ជាតិ
សង្កាត់ចំនួន ១០ ក្នុងខណ្ឌដង្កោ កំពុងលិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត
× សង្កាត់ចំនួន ១០ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងបែបនេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី២២តុលា ដោយបញ្ជាក់ថា ក្នុងសង្កាត់ទាំង១០ដែលបានជន់លិចនេះ មានពលរដ្ឋ ២ ០៧៥គ្រួសារបានរងគ្រោះ។
បើតាមលោក ឃួង ស្រេង បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកតោ្នតនៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពុងស្រកចុះបណ្តើរៗ ខណៈទឹកផ្នែកក្រោមនៅនឹង។ ដោយឡែក ពលរដ្ឋទាំង ២ ៥៧០គ្រួសារដែលកំពុងរងគ្រោះដោយទឹកជំនន់នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនសង្រ្គោះ និងផ្តល់ស្បៀង ផងដែរ។
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១តុលា ស្ថានភាពទឹកស្ទឹងព្រែកតោ្នតនៅផ្នែកខាងលើ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានស្រកចុះបណ្តើរៗ ដោយស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៥,៣៥ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ។ ចំណែកសំណង់ទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦៨ម៉ែត្រ ធៀបកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ខណៈទ្វារទឹកចំនួន៥ទ្វារ បានបើកកម្ពស់១ម៉ែត្រ។
តាមការព្យាកររបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ចាប់ផ្តើមស្រកជាបន្តបន្ទាប់ ដែលសន្ទុះនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបធ្វើឱ្យទឹកខាងក្រោមចាប់ផ្តើមស្រក ដែរ។ លោកបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រសួងធនធានទឹកយ៉ាងដូច្នេះ៖ «តាមស្ថានភាពនេះយ៉ាងយូរពីរ-បីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ»។
តែយ៉ាងណាមិញ នាព្រឹកថ្ងៃទី២១តុលានេះ ក្រសួងធនធានទឹកបានព្យាករ ថា រាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរគ្របដណ្តប់លើផ្ទៃដីពី៦០-៧០ភាគរយ មានលាយឡំនឹងផ្គររន្ទះ ពីថ្ងៃទី២១ដល់២៤តុលា។ ស្ថានភាពនេះ គឺអាចបង្កជាជំនន់ទឹកភ្លៀង ដោយទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់៕
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមត្រូវរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បន្តការតាមដានដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ ដែលសន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។ តាមស្ថានភាពនេះយ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោតនឹងវិលមករកសភាពធម្មតាវិញហើយ។
© រក្សាសិទ្ធិដោយ thmeythmey.com