អន្តរជាតិ
អាស៊ាន អំពាវនាវឱ្យបញ្ចប់អំពើហិង្សាក្នុងជម្លោះអុីស្រាអែល-ហាម៉ាស
20, Oct 2023 , 6:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២០ ខែតុលា បានបង្ហាញពីក្តីបារម្ភជុំវិញការរីកសាយជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស នៅក្នុងតំបន់មជ្ឈិមបូព៌ា។ បន្ថែមពីនេះ បណ្ដាប្រមុខការទូតអាស៊ាន បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សា ដើម្បីបញ្ចៀសករណីស្លាប់ និងរបួសលើប្រជាជនស៊ីវិល។ 
 
ដោយមើលឃើញស្ថានភាពជម្លោះអ៊ីស្រាអែល-ហាម៉ាស កាន់តែធ្ងន់ធ្ងរឡើង រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២០ ខែតុលា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សា ដើម្បីបញ្ចៀសករណីស្លាប់ និងរបួសលើប្រជាជន រួមទាំងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ 
 
«យើងថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពហិង្សាដែលនាំឱ្យមានករណីស្លាប់ និងរបួសលើប្រជាជនស៊ីវិល រួមទាំងប្រជាជនអាស៊ាន»។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាស៊ាន គាំទ្រឱ្យមានកិច្ចចរចាបង្កើតរដ្ឋពីរនៅលើដែនដីប៉ាឡេស្ទីន។ 
 
កន្លងមកប្រជាជនកម្ពុជា ថៃ និងហ្វីលីពីនជាដើម បានបាត់បង់ជីវិត របួស និងត្រូវចាប់ជំរិត នៅក្នុងវិបត្តិរវាងអ៊ីស្រាអែល-ហាម៉ាស។ 
 
លើសពីនេះ ប្រមុខការទូតអាស៊ាន បានជំរុញឱ្យភាគីទាំងអស់ការពារ និងធានាពីសុវត្ថិភាពរបស់ប្រជាជនស៊ីវិល រួមទាំងប្រជាជនអាស៊ាន និងរំដោះចំណាប់ខ្មាំង ដោយគ្មានលក្ខខណ្ឌ។ 
 
ដោយមើលឃើញស្ថានការណ៍មនុស្សធម៌នៅក្នុងតំបន់កាហ្សាភាគខាងត្បូងកាន់តែអាក្រក់ អាស៊ាន បានអំពាវនាវឱ្យបង្កើតច្រកមួយប្រកបដោយសុវត្ថិភាពរហ័សសម្រាប់ប្រជាជនប៉ាឡេស្ទីនផង។ កន្លងមក អ៊ីស្រាអែល បានបដិសេធ មិនបើកច្រករបស់ខ្លួនទៅតំបន់កាហ្សាឡើយ ក្រោមហេតុផលដើម្បីដោះដូរនឹងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។ ពេលនេះ វាមានតែច្រក Rafah  គ្រប់គ្រងដោយអេហ្ស៊ីបមួយប៉ុណ្ណោះ ទើបអាចដឹកជញ្ជូនជំនួយមនុស្សធម៌ទៅប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងត្បូង។ 
 
មកទល់ពេលនេះ សង្រ្គាមបានអូសបន្លាយច្រើនជាង១០ថ្ងៃហើយ ដោយការវាយប្រហារនៅតែបន្តកើតមាន។ ប្រជាជនស៊ីវិលក្នុងតំបន់កាហ្សា និងអ៊ីស្រាអែល ច្រើនជាង ៤ពាន់នាក់ បានស្លាប់បាត់បង់ជីវិត៕
 

Tag:
 អាស៊ាន
  អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com