សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Nokia នឹងកាត់បន្ថយបុគ្គលិក១៤០០០នាក់
20, Oct 2023 , 7:39 pm        
រូបភាព
រូបភាព ៖ Reuters
រូបភាព ៖ Reuters
Nokia ដែលជាក្រុមហ៊ុនឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់នឹង កាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ ១៦ភាគរយ ដោយសារតែតម្រូវការឧបករណ៍បណ្តាញចុះខ្សោយ និងដើម្បីសន្សំថិវកាពីការចំណាយលើប្រាក់ឈ្នួលបុគ្គលិក ។

 
ក្រុមហ៊ុន Nokia បានប្រកាសនៅថ្ងៃទី១៨ ខែតុលាថា ខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកពី ៨៦ ០០០នាក់មកត្រឹម ៧២ ០០០នាក់។ ក្រុមហ៊ុនចង់សន្សំប្រាក់ចន្លោះពី ៨០០លានអឺរ៉ូ  ដល់១,២ពាន់លានអឺរ៉ូរហូតដល់ឆ្នាំ ២០២៦ ។ នេះជាឆ្នាំដែលក្រុមហ៊ុនមានបំណងសម្រេចប្រាក់ចំណេញឲ្យបានយ៉ាងហោចណាស់ ១៤ភាគរយ ។
 
យោងតាម​របាយការណ៍​លទ្ធផល​អាជីវកម្ម​នៅត្រីមាស​ទី​៣នេះ ប្រាក់ចំណូល Nokia បានថយចុះ ១៥ភាគរយបើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចមិនស្ថិតស្ថេរ និងអត្រាការប្រាក់ខ្ពស់ដែលដាក់សម្ពាធលើការចំណាយរបស់ប្រតិបត្តិករបណ្តាញ។
 
នាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters ថា ៖« ស្ថានភាពនេះគឺមានការប្រកួតខ្លាំង ដែលទីផ្សារដ៏សំខាន់បំផុតរបស់យើងគឺអាម៉េរិកខាងជើង ប្រាក់ចំណូលបានធ្លាក់ចុះ ៤០ភាគរយនៅត្រីមាសទី៣នេះ»។
 
ទន្ទឹមនេះ ការលក់ឧបករណ៍បណ្តាញទូរស័ព្ទបានថយចុះ ១៩ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែការដាក់ពង្រាយបណ្តាញ 5G យឺតនៅក្នុងទីផ្សារជាច្រើនដូចជាឥណ្ឌា។ ប្រាក់ចំណេញបានធ្លាក់ចុះជិត៧០ភាគរយ មកត្រឹម ១៣៣លានអឺរ៉ូ។  Nokia រំពឹងថាតម្រូវការឧបករណ៍បណ្តាញនឹងប្រសើរឡើងនៅក្នុងត្រីមាសទី៤៕ 
 

Tag:
 Nokia
  បុគ្គលិក
© រក្សាសិទ្ធិដោយ thmeythmey.com