កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Mainz 05 ម្នាក់ត្រូវបានព្យួរពីក្រុម ក្រោយបង្ហោះទាក់ទងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស
19, Oct 2023 , 9:29 am        
រូបភាព
ខ្សែប្រយុទ្ធ Anwar El Ghazi ត្រូវបានក្លិប Mainz O5 នៃលីកកំពូលអាល្លឺម៉ង់ Bundesliga ព្យួរពីក្រុមក្រោយរូបគេបានបង្ហោះសារនាថ្ងៃទី១៧ ខែតុលា នៅលើបណ្តាញសង្គម X ទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្លិប Mainz 05 ថាការបង្ហោះនោះគឺជារឿងដែលមិនអាចទទួលយកបាន។



El Ghazi កីឡាករអន្តរជាតិហូឡង់ ដែលបានចាកចេញពី PSV ទៅចូលរួមជាមួយ Mainz O5 កាលពីខែកញ្ញា ត្រូវបានគេឃើញថាបានលុបចោលការបង្ហោះទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសនោះវិញ បន្ទាប់ពីក្រុមបានព្យួររូបគេពីក្រុម។
 
សង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស បានកើតឡើងតាំងពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសបានបើកការវាយប្រហារចូលទឹកដីអ៊ីស្រាអែល តាមរយៈការបាញ់គ្រាប់រ៉ុក្កែតជាង ៥ពាន់គ្រាប់ និងការវាយប្រហារតាមថ្មើជើងទម្លោះរបងព្រំដែន ដោយបានសម្លាប់ប្រជាជនអ៊ីស្រាអែលប្រមាណជាង ១,៤០០នាក់។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារដោយការទម្លាក់គ្រាប់បែកទៅលើតំបន់កាហ្សាស្រ្ទីប ហើយបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ប្រមាណជាង ៣,០០០នាក់ គិតមកដល់ពេលនេះ។
 
«ក្លិប Mainz 05 គោរពថាមានទស្សនវិស័យផ្សេងៗគ្នាទៅលើជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាដ៏ស្មុគស្មាញ ដែលបានបន្តអស់ជាច្រើនទសវត្សន៍។ យ៉ាងណា ក្លិបបានឃ្លាតឆ្ងាយពីខ្លឹមសារនៃការបង្ហោះនេះយ៉ាងច្បាស់ ព្រោះវាមិនឆ្លុះបញ្ចាំងពីតម្លៃក្លិបរបស់យើងឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Mainz 05។
 
El Ghazi អតីតខ្សែប្រយុទ្ធស្លាបក្រុម Aston Villa និង Everton ដែលបានមានដើមកំណើតនៅក្នុងប្រទេសហូឡង់ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម ​X អតីត Twitter កាលពីថ្ងៃទី១២ ខែតុលា ដោយរូបគេបានសរសេរបង្ហោះដូច្នេះថា ៖«ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាខ្ញុំឈរដើម្បីសន្តិភាពលើសពីអ្វីៗទាំងអស់។ អ្នកគ្រប់គ្នាគួរស្វែងយល់បន្ថែមទៀត ដើម្បីធ្វើឱ្យចំណេះដឹងរបស់យើងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃជម្លោះដ៏រាំរៃមួយនេះ។»។ 
 
ការបង្ហោះរបស់ខ្សែប្រយុទ្ធរូបនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ រហូតដល់ក្លិបបានឆ្លើយតបចំពោះរឿងទាំងនេះ៕
 

Tag:
 Bundesliga
  Mainz 05
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com