ជាតិ
ក្តីស្រមៃបើកកន្លែងព្យាបាលសត្វបាត់បង់ ក្រោយលោក ចាន់ ឧត្តម ស្លាប់នៅអ៊ីស្រាអែល
16, Oct 2023 , 10:44 pm        
រូបភាព
កម្រងផ្កា និងរូបថតរបស់លោក ចាន់ ឧត្តម និស្សិតផ្នែកវេជ្ជសាស្រ្តសត្វនៃសកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានទទួលមរណភាពនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅអ៊ីស្រាអ៊ែល នៅក្នុងពិធីបុណ្យសព នៅខេត្តកណ្តាល ។ ស៊ឹម ចាន់សំណាង វីអូអេ
កម្រងផ្កា និងរូបថតរបស់លោក ចាន់ ឧត្តម និស្សិតផ្នែកវេជ្ជសាស្រ្តសត្វនៃសកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានទទួលមរណភាពនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅអ៊ីស្រាអ៊ែល នៅក្នុងពិធីបុណ្យសព នៅខេត្តកណ្តាល ។ ស៊ឹម ចាន់សំណាង វីអូអេ
ដោយ: VOA
មុនពេលបាត់បង់ជីវិត និស្សិតឆ្នាំទី ៣ ដែលទើបទៅហាត់ការនៅប្រទេសអ៊ីស្រាអែលផ្នែកពេទ្យសត្វ លោក ចាន់ ឧត្តម បានថតវីដេអូខ្លីអំពីការបាញ់គ្រាប់ផ្លោងរបស់ក្រុមហាម៉ាស់ចូលទឹកដីអ៊ីស្រាអែល ដែលបានរំលងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដែលលោកកំពុងហាត់ការ ដើម្បីឱ្យក្រុមគ្រួសារដឹង និងកុំឱ្យព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោក។



ប៉ុន្តែជាអកុសល ក្រោយពីលោក ឧត្តម ប្រាប់ក្រុមគ្រួសារនៅពេលព្រឹករួច ស្រាប់តែយប់ឡើង នាថ្ងៃទី៦ ខែតុលា ឪពុកម្តាយរបស់លោកបានទទួលដំណឹងអំពីការស្លាប់របស់ឧត្តមទៅវិញ តាមរយៈបណ្តាញសង្គម អ្នកស្គាល់គ្នា និងតាមរយៈការហៅទូរសព្ទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
 
កំពុងធ្វើពិធីបុណ្យសពកូនប្រុសពៅ ដែលជាកូនទី ៣ នៅក្នុងគ្រួសារ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល អ្នកស្រី ណង ណារ៉ុន មានទឹកមុខក្រៀមក្រំ និងរលីងរលោងទឹកភ្នែក នៅពេលនិយាយជាមួយអ្នកសារព័ត៌មានវីអូអេ។ អ្នកស្រីបង្ហាញអារម្មណ៍តក់ស្លុក នៅពេលដែលទទួលបានដំណឹងដ៏រន្ធត់មួយនេះ។
 
អ្នកស្រីប្រាប់វីអូអេថា៖ «ទៅដល់អ៊ីចឹង ចេះតែឧស្សាហ៍ខលមកផ្ទះដែរពេលសម្រាកពីការងារ ថតឱ្យមើលកន្លែងកសិដ្ឋានចិញ្ចឹមគោទឹកដោះហ្នឹង ហើយពេលទំនេរក៏សួរសុខទុក្ខ។ ដល់ប្រហែលជាម៉ោង ៨ ខ្ញុំឃើញវា[ឧត្តម] នៅលេងហ្វេសប៊ុកហ្នឹង។ ហើយដែលអាចស្លាប់ហ្នឹងចូលម៉ោង ៩ [យប់]»។
 
បើតាមការរៀបរាប់របស់ម្តាយ លោក ឧត្តម មានអាយុ ២៤ ឆ្នាំ ទើបចាកចេញទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបានប្រមាណពីរសបា្តហ៍តែប៉ុណ្ណោះ។ អ្នកស្រីរៀបរាប់បន្តទៀតថា នាយប់ថ្ងៃទី ៦ ខែតុលា កូនប្រុសរបស់អ្នកស្រីនៅតែបន្តទាក់ទងមកក្រុមគ្រួសារជាធម្មតា ដោយផ្តល់ដំណឹងអំពីការវាយប្រហារនៅអ៊ីស្រាអែល តាមរយៈ Facebook Messenger ដើម្បីប្រាប់គ្រួសារកុំឱ្យបារម្ភ។
 
បើតាមម្តាយ ឧត្តមជាមនុស្សស្លូតបូត ចូលចិត្តរៀនសូត្រ ស្រឡាញ់សត្វតាំងពីក្មេងនិងចូលចិត្តព្យាបាលសត្វឱ្យតែឃើញសត្វឈឺ មិនថាសត្វទាំងនោះរស់នៅដោយគ្មានម្ចាស់មើលថែក្តី។ អ្នកស្រីរំឭកថា ពេលដែលឧត្តមមកលេងផ្ទះម្តាយនៅស្រុកកោះធំម្តងៗ គឺកូនប្រុសពៅរបស់អ្នកស្រី តែងតែសប្បាយចិត្ត និងរំភើបរីករាយជាមួយសត្វឆ្មា ឆ្កែ និងមាន់ ដែលឪពុកម្តាយចិញ្ចឹម។
លោក ចាន់ ឧត្តម ជានិស្សិតឆ្នាំទី ៣ រៀនមុខជំនាញវេជ្ជសាស្ត្រសត្វនៅសាកលវិទ្យាល័យភូមន្ទិកសិកម្ម។ លោកមានបងប្អូន ៣ នាក់ នៅក្នុងគ្រួសារមួយដែលមានជីវភាពមធ្យម ដែលមានទីលំនៅក្នុងភូមិកំពង់ស្វាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ការសិក្សានានារបស់ឧត្តម ទាំងនៅវិទ្យាល័យ មហាវិទ្យាល័យ និងនៅសាលាភាសាអង់គ្លេស ACE ត្រូវបានបងប្រុស បងស្រី និងឪពុកធម៌ម្នាក់ ដែលជាជនជាតិអូស្ត្រាលី ជាអ្នកជួយទំនុកបម្រុង។

ក្រុមគ្រួសាររបស់និស្សិត ចាន់ ឧត្តម។ ខាងឆ្វេងគឺឪពុកម្តាយរបស់លោក ហើយខាងស្តាំគឺបងប្រុសស្រីនៅក្នុងពិធីបុណ្យសព ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា។ រូបថត ស៊ឹម ចាន់សំណាង វីអូអេ
 
អំឡុងពេលសិក្សាផ្នែកវេជ្ជសាស្ត្រសត្វ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ចាន់ ឧត្តម បានរស់នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាមួយមិត្តភក្តិរបស់លោក។ កាលពីរៀនឆ្នាំទី ២ ឧត្តមបានរៀនបណ្តើរ និងហាត់ការបណ្តើរនៅកន្លែងព្យាបាលសត្វឯកជនមួយក្នុងរាជធានីភ្នំពេញ។
 
ឧត្តម គឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិត ២២០ នាក់នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលត្រូវបានការិយាល័យផែនការ និងសហប្រតិបត្តិការអន្តរជាតិប្រចាំសាកលវិទ្យាល័យ ឬហៅកាត់ថា PICO ជ្រើសរើសឱ្យទៅហាត់ការរយៈពេល ១១ ខែ នៅប្រទេសអ៊ីស្រាអែល សម្រាប់ឆ្នាំ ២០២៣-២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលបានឱ្យដឹងថាបច្ចុប្បន្ន និស្សិតកម្ពុជាប្រមាណ ៤៥០ នាក់ កំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល។ PICO តែងតែបញ្ជូននិស្សិតកសិកម្ម ទៅហាត់ការនៅប្រទេសអ៊ីស្រាអែលជារៀងរាល់ឆ្នាំ។
 
ងាកមកគោលបំណងរបស់ឧត្តមវិញ គឺឧត្តមចង់បើកពេទ្យសត្វ ដើម្បីកន្លែងព្យាបាលសត្វ ជាពិសេសសត្វឆ្កែ សត្វឆ្មាដែលអនាថា។ នេះបើតាមបងស្រីទី ១ របស់ឧត្តម ដែលឧត្តមតែងតែស្នាក់នៅជាមួយ។
 
បងស្រីទី ១ របស់ឧត្តម អ្នកស្រី ចាន់ កញ្ញា អាយុ៣៨ឆ្នាំ រៀបរាប់ថា៖ «គោលបំណងគាត់ គាត់ថា គាត់មកពីអ៊ីស្រាអែលវិញ គាត់ចប់ការសិក្សាហ្នឹង គឺគាត់ចង់បើកពេទ្យសត្វ មានលក់ចំណី[សត្វ] មានអីអ៊ីចឹង។ ហើយគាត់ក៏ទាក់ទងធ្វើការ ដូចថាចុះស្ម័គ្រចិត្ត ដូចថាឥឡូវយើងមានពេលវេលាយើងធ្វើការរបស់យើង ហើយយើងនឹងបង្រៀននូវការមើលថែសត្វ និងចុះចាក់វ៉ាក់សាំង ដូចថាសត្វណាដែលអនាថា អត់មាននេះ[ម្ចាស់] យើងចុះទៅមើល វាឈឺអី យើងចុះទៅមើលអីចឹងទៅ។ អាហ្នឹងដូចថាគេបើក[រកស៊ី] ក៏គេបើក គេជួយក៏គេជួយ អាហ្នឹងគាត់ចង់ធ្វើអ៊ីចឹងណាស់។ គាត់ថា គាត់ធ្វើអ៊ីចឹងជួយដល់ឆ្កែ ដល់ឆ្មាអីខ្លះ ក៏គេអត់មានម្ចាស់ ខ្លះអីក៏នៅវត្តអ៊ីចឹង»។
 
ជាមួយគ្នានេះ ឪពុកធម៌របស់ឧត្តម ដែលជាជនជាតិអូស្រាលី លោក Evan Penn បានបង្ហោះសារ និងរូបថតមួយដែលថតជាមួយឧត្តម នៅលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី ៨ ខែតុលា ដោយរៀបរាប់អំពីការជួយទំនុកបម្រុងឧត្តមយ៉ាងដូច្នេះថា៖ «យើងបានជួយឧបត្ថម្ភ និងផ្គត់ផ្គង់ការសិក្សារបស់និស្សិត ចាន់ ឧត្តម អស់រយៈពេលប្រមាណ ៨ ឆ្នាំ ដោយឧត្តមតែងតែទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការសិក្សារបស់គេ។ ក្រោយមក ការបញ្ជូនឧត្តមឱ្យទៅសិក្សានៅអ៊ីស្រាអែល គឺដើម្បីឱ្យឧត្តមបានទទួលឱកាសសិក្សាផ្នែកវេជ្ជសាស្ត្រសត្វ ហើយយកចំណេះដឹងនោះមកជួយដល់កម្ពុជាដែលជាក្តីស្រមៃដ៏ធំមួយរបស់ឧត្តម»។
 
ងាកមកអ្នកស្រី ណង ណារ៉ុន អាយុ៦២ឆ្នាំ ដែលជាម្តាយរបស់ឧត្តមវិញ អ្នកស្រីនៅតែអាឡោះអាល័យកូន និងនៅតែចងចាំអនុស្សាវរីយ៍ល្អៗជាមួយកូនប្រុសពៅ។ អ្នកស្រីអរគុណរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ចំពោះការបាត់បង់ជីវិតរបស់កូនប្រុស ប៉ុន្តែអ្នកស្រីចង់ទទួលបានសពឧត្តម ដើម្បីមកធ្វើបុណ្យតាមប្រពៃណី និងទំនៀមទម្លាប់នៅប្រទេសកម្ពុជា។
អ្នកស្រីរៀបរាប់ថា៖ «គាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត] ជួយរំលែកទុក្ខផង។ ឧត្តមហ្នឹងដឹងតែស្លាប់ហើយ ក៏យើងធ្វើរោង ធ្វើអីចាំចេះតាមដំណើរអ៊ីចឹងទៅ»៕
 
រាយការណ៍ដោយ ស៊ឹម ចាន់សំណាង និងលាស់ លីបលីប/VOA Khmer
 

© រក្សាសិទ្ធិដោយ thmeythmey.com