ជាតិ
ភ្នំពេញ តំបន់មាត់សមុទ្រ អាចមានភ្លៀងបង្គួរលាយឡំផ្គររន្ទះ ដល់ថ្ងៃទី២៤តុលា
21, Oct 2023 , 9:27 am        
រូបភាព
រាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរគ្របដណ្តប់លើផ្ទៃដីពី៦០-៧០ភាគរយ មានលាយឡំនឹងផ្គររន្ទះ ពីថ្ងៃទី២១ដល់២៤តុលា។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយបញ្ជាក់ថា ស្ថានភាពនេះ អាចបង្កជាជំនន់ទឹកភ្លៀង។



ក្រសួងធនធានទឹកព្យាករបែបនេះ ក៏ព្រោះតែខ្យល់មូសុងនិរតី បានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ នឹងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប (ITCZ) ខណៈព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន ក៏អាចវិវត្តទៅជាវិសម្ពាធទាប (Tropical Depression TD)។ កត្តានេះ ធ្វើឱ្យភ្លៀធ្លាក់ស្ទើគ្រប់តំបន់ ជាពិសេសនៅភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។

រីឯ តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ក៏នៅមានភ្លៀងធ្លាក់បន្តក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ២០ភាគ ទៅ ៣០ភាគរយ ដល់ថ្ងៃទី២៤តុលា ផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ពលរដ្ឋត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះស្ថានភាពនេះ អាចបង្កជាជំនន់ទឹកភ្លៀង៕

© រក្សាសិទ្ធិដោយ thmeythmey.com