កីឡាអន្តរជាតិ
អន្តរជាតិ
Kane ស៊ុត២គ្រាប់ជួយអង់គ្លេសវាយបកឈ្នះអ៊ីតាលី ៣-១ កក់កៅអីទៅ Euro 2024
18, Oct 2023 , 5:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Harry Kane ស៊ុតរ ២គ្រាប់ ខណៈមិត្តរួមក្រុម Marcus Rashford ស៊ុត ១គ្រាប់ ជួយអង់គ្លេសវាយបកយកឈ្នះក្រុមការពារជើងឯកអ៊ីតាលី ដោយលទ្ធផល ៣-១ វគ្គជម្រុះពូល C ក្នុងកីឡដ្ឋាន Wembley នៅថ្ងៃទី១៧ ខែតុលា។ ជ័យជម្នះនេះ ជួយតោកំណាច កក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់។



ការប្រកួតនេះ ក្រុមអ៊ីតាលី បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Gianluca Scamacca ស៊ុតបាល់បំប៉ោងសំណាញ់ទីបើកការនាំមុខ តាំងពីនាទី១៥។ ក្រុមតោកំណាចក៏បានតាមវាយបកមកវិញ រហូតដល់យកឈ្នះការប្រកួត ដោយខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅត្រឹមនាទី ៣២ មុនពេល Marcus Rashford អាចរកគ្រាប់ទី២ នៅនាទី៥៧ រួចហើយក៏ Kane អាចរកគ្រាប់បាល់ទី៣ នៅនាទី៧៧។
 
ការប្រកួតរវាងអង់គ្លេស ទល់នឹងអ៊ីតាលី នៅក្នុងកីឡដ្ឋាន Wembley រំលឹកទៅកាន់ការប្រកួតព្រឹត្តិការណ៍ Euro 2020 វគ្គផ្តាច់ព្រ័ត្រ ដោយកាលនោះអង់គ្លេសចាញ់អ៊ីតាលី ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៣-២ ក្រោយការប្រកួតរយៈពេល ១២០នាទីស្មើ ១-១។
 
ក្រោយឈ្នះបានកៅអីឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រនៃ Euro 2024 ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ Kane ដែលជាកីឡាករស៊ុតបាល់ ២គ្រាប់ក្នុងការប្រកួត ថាការប្រកួតជម្រុះមិនងាយស្រួលនោះទេ មុនពេលអាចឡើងទៅកាន់វគ្គបន្តបាន។ 
 
Kane បាននិយាយប្រាប់ទូរទស្សន៍ ​Channel Four ដូច្នេះថា ៖ «ការប្រកួតវគ្គជម្រុះមិនមែនងាយស្រួលនោះទេ ពេលខ្លះយើងរំពឹងខ្ពស់ថាយើងនឹងអាចទៅកាន់ការប្រកួតដ៏ធំ ប៉ុន្តែយើងបានឆ្លងកាត់ការប្រកួតដែលមិនងាយស្រួលជាច្រើន ដូចដែលបានឃើញរួចហើយ។ យើងត្រូវបាននាំមុខ ១-០ ប៉ុន្តែយើងតាំងចិត្ត យើងដឹងថាយើងនឹងអាចយកឈ្នះបាន ហើយយើងអាចធ្វើវាបាន។»។ 
 
អង់គ្លេស ក្លាយជាក្រុមទី៩ ដែលបានឈ្នះកៅអីជុំផ្តាច់ព្រ័ត្រ បន្ទាប់ពី អាល្លឺម៉ង់ (ម្ចាស់ផ្ទះ), បារាំង, អេស្ប៉ាញ, ព័រទុយហ្កាល់, បែលហ្ស៊ិក, អូទ្រីស, ស្កុតឡែន និងតួកគី។ អង់គ្លេស ដែលនៅសល់២ប្រកួតទៀត រកបាន១៦ពិន្ទុ ឈរកំពូលតារាងពូល C តាមពីក្រោយដោយ អ៊ុយក្រែនដែលមាន១៣ពិន្ទុ តែប្រកួត៧លើក ស្របពេលអ៊ីតាលីមាន១០ពិន្ទុ នៅលេខ៣បណ្តោះអាសន្ន ពីការប្រកួត៦លើក។ អ៊ុយក្រែន និងអ៊ីតាលីត្រូវប្រជែងគ្នាយកលេខ២ ខណៈម៉ាសេដ្វាន និងម៉ាលត៍ ហាលអាវទៅហើយ៕
 

Tag:
 Harry Kane
  Euro 2024
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com