដែរ ហើយលោកយកមកជួសជុលប្រើឡើងវិញ និងបន្តយកទៅដេញលេងកំដរអារម្មណ៍ ក៏ដូចជាលេងក្នុងពិធីផ្សេងៗ ដែលអ្នកស្រុកភូមិអញ្ជើញលោកសម្ដែង រហូតដល់សព្វថ្ងៃ។
«ខ្ញុំស្រឡាញ់វប្បធម៌ខ្មែរ ខ្ញុំបោះបង់ចោលមិនបាន។ នេះគឺជាកេរដំណែលខ្មែរពីបុរាណមក។ ពីបុរាណមក យើងលេងភ្លេងការប្រពៃណី មិនមានតាខេទេ គេប្រើចាប៉ីនេះឯង។ មានទ្រខ្សែបី ចាប៉ីដងវែង ប៉ីអ ឧបករណ៍ខ្សែ១ និងស្គរ២ ហ្នឹងពីដើមណា។ នេះជាឧបករណ៍បុរាណ ខ្ញុំមិនអាចចោលបាន ទើបខ្ញុំនៅច្រៀងរហូតដល់សព្វថ្ងៃហ្នឹង»។ លោក រៀបរាប់ដូច្នេះ។
មានស្រុកកំណើត នៅភូមិបាកាន ឃុំបាក់នឹម ស្រុកបាកាន ខេត្តពោធិ៍សាត់ តែទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិស្តុកកុម្ភ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ សិល្បករចាប៉ីដងវែង អួង សឿន ពុំមានកូនចៅជំនាន់ក្រោយដើម្បីបន្តវេន មរតករបស់លោកឡើយ។ ទ្រព្យគាប់ចិន្តាតែមួយគត់ គឺចាប៉ីដងវែង ដែលលោកធ្វើផ្ទាល់ដៃ ដែលពេលនេះ មានអាយុ៦៦ឆ្នាំ នឹងប្រគល់ទៅមន្ទីរវប្បធម៌ខេត្តពោសាធិ៍ ក្រោយពេលលោកអស់អាយុ ដើម្បីរក្សាទុកក្នុងសារមន្ទីរ ក្នុងបំណងឱ្យក្មេងជំនាន់ក្រោយ បានឃើញចាប៉ីដែលមានអាយុ ក្នុងកម្រិតបេតិកភណ្ឌ ឈានទៅដល់វត្ថុបុរាណ។
«នៅក្នុងស្រុកភូមិ ពុំមានយុវជនជំនាន់ក្រោយ ចង់ចេះឧបករណ៍នេះទេ។ កូនខ្ញុំសុទ្ធតែស្រី ចៅក៏ស្រីទៀត ពួកគេមិនចង់រៀន។ ប្រសិនមានអ្នកចង់រៀន ខ្ញុំរីករាយនឹងបង្រៀនឱ្យចេះ កុំឱ្យបាត់បង់វប្បធម៌បុរាណ»។ នេះជាការប្ដេជ្ញារបស់បុរសចំណាស់ សម្បុរស្រអែមរាងស្គម អួង សឿន។
ដ្បិតមានជន្មាយុរាងជ្រេទៅហើយក្ដី ក៏សិល្បករ អួង សឿន នៅតែអាចដេញចាប៉ីដងវែងបានយ៉ាងល្អ និងពីរោះ។ ទាំងដំណើរចាប៉ី ទាំងសំនៀងលើកដាក់ពេលច្រៀង លោក អួង សឿន បានធ្វើឱ្យអ្នកស្ដាប់ ទទួលបានអារម្មណ៍ថា មនុស្សបុរាណកំពុងច្រៀងឱ្យស្ដាប់។
រហូតមកដល់សព្វថ្ងៃនេះ នៅតែមានអ្នកភូមិ អញ្ជើញលោកទៅសម្ដែង ក្នុងកម្មវិធីបុណ្យមួយចំនួនដែរ គ្រាន់តែមិនសូវសម្បូរ។ ភាគច្រើនអ្នកភូមិ អញ្ជើញលោកទៅសម្ដែងក្នុង ពិធីបុណ្យទក្ខិណានុប្បទាន បុណ្យកម្សាន្ត និងបុណ្យបច្ច័យបួនជាដើម។ ប្រសិនមិនមានអ្នកហៅ លោកនៅធ្វើស្រែចិញ្ចឹមជីវិត។ ទោះជាយ៉ាងណា លោកថាក្នុងវ័យជរាបែបនេះ ពុំអាចមានកម្លាំងធ្វើស្រែដូចក្មេងៗឡើយ ដូច្នេះលោកពឹងកូនក្មួយឱ្យជួយព្រោះ ជួយសាបស្រូវ។
ចេះដេញចាប៉ីក្នុងអាយុ១៦ឆ្នាំ លោក អួង សឿន បានចូលរៀនចាប៉ីដងវែងពីអាយុ១៣ឆ្នាំ ដោយរៀនពីសំណាក់គ្រូបីរូប។ គ្រូដំបូងរបស់លោក គឺលោកតា អ៊ិន សឹម ត្រូវជាឪពុកធំរបស់លោកតែម្ដង។ គ្រូទី២ គឺលោកតា ប្រាជ្ញ ឈួន(គ្រូបំពេញវិជ្ជា) ជាសិល្បករចាប៉ីដងវែង ដែលល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់ថ្ងៃលោកលាចាកលោក ក្នុងអំឡុងឆ្នាំ២០១៨ ក្នុងជន្មាយុ៨២ឆ្នាំ។ ចំណែកគ្រូទី៣របស់លោក ឈ្មោះ ណុប ងែត (គ្រូបំពេញវិជ្ជា) ត្រូវជាមា(ពូ) របស់លោកតា អួង សឿនផ្ទាល់។ លោកតា ណុប ងែត ត្រូវបានមហាជនស្គាល់ តាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់សព្វថ្ងៃ ក្នុងរហស្សនាម តាពូថៅដៃ។ លោកតាពូថៅដៃ ក៏ជាសិល្បករចាប៉ីដងវែង ដ៏ល្បីល្បាញមួយរូបដែរ ក្នុងសម័យសង្គមរាស្ត្រនិយម។
លោកតា អួង សឿន រំលឹកថា កាលសម័យមុន ពុំមានសិល្បៈច្រើន និងសម្បូរបែបដូចបច្ចុប្បន្ននេះទេ ដូច្នោះហើយ សិល្បៈចាប៉ីដងវែង ពេញនិយកខ្លាំងក្នុងស្រទាប់មហាជន គ្រប់វ័យនិងស្រទាប់វណ្ណៈ។
លោកផ្ដាំទៅយុវជនខ្មែរទាំងអស់ សូមថែរក្សាកេរដំណែលចាប៉ីដងវែង ដែលមានតាំងពីយូរលង់ណាស់មកហើយ កុំឱ្យបាត់បង់ និងធ្វើយ៉ាងណាឱ្យវប្បធម៌ខ្មែរ ពណ្ណរាយត្រចះត្រចង់ឡើង៕