កីឡាជាតិ
ជាតិ
លោក Felix ទទួលស្គាល់ថា ម្ចាស់ផ្ទះប៉ាគីស្ថានមានប្រៀប ប៉ុន្តែកម្ពុជាត្រៀមខ្លួនប្រយុទ្ធដើម្បីជ័យជម្នះ
17, Oct 2023 , 9:36 am        
រូបភាព
ក្រុម​ជម្រើសជាតិកម្ពុជា​ហ្វឹកហាត់ចុងក្រោយមុនជំនួបជាមួយម្ចាស់ផ្ទះប៉ាគីស្ថាន។ បើតាម FFC កម្ពុជាត្រូវហ្វឹកហាត់នៅក្នុងទីលានហ្វុតសាល ដោយសារ​បញ្ហាអាកាសធាតុ និងដើម្បីកុំឲ្យខូចទ្រង់ទ្រាយទីលាន​ដែលត្រូវប្រកួត។
ក្រុម​ជម្រើសជាតិកម្ពុជា​ហ្វឹកហាត់ចុងក្រោយមុនជំនួបជាមួយម្ចាស់ផ្ទះប៉ាគីស្ថាន។ បើតាម FFC កម្ពុជាត្រូវហ្វឹកហាត់នៅក្នុងទីលានហ្វុតសាល ដោយសារ​បញ្ហាអាកាសធាតុ និងដើម្បីកុំឲ្យខូចទ្រង់ទ្រាយទីលាន​ដែលត្រូវប្រកួត។
លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា មើលឃើញថា ប៉ាគីស្ថានជាក្រុមដែលរៀបចំបានយ៉ាងល្អ តាមរយៈការនាំយកកីឡាករពីអឺរ៉ុបដើម្បីលេងតំណាង ហើយសម្រាប់ជំនួបជើងទីពីរនៃវគ្គជម្រុះបឋម FIFA World Cup 2026 នារសៀលថ្ងៃអង្គារនេះ ពួកគេមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ។



«ពួកគេមានភាគរយជាងយើងព្រោះនេះជាការប្រកួតលើទឹកដីរបស់ ប៉ុន្តែយើងក៏ត្រៀមខ្លួនហើយដូចគ្នា ក្នុងការប្រយុទ្ធ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា»។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បានថ្លែងយ៉ាងដូច្នេះនាសន្និសីទសារព័ត៌មានមុនការប្រកួត លើកីឡដ្ឋាន Jinnah Sports ក្រុង Karachi។

សម្រាប់ជំនួបដែលប្រព្រឹត្តទៅវេលាម៉ោង៤រសៀល (ម៉ោងនៅកម្ពុជា) កម្ពុជា និងប៉ាគីស្ថាន ត្រូវការជ័យជម្នះជាដាច់ខាតរៀងៗខ្លួន បន្ទាប់ពីបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទី នាជើងទីមួយលើទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១២ ខែតុលា។

ខ្សែបម្រើដើមកំណើតជប៉ុន Yudai Ogawa បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតជើងទីមួយ ហើយបានលេងពេញតង់ក្នុងនាមជាកីឡាករបាល់ទាត់បរទេសដំបូងបំផុត ដែលទទួលបានសញ្ជាតូបនីយកម្ម ខណៈការចុះបញ្ជីរបស់កីឡាករដើមកំណើតកាមេរូន Privat Mbarga មិនទាន់មានការទទួលស្គាល់ជាផ្លូវការឡើយ។

ក្រុមដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះ នឹងឈានបន្តទៅវគ្គជម្រុះជុំទីពីរ ដោយស្ថិតក្នុងពូល G ជាមួយអារ៉ាប៊ីសាអូឌីត ហ្សកដានី និងតាហ្ស៊ីគីស្ថាន៕


© រក្សាសិទ្ធិដោយ thmeythmey.com