កីឡាអន្តរជាតិ
អន្តរជាតិ
ជាពីរបួសភ្លាម Messi ស៊ុត២គ្រាប់ ជួយអាហ្សង់ទីន ឈ្នះប៉េរូ វគ្គជម្រុះ World Cup
18, Oct 2023 , 4:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញថារូបគេបានជាសះស្បើយពេញលេញ ពីបញ្ហារបួសសាច់ដុំ ដោយបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ នៅក្នុងជ័យជម្នះរបស់អាហ្សង់ទីន លើក្រុមប៉េរូ លទ្ធផល ២-០ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) នាថ្ងៃទី១៨ ខែតុលា។



Messi ត្រូវបានកោះហៅដោយក្រុមជម្រើសជាតិអាហ្សង់ទីន បើទោះជារងរបួសសាច់ដុំក៏ដោយ កាលពីប៉ុន្មានសប្តាហ៍មុន។ កាលពីថ្ងៃទី១២ ខែតុលា ប្រធានក្រុមរូបនេះ បានប្តូរចូលលេងសម្រាប់ក្រុមអាហ្សង់ទីន នៅក្នុងវគ្គទីពីរ នៃជ័យជម្នះ ១-០ របស់អាហ្សង់ទីនទៅលើក្រុមប៉ារ៉ាហ្កាយ ខណៈរូបគេមិនទាន់ជាសះស្បើយពីបញ្ហារបួសសាច់ដុំ ពេញលេញកាលនោះ។
 
យ៉ាងណាសម្រាប់ជំនួបទល់នឹងប៉េរូ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ត្រូវបានចូលលេងសម្រាប់ជម្រើស ១១នាក់ដំបូងឱ្យក្រុមជើងឯកពិភពលោកឆ្នាំ ២០២២។ Messi បានជួយក្រុមអាហ្សង់ទីនបើកការនាំមុខមុននៅនាទី៣៧ ដោយការស៊ុតបាល់ដ៏អស្ចារ្យ ដែលជាការបញ្ជូនបាល់ពីមិត្តរួមក្រុម Nicolas Gonzalez ហើយនៅ ១០នាទីបន្ទាប់ Messi ស៊ុតចូលគ្រាប់ទី២ ដោយជាការបញ្ជូនបាល់ពីសំណាក់ខ្សែបម្រើ Enzo Fernandez។
  


នាការប្រកួតនោះ Messi ត្រូវរកបានគ្រាប់បាល់ Hat-trick នៅក្នុងវគ្គទីពីរទៅហើយ ប៉ុន្តែគ្រាប់បាល់ដែលស៊ុតចូលទី៣ នោះត្រូវបានបដិសេធដោយអាជ្ញាកណ្តាល និងប្រព័ន្ធ VAR ដោយជាគ្រាប់បាល់ស្ថិតនៅជំហ Offside។
 
ក្រោយពេលបានជួយក្រុមយកឈ្នះការប្រកួតតារាបាល់ទាត់ក្រុម Inter Miami បានសរសើរដល់មិត្តរួមក្រុមដែលនៅតែរក្សាបាននូវទម្រង់លេងដ៏ល្អរបស់ក្រុម និងរក្សាកម្រិតលេងដ៏ល្អរបស់ក្រុមឱ្យនៅដដែលសម្រាប់ការប្រជែង។
 
«ក្រុមមួយនេះពិតជាអស្ចារ្យខ្លាំងណាស់ រាល់ពេលដែលពួកគេបានលេង ពួកគេជិតក្លាយជាអ្នកលេងល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ បើនិយាយអំពីកម្រិតនៃការប្រកួត ខ្ញុំគិតថាយើងកំពុងរីកចម្រើនបន្ថែមទៀត បន្ទាប់ពីឈ្នះ World Cup យើងគឺពិតជាមានភាពជឿជាក់ ការរួបរួម និងរឹងមាំ យើងសង្ឃឹមថាយើងអាចបន្តភាពរីកចម្រើនខ្លាំងថែមទៀត។»។ Messi បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ចំណែកគ្រូបង្វឹកក្រុមអាហ្សង់ទីនលោក Lionel Scaloni ថាកីឡាករអាហ្សង់ទីនគឺស្ថិតនៅលើផ្លូវមួយដែលមានគោលដៅដូចគ្នានឹង Messi ដែលគ្រោងនឹងចូលនិវត្តន៍មុនការប្រកួតបាល់ទាត់ពិភពលោក ២០២៦។ 
 
លោក Scaloni បាននិយាយដូច្នេះ ៖ «ក្រុមបានយល់ដឹងពី Messi យូណាស់ហើយ រឿងនេះបានផ្តល់ផលដល់រូបគេសម្រាប់ភាពជឿជាក់។ ខ្ញុំសង្ឃឹមថាគេនឹងអាចលេងតាមដែលគេអាចធ្វើទៅបាន ព្រោះគ្រប់គ្នាសប្បាយចិត្តចង់ឃើញរូបគេនៅលើទីលានប្រកួត។»។
 
ក្រុមអាហ្សង់ទីនឆ្លងកាត់ ៤ប្រកួត នៃវគ្គជម្រុះ World Cup 2026 ឈ្នះការប្រកួតជាប់ៗគ្នា ហើយបន្តឈរកំពូលតារាងនៃតំបន់ទ្វីបអាមេរិកខាងត្បូង។ ការប្រកួតបន្ទាប់របស់អាហ្សង់ទីន នឹងត្រូវជួបក្រុមអ៊ុយរូហ្កាយដែលស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៅថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលទៅប៉ះប្រេស៊ីលនៅ ៥ថ្ងៃបន្ទាប់៕
 

Tag:
 Lionel Messi
  World Cup
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com