ជាតិ
សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល ជំរុញក្រុមហ៊ុនចិនBYD ឱ្យបង្កើតរោងចក្រផលិតកម្មគ្រឿងបង្គុំយានយន្តនៅកម្ពុជា
21, Oct 2023 , 11:29 am        
រូបភាព
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
បច្ចុប្បន្ន ​ក្រុមហ៊ុនរបស់ចិន BYD បានចូលរួមដំឡើងស្ថានីយសាករថយន្តអគ្គសនីនៅកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋដែលប្រើប្រាស់យានយន្តអគ្គីសនី។ ដោយឃើញពីសក្កានុពលរបស់ក្រុមហ៊ុននេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញក្រុមហ៊ុនឱ្យសិក្សាលទ្ធភាពបង្កើតរោងចក្រសង្វាក់ផលិតកម្មគ្រឿងបង្គុំយានយន្ត នៅទឹកដីកម្ពុជា។

 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៅកាន់លោក Kading Liu នាយករងក្រុមហ៊ុន BYD Co., Ltd ក្នុងជំនួបការងារនៅប្រទេសចិន នាថ្ងៃទី២០តុលា ថា ៖ «៦៥ភាគនៃចំនួនប្រជាជនកម្ពុជាសរុប គឺមានអាយុស្ថិតក្នុងវ័យក្មេងប្រកបដោយផលិតភាពខ្ពស់ ដែលអាចចូលរួមក្នុងផលិតកម្ម ដើម្បីផ្គត់ផ្គង់សម្រាប់មហាអនុតំបន់មេគង្គ»។ 
 
លើសពីនេះ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)រូបនេះ ក៏បានប្រាប់ពីការអភិវឌ្ឍរបស់កម្ពុជា ​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់នានា ដែលបម្រើដល់វិស័យសេដ្ឋកិច្ច និងសង្គម។

ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ដែលកំពុងដំណើរការហើយនោះ រដ្ឋាភិបាលក្រោមការវិនិយោគពីវិស័យឯកជន ក៏កំពុងអភិវឌ្ឍលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាដើម។ 
 
ដើម្បី ជំរុញការបណ្ដាក់ទុនក្នុងក្របខណ្ឌយានយន្តអគ្គសនីឱ្យបានកាន់តែច្រើន ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមហ៊ុនឱ្យចូលរួមផ្តល់ធាតុចូលអំពីបទដ្ឋាននានា ដែលខ្លួនធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកលើវិស័យយានយន្តអគ្គិសនី(EV)។ លោកបានបញ្ជាក់បន្ថែមក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះ៖ «ធាតុចូលរបស់ក្រុមហ៊ុន គឺសំខាន់សម្រាប់ក្រសួងពាក់ព័ន្ធ ក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាទាក់ទងនឹងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា»។
 
បច្ចុប្បន្ន ក្រុមហ៊ុន BYD Co., Ltd បានពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយកំពុងស្ថាបនាមណ្ឌលផ្ដល់សេវារបស់ខ្លួនចំនួន២កន្លែង និងបន្ទប់តាំងបង្ហាញរថយន្តចំនួន២កន្លែង ព្រមទាំងត្រៀមបើកឱ្យប្រើប្រាស់បន្ទប់តាំងបង្ហាញរថយន្តថ្មីមួយកន្លែងទៀត នៅខេត្តសៀមរាបក្នុងឆ្នាំ២០២៤៕ 
 

Tag:
 យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com