កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Hermoso ជាប់ឈ្មោះក្នុងក្រុមអេស្ប៉ាញជាថ្មី ចាប់តាំងពីមានរឿងអាស្រូវថើបមាត់
20, Oct 2023 , 8:29 am        
រូបភាព
កីឡាការិនី Jenni Hermoso ត្រូវបានបញ្ចូលឈ្មោះនៅក្នុងក្រុមកីឡាបាល់ទាត់នារីអេស្ប៉ាញជាថ្មី ក្រោមការដឹកនាំរបស់អ្នកស្រី ​Montse Tome ចាប់តាំងពីក្រុមនារីមួយនេះបានឈ្នះពានរង្វាន់ជើងឯកពិភពលោក Women’s World Cup កាលពីខែកញ្ញា។



ការវិលត្រឡប់នេះ គឺក្រោយពេលដែលមានរឿងរ៉ាវអាស្រូវនៃការថើបលើរូបនាងត្រង់បបូរមាត់ ពីសំណាក់អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales។
 
លោក Rubiales បានប្រកាសលាលែងពីតំណែងកាលពីខែមុន បន្ទាប់ពីរឿងអាស្រូវការថើបលើកីឡាការិនី Hermoso ដោយមិនបានស្នើសុំ ហើយបានបង្កឱ្យមានការខឹងសម្បារ ក្នុងចំណោមកីឡាការិនីក្រុមអេស្ប៉ាញទាំងអស់ រួមមានរដ្ឋមន្ត្រីរដ្ឋាភិបាល និងមនុស្សជាច្រើននៅក្នុងសង្គមអេស្ប៉ាញ ព្រមទាំងពិភពលោក។ លោក Rubiales ត្រូវបានចោទប្រកាន់ពីអំពើការរំលោភបំពានផ្លូវភេទក្នុងកីឡា។
 
កាលពីខែកញ្ញា កីឡាការិនីវ័យ ៣៣ឆ្នាំ​បានចាកចេញពីក្រុមនារីអេស្ប៉ាញ ដោយមិនបានបង្ហាញខ្លួនប្រកួតទល់នឹងក្រុមស្វ៊ីស និងស៊ុយអែត។ អ្នកស្រី Tome ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបាននិយាយថា ការសម្រេចចិត្តមិនដាក់ឈ្មោះកីឡាការិនី Hermoso គឺដើម្បីការពាររូបនាង។
 
យ៉ាងណាកាលពីខែមុន Hermoso បានអះអាងថាការដកខ្លួនចេញពីក្រុម គឺបង្ហាញពីការទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងសហព័ន្ធ RFEE ដែលរួមមានលោក Rubiales ព្រមទាំងមន្ត្រីក្នុងសហព័ន្ធប្រមាណជិត ៥នាក់ទៀត។ ក្រោយលោក Rubiales ចាកចេញពីតំណែង ប៉ុន្តែបុរសសញ្ជាតិអេស្ប៉ាញរូបនេះក៏បានត្រូវបានស៊ើប​អង្កេត​ដោយតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ ដោយរងការចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងបង្ខិតបង្ខំ។
 
បន្ទាប់ពីក្រុមកីឡាការិនីម្ចាស់ឯកអេស្ប៉ាញបានប្រកាសដកខ្លួនចេញក្រោយឈ្នះពានរង្វាន់ World Cup គណៈកម្មាធិកាក្បាលម៉ាស៊ីននៃ RFEF បានសម្រេចចិត្តបញ្ចប់តំណែងលោក Rubiales ព្រមទាំងសមាជិកសហព័ន្ធប៉ុន្មានរូបចេញ ដើម្បីជាផ្នែកសម្រាប់ព្រមព្រៀងជាមួយនឹងក្រុមកីឡាករឱ្យវិលចូលរួមការប្រកួតឡើងវិញ។ 
 
ក្រុមនារីអេស្ប៉ាញនឹងបង្ហាញវត្តមានក្នុងការប្រកួតពានរង្វាន់ UEFA Nations League នៅថ្ងៃទី២៧ ដោយជួបក្រុមអ៊ីតាលី និងស្វ៊ីសនៅថ្ងៃទី១ ខែវិច្ឆិកា។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះរបស់ក្រុមកីឡាការិនីម្ចាស់ជើងឯក World Cup អេស្ប៉ាញ ៖
អ្នកចាំទី ៖ Misa Rodriguez, Cata Coll, Enith Salon
 
ខ្សែការពារ ៖  Ona Batlle, Oihane Hernandez, Irene Paredes, Ivana Andres, Laia Aleixandri, Maria Mendez, Olga Carmona
ខ្សែបម្រើ ៖ Tere Abelleira, Maite Oroz, Aitana Bonmati, Alexia Putellas, Anna Torroda
ខ្សែប្រយុទ្ធ​ ៖​ Salma Paralluelo, Jenni Hermoso, Mariona Caldentey, Inma Gabarro, Amaiur Sarriegi, Athenea Del Castillo, Ester Gonzalez, Lucia Garcia៕
 

Tag:
 Jenni Hermoso
  World Cup
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com