ជាតិ
សេដ្ឋកិច្ច
អាល្លឺម៉ង់ សន្យាផ្តល់ជំនួយ ៦៦លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច
20, Oct 2023 , 11:59 am        
រូបភាព
(ឆ្វេង)​ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃCDC សម្រេចការចរចរាជាមួយ លោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)លើការបន្តអភិវឌ្ឍកម្ពុជា​ និងកញ្ចប់ជំនួយឥតសំណង នៅក្នុងទីក្រុងបោន នៃទឹកដីប្រទេសអាល្លឹម៉ង់។ រូបថត៖ CDC
(ឆ្វេង)​ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃCDC សម្រេចការចរចរាជាមួយ លោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)លើការបន្តអភិវឌ្ឍកម្ពុជា​ និងកញ្ចប់ជំនួយឥតសំណង នៅក្នុងទីក្រុងបោន នៃទឹកដីប្រទេសអាល្លឹម៉ង់។ រូបថត៖ CDC
រដ្ឋាភិបាលអាល្លឺម៉ង់ សន្យាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៣លានអឺរ៉ូ (ប្រមាណ៦៦លានដុល្លារ)ដល់កម្ពុជា ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសឡើងដោយលោក Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) នៅចំពោះមុខលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាអំឡុងបំពេញបេសកកម្មការងារ នៅប្រទេសអាល្លឺម៉ង ពីថ្ងៃទី១៧ដល់១៨តុលា។​

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ជំនួយ៦៦លានដុល្លារដែលអាល្លឺម៉ង់សន្យាឱ្យកម្ពុជានេះ គឺរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស សម្រាប់ឆ្នាំ២០២៣-២០២៤។ ក្រៅពីជំនួយនេះ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ ក៏បានបន្តនូវកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសំខាន់ៗមួយចំនួនទៀត ផងដែរ។ 
 
CDCបានបញ្ជាក់ថា ក្នុងនោះ ភាគីប្រទេសទាំងពីរបន្តអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចប្រកបដោយចីរភាព, វិស័យសុខាភិបាល និងគាំពារសង្គម រួមទាំងវិស័យថាមពល-អាកាសធាតុ និងវិស័យផ្សេងៗទៀត ដែលមានសង្គតិភាពជាមួយនឹងអាទិភាពនៃការអភិវឌ្ឍសង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ របស់ប្រទេសអាល្លឺម៉ង់។ 
លោក ឈៀង យ៉ាណារ៉ា សាទរចំពោះការគាំទ្ររបស់រដ្ឋាភិបាល និងពលរដ្ឋអាល្លឺម៉ង់ ដែលបន្តរួមចំណែកក្នុងកិច្ចការអភិវឌ្ឍកម្ពុជា។ 
 
យោងស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញថា ពីខែមករា ដល់​ ខែកញ្ញា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា​ និងអាល្លឺម៉ង់ សម្រេចក្នុងតម្លៃ៧៧៨លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបនេះ មានប្រមាណ៦២០លានដុល្លារ ហើយនាំចូលវិញមាន១៥៩លានដុល្លារ។ ​
 
សម្រាប់ទំនិញ​ដែល​កម្ពុជា​ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ មានភាគ​ច្រើន ​​សម្លៀកបំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ ខណៈការ​នាំ​ចូល​សំខាន់​មាន​ដូច​ជា​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម។  ប្រភពដដែលបានបញ្ជាក់ថា អាល្លឺម៉ង់ ជាដៃពាណិជ្ជកម្មធំលំដាប់ទី៧របស់កម្ពុជា៕ 
 

Tag:
 ហិរញ្ញវត្ថុ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com