អន្តរជាតិ
របាយការណ៍៖ ការកើនឡើងមេរោគអ៊ីនធឺណិតជាភាសាចិនអាចប្រជែងលើសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាភាសារុស្ស៊ី
16, Oct 2023 , 5:59 pm        
រូបភាព
បុរសម្នាក់វាកំពុងចុចកុំព្យូទ័រ ខណៈដែលកូដអ៊ីនធឺណិតត្រូវបានគេបញ្ចាំងលើលោក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧
បុរសម្នាក់វាកំពុងចុចកុំព្យូទ័រ ខណៈដែលកូដអ៊ីនធឺណិតត្រូវបានគេបញ្ចាំងលើលោក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧
ដោយ: VOA
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីនិងអឺរ៉ុបខាងកើតបានគ្របដណ្ដប់លើពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែពួកគេប្រហែលជានឹងប្រឈមនឹងឧបសគ្គពីប្រទេសចិនដែលជាគូប្រជែងថ្មី។


អ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Proofpoint បាននិយាយថា ពួកគេបានឃើញមានការកើនឡើងនៅក្នុងការរីកសាយភាយនៃមេរោគអ៊ីនធឺណិតជាភាសាចិនតាមរយៈយុទ្ធនាការតាមអ៊ីមែលតាំងពីដើមឆ្នាំ ២០២៣ មក។ នេះគឺជាសញ្ញាបង្ហាញថាមានការកើនឡើងនៅក្នុងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាភាសាចិន និងជាទំនោរថ្មីមួយនៅក្នុងទិដ្ឋភាពគំរាមកំហែងជាសាកល។
 
អ្នកស្រី Selena Larson អ្នកវិភាគជាន់ខ្ពស់ផ្នែកស៊ើបការណ៍សម្ងាត់ខាងការគំរាមកំហែងនៅក្រុមហ៊ុន Proofpoint និងជាអ្នកនិពន្ធមួយរូបនៃរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុននេះអំពីមេរោគអ៊ីនធឺណិតជាភាសាចិន បាននិយាយថា ការកើនឡើងនេះអាចបណ្ដាលមកពីកត្តាជាច្រើន។
 
អ្នកស្រី Larson បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយថា៖ «[មេរោគអ៊ីនធឺណិតនេះ] អាចមានចំនួនកើនឡើង ហើយមេរោគនេះមួយចំនួនអាចមានលទ្ធភាពចូលលុកលុយក្នុងអ៊ីនធឺណិតដោយងាយស្រួល។ ជាងនេះទៀត គេអាចឃើញមានសកម្មភាពកើនឡើងពីតួអង្គគំរាមកំហែងបែបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលនិយាយភាសាចិនជាទូទៅ»។
 
នៅពេលដែលតួអង្គនិយាយភាសារុស្ស៊ីនៅបន្តគ្របដណ្ដប់លើបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត របាយការណ៍របស់ក្រុមហ៊ុន Proofpoint បានបញ្ជាក់ថា ការកើនឡើងនាពេលថ្មីៗនេះនូវមេរោគអ៊ីនធឺណិតជាភាសាចិន «ប្រហែលជាអាចប្រជែងយកការគ្របដណ្ដប់លើឆាកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលនិយាយភាសារុស្ស៊ីនិងកំពុងមាននៅលើសមរភូមិផ្នែកគំរាមកំហែង»។
 
ក្រុមចោរព័ត៌មានវិទ្យាដែលស្ថិតនៅពីក្រោយយុទ្ធនាការជាភាសាចិននេះបានប្រើប្រភេទកម្មវិធីមេរោគបំផ្លាញតាមអ៊ីនធឺណិតដែលគេស្គាល់ថា Remote Access Trojan ឬក៏ RAT។ មេរោគអ៊ីនធឺណិតនេះត្រូវបានគេបញ្ជូនតាមអ៊ីមែល និងអនុញ្ញាតឱ្យឧក្រិដ្ឋជនតាមអ៊ីនធឺណិតមានលទ្ធភាពអាចចូលទៅក្នុងកុំព្យូទ័របានពីទីតាំងផ្សេងនិងលួចទិន្នន័យឬក៏ធ្វើសកម្មភាពបំផ្លាញផ្សេងៗទៀត។
 
មេរោគអ៊ីនធឺណិតជាភាសាចិននេះ ដែលផ្ទុកនៅក្នុងវិក្កយបត្រក្លែងក្លាយបញ្ជូនទៅកាន់អាជីវកម្មនិងគោលដៅផ្សេងទៀតដែលមិនដឹងរឿង គឺមានការពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាភាសាចិនដែលគេសង្ស័យ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Proofpoint៕
 

© រក្សាសិទ្ធិដោយ thmeythmey.com