កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកចំនួន ៥ ដែលអាចជំនួសលោក Erik ten Hag នៅក្នុងក្រុម Man Utd
16, Oct 2023 , 8:59 pm        
រូបភាព
ការកាន់កាប់តំណែងរបស់លោក Erik ten Hag នៅក្នុងក្រុម Manchester United អាចនឹងឈានដល់ទីបញ្ចប់នៅត្រឹមរដូវកាល ២០២៣-២៤ បន្ទាប់ពីការចាប់ផ្តើមការប្រកួតនៅដើមរដូវកាល មានការខកចិត្តជាច្រើនកន្លងមក ដែលក្រុមធ្វើមិនសូវបានល្អ។


 
បើទោះជាមានក្តីសង្ឃឹមខ្ពស់និងបានបង្ហាញអំពីការរំពឹងទុក ពីការចាយប្រាក់ក្នុងទីផ្សារដោះដូរកីឡាករនៅដើមរដូវកាល ប៉ុន្តែក្រុមបិសាចក្រហម បានវិលត្រឡប់ទៅកាន់ភាពរអាក់រអួលនៃទម្រង់លេង និងបញ្ហាកីឡាកររបួសជាបន្តបន្ទាប់។ 
 
ឆ្លងកាត់ការប្រកួតក្នុង Premier League ចំនួន ៨លើក ឈ្នះ ៤ និងចាញ់៤ បានក្លាយជាលទ្ធផលមិនសមប្រកបសម្រាប់អ្នកចាត់ការក្រុម Erik ten Hag។ ការប្រកួតដ៏សំខាន់បន្ថែមទៀតនៅក្នុងពានរង្វាន់ UEFA Champions League ២ប្រកួត ដែលប៉ះក្រុម Bayern Munich ក៏ដូចជាក្រុម Galatasaray មកពីប្រទេសតួកគី ក្រុមស្ថិតក្នុងប្រទេសអង់គ្លេស រងបរាជ័យជាប់ៗគ្នា។
 
បច្ចុប្បន្នកីឡាករក្រុមបិសាចក្រហមគឺពោរពេញទៅដោយរបួស ព្រមតាំងកីឡាករសំខាន់ៗដូចជា Antony និង Jadon Sancho សុទ្ធសឹងតែមានបញ្ហាជាមួយនឹងក្រុម ក៏ដូចជាបញ្ហាផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ក្រុម។ ស្របពេលដែលលទ្ធផលរបស់ក្រុមមិនទាន់ឃើញមានភាពល្អប្រសើរឡើងខ្លាំងបែបនេះ កម្តៅនៃកៅអីតំណែងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ក៏កំពុងតែកើនឡើងខ្លាំង។
 
ខាងក្រោមនេះជាគ្រូបង្វឹក ៥រូប ដែលនឹងអាចជំនួសលោក Erik ten Hag៖ 
 
៥ លោក Graham Potter


 
លោក Graham Potter គ្រូបង្វឹកសញ្ជាតិអង់គ្លេស មានភាពល្បីល្បាញអំឡុងពេលលោកបានដឹកនាំក្រុម Brighton & hove Albion ធ្វើបានល្អខ្លាំងនៅដើមរដូវកាល ២០២២-២៣ មុនពេលលោកផ្លាស់ទៅកាន់ក្រុម Chelsea។ ពេលទៅដឹកនាំ Chelsea គ្រូបង្វឹករូបនេះ ក៏ហាក់ធ្វើមិនបានល្អខ្លាំងប៉ុន្មានដែរ ក្រោយពេលដែលក្រុមតោខៀវ បានផ្លាស់ប្តូរនៃថ្នាក់ដឹកនាំ នាពេលចុងក្រោយមកនេះ។ យ៉ាងណាគ្រូបង្វឹករូបនេះ មិនទាន់មានក្លិបសម្រាប់ដឹកនាំ ដើម្បីបង្ហាញសមត្ថភាពឡើយ។
 
៤ លោក Arne Slot


 
សារព័ត៌មានហូឡង់ 1908 បានចុះផ្សាយថា ក្រុម Man United អាចផ្លាស់ប្តូរលោក Arne Slot របស់ក្រុម Feyenoord សម្រាប់តំណែងដឹកនាំក្រុម ប្រសិនបើពួកគេពិតជាសម្រេចចិត្តបណ្តេញលោក Ten Hag។ លោក Slot ជាគ្រូបង្វឹកមួយរូប ដែលតែងតែបង្កើតនូវកីឡាករល្អៗ ទៅតាមសមត្ថភាព ទៅតាមធនធាន ដែលក្លិបបានកំណត់ផ្តល់ជូន។ គ្រូបង្វឹករូបនេះត្រូវបានលោក Pep Guardiola សរសើរចំពោះទម្រង់នៃការប្រយុទ្ធដ៏ល្អរបស់កូនក្រុមរបស់លោក ។ រឿងដែលសំខាន់ទៀតនោះ លោកបានដឹកនាំក្រុម Feyenoord ឈ្នះពាន Eredivisie នៃលីគកំពូលរបស់ប្រទេសហូឡង់។
 
៣ លោក Julian Nagelsmann


 
អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអាល្លឺម៉ង់សម្រាប់ការប្រកួតពានរង្វាន់ Euro 2024 ដែលជាតំណែងដ៏ខ្លីមួយតែប៉ុណ្ណោះ។ លោក Nagelsmann បានធ្វើយ៉ាងល្អនៅក្នុងក្រុម Bayern Munich សម្រាប់ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ Champions League ផងដែរ។ ទម្រង់លេងសម្រាប់ក្រុមរបស់លោក Nagelsmann ក៏ត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំងផងដែរ តាំងពីពេលលោកបានដឹកនាំក្រុម RB Leipzig មកម្ល៉េះ ចំពោះការមើលកីឡាករ និងបង្វឹកកីឡាករមានសមត្ថភាពល្អច្រើនរូប។
 
២ លោក Roberto De Zerbi


 
លោក De Zerbi អាចជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ជំនួសលោក Erik ten Hag នៅក្រុម Manchester United ដោយសារតែសមិទ្ធិផលដ៏ឆាប់រហ័សរបស់លោកនៅក្នុងការដឹកនាំក្រុម Brighton & Hove Albion កាលពីឆ្នាំ ២០២២។ គ្រូបង្វឹករូបនេះបានជួយ Brighton ប្រកួតនៅក្នុងពានរង្វាន់អឺរ៉ុបលើកដំបូង Europa League ជាមួយនឹងទម្រង់លេងដ៏ខ្លាំងមួយដែលធ្វើឱ្យក្រុមដទៃ មានភាពលំបាកក្នុងការប្រជែងទល់នឹងក្រុមរបស់លោក។
 
មើលទៅលើភាពជាក់ស្តែង Brighton កាន់តែមានទម្រង់លេងខ្លាំងក្រោយពេលលោក De Zerbi ចូលដឹកនាំ បន្ទាប់ពីក្លិបបានបណ្តេញលោក Graham Potter ចេញ ហើយជួយក្រុមបន្តប្រជែងដណ្តើមកៅអីពានរង្វាន់អឺរ៉ុប។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីនឹងក្លាយជាជម្រើសមួយ ក្នុងការកែប្រែក្រុមបិសាចក្រហម។
 
១ លោក Zinedine Zidane


 
វីរៈបុរសនៃក្រុមជម្រើសជាតិបារាំង ធ្លាប់បានបង្ហាញសមត្ថភាពខ្ពស់របស់លោកដឹកនាំក្រុម Real Madrid ហើយបានជួយក្រុមយក្សអេស្ប៉ាញឈ្នះជើងឯក Champions League ដល់ទៅ ៣លើកផងដែរ។ លោកក៏ត្រូវបានគេចាប់អារម្មណ៍ថា នឹងអាចដឹកនាំក្រុមជើងខ្លាំងជម្រើសជាតិបារាំងផងដែរ។ យ៉ាងណាមកដល់ពេលនេះលោក Zidane មិនទាន់មានក្រុមសម្រាប់ដឹកនាំឡើយ ខណៈក្រុមដែលលោកអាចនឹងដឹកនាំក្នុងនាមជាគ្រូបង្វឹកសារជាថ្មី គឺតម្រូវទៅលើក្រុមខ្លាំងៗ លើពិភពលោកដូចគ្នាដែរ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com