ជាតិ
ពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គ» នៅវិទ្យាស្ថានភាសាបារាំង រយៈពេល៣០ថ្ងៃ
20, Oct 2023 , 2:32 pm        
រូបភាព
ការពិព័រណ៍រូបថត«សត្វផ្សោតទន្លេមេគង្គ» នៅវិទ្យាស្ថានភាសាបារាំង។ រូបភាព៖ ឈុំ ចន្ថា
ការពិព័រណ៍រូបថត«សត្វផ្សោតទន្លេមេគង្គ» នៅវិទ្យាស្ថានភាសាបារាំង។ រូបភាព៖ ឈុំ ចន្ថា
ភ្នំពេញ៖ រូបថត«សត្វផ្សោតទន្លេមេគង្គកម្ពុជា» ៨៩សន្លឹក នឹងត្រូវដាក់តាំង​បង្ហាញ​រយៈ​ពេល​៣០ថ្ងៃ នៅវិទ្យាស្ថានភាសាបារាំង ដោយចាប់ផ្តើមតាំងពីថ្ងៃទី១៨ តុលាមកម្ល៉េះ។ ​ពិព័រណ៌នេះ បើកឱ្យសាធារណជនចូលទស្សនាដោយសេរី និងមានគោលបំណង​ផ្សព្វ​ផ្សាយឱ្យកាន់តែទូលាយពីសារៈសំខាន់នៃផ្សោត និងវារីសាស្រ្តផ្សេងទៀតក្នុងទន្លេមេគង្គ ជាពិសេសទាញការចូលរួមពីសារធារណជន ក្នុងការងារអភិរក្សសត្វផ្សោត។



​លោក សេង ទៀក នាយកមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) នៅថ្ងៃទី១៨ ខែតុលា បានលើកឡើងថា ការពិព័រណ៍«រូបថតសត្វផ្សោតទន្លេមេគង្គ» នឹងចូលរួមបង្ហាញពីតម្លៃ និងបញ្ហាប្រឈម នានារបស់ផ្សោតដែលជារតនៈសម្បត្តិជាតិ។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និងWWF ក្នុងការទទួលខុសត្រូវចំពោះ​ការស់រានរបស់វាផងដែរ។ 
 
ក្រៅតែពីសត្វផ្សោត កម្ពុជានៅមានសត្វវារីសាស្រ្តកម្រ និងទំហំយក្ស ជាច្រើនប្រភេទទៀត កំពុងរស់នៅក្នុងទន្លេមេគង្គ ដូចជា បបែលទឹកសាប កន្ធាយក្បាលកង្កែប ត្រីរាជ ត្រីគល់រាំង ប្រភេទសត្វព្រៃ និងសត្វស្លាប ជាច្រើនថែមទៀត។ ក្រុមសត្វកម្រទាំងនេះ កំពុងផ្ដល់មោទកភាព និងកេរ្តិ៍ឈ្មោះយ៉ាងក្រាសក្រែល ដល់កម្ពុជា តាមរយៈការជាប់កំណត់ត្រាល្បីៗនៅលើពិភពលោក ជាដើម។ រូបថត វារីសាស្រ្តកម្រទាំងអស់ក៏ត្រូវបានដាក់តាំងបង្ហាញជាមួយគ្នាផងដែរ។ 


 
បើតាម លោក សេង ទៀក ពិព័រណ៍ «រូបថតសត្វផ្សោត» នៅពេលនេះ នឹងទាក់ទាញសារធារណជនជាតិ និងអន្តរជាតិឱ្យចូលទស្សនាយ៉ាងហោច៥ម៉ឺននាក់។ បន្ថែមពីលើនេះ លោក ក៏អំពាវនាវឱ្យដល់ពលរដ្ឋ និងសិស្ស និស្សិតទាំងអស់ ចូលទស្សនាពិព័រណ៍រូបថតផ្សោតដោយសេរី ដើម្បីទទួលបានចំណេះដឹង និងស្វែងយល់ពីកិច្ចអភិរក្ស។ 
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោកយើងនេះ រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។ 
  


បើតាម របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ សត្វផ្សោតទន្លេមេគង្គមានចំនួនសរុបប្រមាណ៨៩ក្បាលប៉ុណ្ណោះ។ ដោយឡែក ចាប់ពីឆ្នាំ២០២០ ដល់២០២៣នេះ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៣ក្បាល។ 
 
បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែងក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
  


ផ្សោតទន្លេមេគង្គជារតនៈសម្បត្តិជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។  
 
ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គគាំទ្រដល់វិស័យកសិកម្ម និងនេសាទប្រកបដោយនិរន្តរភាព ដែលប្រជាជនរាប់លាននាក់កំពុងពឹងអាស្រ័យសម្រាប់របរចិញ្ចឹមជីវិតជាអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លំហូរបែបធម្មជាតិនៃទន្លេមេគង្គគឺជាកត្តាចាំបាច់បំផុតដែលធានាបាននូវការ បន្តទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗខាងលើរបស់ប្រជាជន សម្រាប់រយៈពេលវែង ក៏ដូចជាការបន្តរស់រានមានជីវិតរបស់សត្វផ្សោតនៅក្នុង ទន្លេមេគង្គ៕ 
 
 

Tag:
 ផ្សោតទន្លេមេគង្គ
  WWF
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com