ជាតិ
សមុទ្រមរណៈ ជាសមុទ្រប្រៃជាងគេបង្អស់លើពិភពលោក
15, Oct 2023 , 11:19 am        
រូបភាព
វាជាការពិតដែលទឹកសមុទ្រទាំងអស់នៅក្នុងពិភពលោកយើងនេះរមែងមានជាតិប្រៃ។ ប៉ុន្ដែតើសមុទ្រដែលប្រៃជាងគេបង្អស់ស្ថិតនៅកន្លែងណា? ហើយហេតុអ្វីបានជាវាមានជាតិប្រៃជាងសមុទ្រដទៃទៀតជុំវិញពិភពលោកដែលរាប់បញ្ចូលទាំងកម្ពុជាផងនោះ? តោះមកស្គាល់សមុទ្រនេះទាំងអស់គ្នា។

សមុទ្រមរណៈ (the Dead Sea) ឬហៅម្យ៉ាងទៀតថា សមុទ្រអំបិលគឺជាសមុទ្រដែលប្រៃជាងគេលើសកលលោក។ សមុទ្រនេះគ្មានព្រំប្រទល់ជាប់មហាសមុទ្រណាមួយឡើយ ដែលត្រូវបានគេចាត់ទុកវាជា បឹងអំបិល។ បឹងទឹកប្រៃ ឬសមុទ្រមរណៈនេះស្ថិតនៅត្រង់ព្រំប្រទល់រវាង អ៊ីស្រាអែល និងហ្ស៊កដានី នៅអាស៊ីភាគនិរតី។ 
 
ជាច្រើនឆ្នាំកន្លងមកនេះ សមុទ្រមរណៈក៏ត្រូវបានគេហៅឈ្មោះជាច្រើនផ្សេងៗគ្នាដោយរួមមាន សមុទ្របុព្វកាល (The Primordial Sea) សមុទ្រខាងកើត (The East Sea) សមុទ្រឡុត (The Sea of Lot) សមុទ្រអារ៉ាបា (The Sea of the Arabah) សមុទ្រសូដុម (The Sea of Sodom) សមុទ្រស្អុយ (The Stinking Sea) សមុទ្រអាល់ហ្វាត (The Sea of Asphalt) និងសមុទ្រអារក្ស (The Devil’s Sea) ។
 
មូលហេតុដែលបណ្ដាលឱ្យទឹកនៅទីនេះមានជាតិប្រៃខ្លាំគឺបណ្ដាលមកពីការហួតបន្តិចម្តងៗនៃទឹកអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែអាកាសធាតុវាលខ្សាច់។ សមុទ្រមរណៈជាចំណុចដែលមានកម្ពស់ទាបបំផុត និងជាតួទឹកទាបបំផុតនៃផ្ទៃផែនដី ដែលគេគិតថាវាបណ្ដាលមកពីលទ្ធផលនៃដំណើរការភ្នំភ្លើង ដែលនាំឱ្យដីធ្លាក់ចុះជាបន្តបន្ទាប់ដែលបានធ្វើឱ្យសមុទ្រមរណៈទៅជាចំណុចដ៏គួរឱ្យចាប់អារម្មណ៏បែបនេះ។
 
តាមរយៈការបកប្រែដំបូងៗ ប្រភពដើមនៃឈ្មោះសមុទ្រមរណៈនេះ គឺបានមកពី អ្នកទស្សនានៅយូឌាកាលពីសម័យរ៉ូម៉ាំងបន្ទាប់ពីកត់សម្គាល់ឃើញថា ទឹកសមុទ្រនៅទីនោះគ្មានជីវិតរុក្ខជាតិ ឬសត្វណាមួយរស់នៅទីនោះឡើយ។
 
បច្ចុប្បន្ននេះ សមុទ្រមរណៈគឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយដោយសារតែលក្ខណៈពិសេសជាច្រើនរបស់វា ដែលក្នុងចំណោមនោះ គឺសារធាតុឱសថដ៏មានតម្លៃនៅក្នុងទឹកនេះដែលមានសារធាតុរ៉ែដែលមានប្រយោជន៍ចំនួន២៦ មុខ ហើយខ្យល់នៅទីនោះមានបរិមាណធូលី និងសារធាតុអាលែហ្សីតិចតួចបើប្រៀបធៀបទៅនឹងកន្លែងផ្សេងៗទៀតក្នុងពិភពលោក៕ .
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com