កីឡាអន្តរជាតិ
អន្តរជាតិ
ភ្នាល់ខុសច្បាប់៖ Tonali កីឡាករ Newcastle ស្ថិតក្រោមការស៊ើបអង្កេត ឯ Fagioli របស់ Juventus ជាប់បម្រាម៧ខែ
19, Oct 2023 , 3:23 pm        
រូបភាព
Sandro Tonali ខ្សែបម្រើចំណូលថ្មីរបស់ក្លិប Newcastle United ស្ថិតក្រោមការស៊ើប​អង្កេត​ជុំវិញការភ្នាល់ខុសច្បាប់។ នេះបើតាមក្លិបស្ថិតនៅ Premier League បានបញ្ជាក់នាថ្ងៃទី១៨ ខែតុលា។ កីឡាករអ៊ីតាលីម្នាក់ទៀត Nicolo Fagioli របស់ក្រុម Juventus ត្រូវបានរងបម្រាមមិនពាក់ព័ន្ធសកម្មភាពបាល់ទាត់រយៈពេល ៧ខែ ក្នុងករណីភ្នាល់នេះ។



ខ្សែបម្រើអន្តរជាតិអ៊ីតាលី Tonali បានចូលរួមជាមួយនឹងក្រុម Newcastle កាលពីដើមរដូវកាល ដោយផ្ទេរមកពីក្រុម AC Milan ក្នុងតម្លៃខ្លួនប្រមាណ ៧៤លានដុល្លារ ដែលជាកំណត់ត្រាសម្រាប់កីឡាករសញ្ជាតិអ៊ីតាលីនៅក្លិបសារិការព្រៃ។ អាជ្ញាធរផ្នែកច្បាប់ និងកីឡាកំពុង​ស៊ើប​អង្កេត​ការប្រើប្រាស់វេទិកាភ្នាល់ខុសច្បាប់របស់កីឡាករបាល់ទាត់នៅក្នុងប្រទេសអ៊ីតាលី។
 
«Newcastle United អាចបញ្ជាក់បានថា Sandro Tonali កំពុងស្ថិតក្រោមការស៊ើប​អង្កេត​ដោយរដ្ឋអាជ្ញានៃប្រទេសអ៊ីតាលី ហើយនិងសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ចំពោះការភ្នាល់ខុសច្បាប់។ Tonali កំពុងចូលរួមយ៉ាងពេញលេញជាមួយនឹងការស៊ើប​អង្កេត​ហើយនឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់។ គេនឹងក្រុមគ្រួសារនឹងបន្តទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្លិប។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Newcastle United។
 
កីឡាករ Nicolo Fagioli របស់ក្រុម Juventus និងក្រុមជម្រើសជាតិអ៊ីតាលី ត្រូវបានរងការហាមឃាត់រយៈពេល ៧ខែពីសកម្មភាពបាល់ទាត់ និងពិន័យជាប្រាក់ប្រមាណជាង ១ម៉ឺនដុល្លារ ពីសំណាក់ស្ថាប័ន FIGC បន្ទាប់ពីរូបគេបានបំពានច្បាប់លើការភ្នាល់ក្នុងការប្រកួត។
 
កាលពីថ្ងៃទី១៧ ខែតុលា កីឡាករ Fagioli ក៏ត្រូវបានស្ថិតក្រោមការស៊ើប​អង្កេត​ពីសំណាក់រដ្ឋអាជ្ញានៅក្នុងទីក្រុងទួរីន ប្រទេសអ៊ីតាលីផងដែរ ជុំវិញការជាប់ទាក់ទងនឹងការភ្នាក់ខុសច្បាប់នៅលើគេហទំព័រភ្នាល់ល្បែងខុសច្បាប់កីឡា៕

Tag:
 Newcastle United
  Sandro Tonalo
© រក្សាសិទ្ធិដោយ thmeythmey.com