អន្តរជាតិ
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ អរគុណ​កូរ៉េ​ខាង​ជើង​ដែល​គាំទ្រ​សង្គ្រាម​នៅ​អ៊ុយក្រែន
19, Oct 2023 , 9:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បង្ហាញការអរគុណដល់កូរ៉េខាងជើងសម្រាប់ការគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។  ប្រមុខការទូតរុស្ស៊ីបានសន្យាថា ទីក្រុងមូស្គូនឹងបង្ហាញការគាំទ្រពេញលេញចំពោះកូរ៉េខាងជើងវិញដែរ។

 
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៨ ខែតុលា ក្នុងដំណើរដែលត្រូវបានមើលឃើញថា​ អាចជាការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកូរ៉េខាងជើង។ 
 
នៅរដ្ឋធានីព្យុងយ៉ាង លោក ឡាវរ៉ូវ បញ្ជាក់ថា ទីក្រុងមូស្គូបានឱ្យតម្លៃយ៉ាងជ្រាលជ្រៅដល់ការគាំទ្រជាគោលការណ៍របស់ទីក្រុងព្យុងយ៉ាងសម្រាប់រុស្ស៊ីនៅក្នុងសង្គ្រាម។ 
 
«ដោយហេតុនេះ រុស្ស៊ីនឹងពង្រីកការគាំទ្រ ក៏ដូចជាសាមគ្គីភាពពេញលេញជាមួយនឹងសេចក្តីប្រាថ្នារបស់កូរ៉េខាងជើង»។ លោក ឡាវរ៉ូវ និយាយបែបនេះក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី។ 
 
រដ្ឋមន្ត្រីរូបនេះក៏បានបន្ថែមទៀតថា ដំណើរទស្សនកិច្ចមួយនេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការពិនិត្យឡើងវិញ និងគូសបញ្ជាក់អំពីជំហានជាក់ស្តែងសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងមេដឹកនាំទាំងពីរនាពេលកន្លងមក។
 
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ដែរថា ដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ នឹងត្រូវចាត់ទុកជាឱកាសដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
 
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ឡាវរ៉ូវ ធ្វើឡើងក្រោយទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កាលពីខែកញ្ញាកន្លងទៅ។ ស្របជាមួយគ្នានេះ ទំនាក់ទំនងរវាងរដ្ឋទាំងពីរបានធ្វើឱ្យកូរ៉េខាងត្បូង និងអាម៉េរិកព្រួយបារម្ភ។ សម្ព័ន្ធមិត្តទាំងពីរបានបង្កើនសមយុទ្ធយោធារួមគ្នាជាមួយជប៉ុនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែតុលា៕ 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com