ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រាប់ចិនឱ្យប្រើឥទ្ធិពលខ្លួន ជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា
15, Oct 2023 , 5:59 pm        
រូបភាព
 រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក Antony Blinken នាថ្ងៃទី១៤តុលា បានអំពាវនាវឱ្យប្រទេសចិនដែលជាដៃគូរបស់អ៊ីរ៉ង់ប្រើប្រាស់នូវឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញឱ្យមាននូវសន្តិភាពនៅមជ្ឈិមបូព៌ា។ លោក Blinken អំពាវនាវបែបនេះ នាអំឡុងពេលសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi តាមទូរសព្ទអស់រយៈពេល១ម៉ោង​។​ នេះបើតាមការបញ្ជាក់ពីលោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក។

«សាររបស់យើង គឺលោក Blinken គិតថាវាជាផលប្រយោជន៍រួមរបស់ពួកយើងក្នុងការររាំងជម្លោះមិនឱ្យរីករាលដាល។ លោក Blinken ក៏បានគិតដែលថាវានឹងផ្ដល់ប្រយោជន៏ជាច្រើនប្រសិនបើចិន​អាច​ប្រើ​ឥទ្ធិពល​របស់​ខ្លួន»។ លោក Miller បានបន្ថែមបែបនេះ។ 
 
បើយោងតាមក្រសួងការបរទេសចិន លោក Wang បានឆ្លើយតបថាអាម៉េរិក គួរតែដើរតួនាទីស្ថាបនា និងទទួលខុសត្រូវក្នុងការជំរុញបញ្ហានេះឱ្យត្រឡប់ទៅរកដំណោះស្រាយនយោបាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 
 
លោក Wang និយាយបែបនេះថា៖«នៅពេលដោះស្រាយបញ្ហាអន្តរជាតិ ប្រទសមហាអំណាចត្រូវតែប្រកាន់ខ្ជាប់នូវវត្ថុបំណង យុត្តិធម៌ ភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ហើយត្រូវតែឈានមុខគេក្នុងការគោរពច្បាប់អន្តរជាតិ»។
 
លើសពីនេះ រដ្ឋមន្ត្រីការបរទេសចិនរូបនេះក៏បានបន្ថែមទៀតថា ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានការកោះប្រជុំសន្តិភាពអន្តរជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅដល់ការឯកភាពទូលំទូលាយមួយ ហើយកិច្ចការមូលដ្ឋានសម្រាប់បញ្ហាប៉ាឡេស្ទីនគឺនៅក្នុងការអនុវត្តដំណោះស្រាយរដ្ឋពីរ។
 
យ៉ាងណាក្ដី មន្ត្រីលោកខាងលិចមួយចំនួនបានរិះគន់លើសេចក្តីថ្លែងការណ៍ផ្លូវការខាងលើរបស់ចិនថា មិនបានបញ្ចេញឈ្មោះជាក់លាក់ចំពោះក្រុម ហាម៉ាសក្នុងការថ្កោលទោសចំពោះអំពើហឹង្សារបស់ពួកគេ៕  
 
 

Tag:
 មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com