កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នឹងអវត្តមានយូរ ដោយត្រូវវះកាត់ របួសដាច់សរសៃ ACL និង ជង្គង់
19, Oct 2023 , 11:49 am        
រូបភាព
ខ្សែប្រយុទ្ធ Neymar Jr នឹងត្រូវខកខានបង្ហាញខ្លួនសម្រាប់ក្លិបក៏ដូចជាក្រុមជម្រើសជាតិប្រេស៊ីល រយៈពេលវែង បន្ទាប់ត្រូវទទួលការវះកាត់រងរបួសរសៃជង្គង់t (ACL) និងបញ្ហាឆ្អឹងជង្គង់។ ខ្សែប្រយុទ្ធ Al Hilal រងរបួសក្នុងការប្រកួតដែលប្រេស៊ីល ចាញ់អ៊ុយរូហ្កាយ ២-០ នៃវគ្គជម្រុះ World Cup 2026 តំបន់អាម៉េរិកខាងត្បូងនៅព្រឹកថ្ងៃទី១៨ ខែតុលា។



Neymar វ័យ ៣១ឆ្នាំ ត្រូវបានរងរបួសអំឡុងពេលប្រជែងបាល់ជាមួយនឹងកីឡាករក្រុមអ៊ុយរូហ្កាយ Nicolas de la Cruz នៅក្នុងនាទី៤៤ នៃការប្រកួតដែលប្រេស៊ីលរងបរាជ័យដោយលទ្ធផល ២-០ ក្រោមថ្វីជើងក្រុមអ៊ុយរូហ្កាយ។ តារាបាល់ទាត់ប្រេស៊ីល ពេលប៉ះទង្គិចភ្លាមៗរូបគេបានយកដៃកាន់ក្រសោបជើងឆ្វេងដែលគេបានរងការឈឺចាប់ ហើយបានទាមទារឱ្យក្រុមគ្រូពេទ្យរបស់ក្រុមមកសង្គ្រោះបន្ទាន់លើគេ ខណៈដែលមិត្តរួមក្រុមបានសម្លឹងមើលគេដោយក្តីសោកស្តាយ។
 
អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain ដែលបានចូលរួមជាមួយនឹងក្រុមនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្លិប Al Hilal កាលពីខែសីហា បានចាកចេញពីទីលានលាយឡំដោយទឹកភ្នែក និងការឈឺចាប់ត្រង់ជង្គង់ បន្ទាប់ពីទទួលបានការព្យាបាលបន្ទាន់រយៈពេលជិត ១០នាទីនៅលើទីលានរួចមក។ Neymar ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយនិងស្កេនមើលបញ្ជាក់ពីរបួស។
 
«ខ្សែប្រយុទ្ធនឹងទទួលការវះកាត់ ខណៈថ្ងៃមិនទាន់កំណត់ច្បាស់លាស់ដើម្បីព្យាបាលបញ្ហារបួសនេះ។ នាយកដ្ឋានវេជ្ជសាស្ត្រនៃក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប Al Hilal កំពុងតែទាក់ទងគ្នាឥតឈប់ឈរ ជុំវិញការសង្គ្រោះកីឡាកររបស់ពួកគេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF។
 
អាជីពរបស់ Neymar ត្រូវបានញាំញ៊ីទៅដោយបញ្ហារបួស ដោយរូបគេធ្លាប់បានចំណាយពេលវេលាវែងជាង ៦ខែ នៅក្រៅក្រុម អំឡុងពេលគេស្ថិតនៅក្លិប PSG ព្រោះតែរបួសជើងស្តាំ។
កាលពីឆ្នាំ ២០១៤ នៅក្នុង World Cup រូបគេបានរងរបួសត្រង់ចង្កេះ បន្ទាប់ពីត្រូវបានកីឡាករកូឡំប៊ីបានលោតមកប៉ះពីក្រោយ ហើយបានរុញច្រានរូបគេឱ្យខកខានការប្រកួតដែលប្រេស៊ីលចាញ់ក្រុមអាល្លឺម៉ង់ ៧-១។
 
ការប្រកួត World Cup 2018 ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានរងរបួសសារជាថ្មី ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្តីស្រម៉ៃក្នុងការប្រជែងឈ្នះ World Cup របស់គេ។ ក្រោយពេលនោះមកនៅដើមរដូវកាលថ្មី ២០១៨-១៩ Neymar ក៏បានវិលមកការប្រកួតបានត្រឹមរយៈពេលខ្លី ប៉ុន្តែរូបគេក៏បានរងរបួសត្រង់កជើងស្តាំសារជាថ្មី និងបានប៉ះពាល់ដល់ការលេងសម្រាប់ក្រុម PSG។
 
ជាមួយគ្នាដដែលនេះ នៅរដូវកាល ២០១៩ និងឆ្នាំ ២០២១ Neymar បានរងរបួសជារឿយៗ មុនពេលរូបគេបានបង្ហាញខ្លួនពេញលេញនៅក្នុងប្រទេសកាតានៃព្រឹត្តិការណ៍ World Cup 2022។ ក្រោយពីការប្រកួត World Cup រួច Neymar នៅតែជៀសមិនផុតពីបញ្ហារបួសជើងស្តាំ ហើយបានខកខានបង្ហាញខ្លួនលេងសម្រាប់ PSG រយៈពេល ៥ខែ រហូតដល់ចាកចេញពីក្រុម PSG ទៅចូលរួមជាមួយនឹងក្រុម Al Hilal ដែលមានកិច្ចសន្យារយៈពេល ២ឆ្នាំ៕
 

Tag:
 Neymar Jr
  ប្រេស៊ីល
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com