អន្តរជាតិ
តើអុីស្រាអែល អាចនឹងផុងជ្រៅទៅក្នុងជម្លោះជាមួយហាម៉ាសឬទេ?
21, Oct 2023 , 8:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ជម្លោះអ៊ីស្រាអែល និងហាម៉ាស មិនទាន់អាចរកបានច្រកចេញសម្រាប់បទឈប់បាញ់ឡើយ ហើយអ៊ីស្រាអែល នៅតែបន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហាម៉ាស ដែលមានវត្តមាននៅក្នុងតំបន់កាហ្សា។ ដោយសារតែមានការសម្លាប់ប្រជាជនខ្លួនជាច្រើន អ៊ីស្រាអែលបានប្តេជ្ញាតាមប្រមាញ់ក្រុមហាម៉ាសឱ្យអស់។

 
ដើម្បីកម្ទេចក្រុមហាម៉ាស អ៊ីស្រាអែល បានកោះហៅទ័ពបម្រុងរហូតដល់៣០ម៉ឺននាក់ឯណោះ ដើម្បីអាចប្រតិបត្តិការវាយប្រហារផ្លូវគោកលើតំបន់កាហ្សាថែមទៀត។ 
 
ដោយសារតែមានការកោះហៅចំនួនទ័ពបម្រុងដ៏ច្រើនបែបនេះ តើអ៊ីស្រាអែល អាចនឹងវាយប្រហារលើក្រុមហាម៉ាស​ នៅក្នុងតំបន់កាហ្សាឬទេ?
 
ជាការពិត តាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនព្រោងព្រាតត្រឹមរយៈពេលចុងក្រោយនេះ អ៊ីស្រាអែល មានលទ្ធភាពក្នុងការបើកការវាយប្រហារផ្លូវគោកលើតំបន់កាហ្សា។ ការអះអាងបែបនេះ ធ្វើឡើងក្រោយពេល យោធាអ៊ីស្រាអែល បានពង្រាយទ័ព រថក្រោះ និងសម្ភារយោធាជាច្រើននៅក្បែរតំបន់កាហ្សា។ 
 
ការពង្រាយទ័ព និងសម្ភារយោធាបែបនេះ បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីស្រាអែល ដើម្បីបើកការវាយប្រហារទ្រង់ទ្រាយធំ។ ដោយសារការសកម្មភាពនៅក្បែរព្រំដែនកាហ្សាបែបនេះ អ្នកតាមដានស្ថានការណ៍អ៊ីស្រាអែលមួយចំនួនហ្នឹង គឺជឿថា អ៊ីស្រាអែល ហ៊ាននឹងវាយប្រហារលើហាម៉ាស តាមរយៈប្រតិបត្តិការផ្លូវគោក។ 
 
ដើម្បីវាយប្រហារលើដែនដីមួយ វាចាំបាច់ណាស់ ក្នុងការត្រៀមខ្លួនលើផ្នែកអាវុធ កម្លាំងទ័ព ឈាម គ្រូពេទ្យ និងផ្នែកផ្សេងៗទៀត សម្រាប់សង្រ្គាមដ៏ធំមួយ។ កន្លងមករុស្ស៊ី ក៏បានធ្វើបែបនេះដែរ មុនពេលឈ្លានពានអ៊ុយក្រែន។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់ទ័ពខ្លួន នៅថ្ងៃទី១៩ ខែតុលាថា បន្តិចទៀតនេះ កងទ័ពរបស់ខ្លួននឹងឃើញតំបន់កាហ្សាពីខាងមុខម្តង ដោយលែងបានឃើញពីចម្ងាយទៀតហើយ។ មែនទែនទៅ កន្លងមក យោធាអ៊ីស្រាអែល ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ សម្រាប់ប្រតិបត្តិការយោធានៅតំបន់កាហ្សាផងដែរ។ 
 
បើតាមរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល វាអាចប្រើរយៈពេលយូររហូតដល់ អាចកម្ទេចក្រុមហាម៉ាសចោលឱ្យអស់។ 
 
ប្រសិនបើអ៊ីស្រាអែលហ៊ានបើកប្រតិបត្តិការយោធាផ្លូវគោកមែន តើអ៊ីស្រាអែល អាចនឹងផុងជ្រៅទៅក្នុងសង្រ្គាមជាមួយហាម៉ាសឬទេ?
 
ពិតណាស់ ប្រសិនបើអ៊ីស្រាអែលហ៊ានបើកប្រតិបត្តិការយោធាផ្លូវគោកមែន អ៊ីស្រាអែល អាចនឹងផុងជ្រៅទៅក្នុងសង្រ្គាមជាមួយហាម៉ាស ឬក៏អ៊ីស្រាអែល មិនអាចកម្ទេសក្រុមហាម៉ាសបានទាំងស្រុង។ 
 
ជាការពិត ក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធមួយ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រួមទាំងមានការគាំទ្រពីបរទេសថែមទៀត ជាពិសេសគឺអ៊ីរ៉ង់ ដែលគាំទ្រលើផ្នែកយោធា និងការបង្វឹកកម្លាំងប្រយុទ្ធមួយចំនួន។ បានន័យថា ក្រុមហាម៉ាសមានទាំងប្រព័ន្ធដឹកនាំសង្គម នយោបាយ និងយោធា។ 
 
ហេតុនេះហើយ វាមិនមែនជារឿងងាយស្រួលឡើយ ដែលអ៊ីស្រាអែលអាចកម្ទេចក្រុមហាម៉ាស បានងាយស្រួល ឬអាចប្រើពេលវេលាយូរ ក្នុងការកម្ទេចក្រុមមួយនេះ។ 
 
ស្របពេលអ៊ីស្រាអែល បានប្តេជ្ញាវាយប្រហារលើហាម៉ាស អ៊ីរ៉ង់ ដែលជាបងធំមួយនៅក្នុងតំបន់បានព្រមានថា ក្រុមចលនាតស៊ូប្រឆាំងនឹងអ៊ីស្រាអែល នឹងវាយប្រហារអ៊ីស្រាអែលជាមួយ។ ក្រុមចលនាតស៊ូ គឺសំដៅដល់ប្រទេស ឬក្រុមសកម្មប្រយុទ្ធ ដូចជាហេប៉ូឡានៅលីបង់ ដែលមានវត្តមាននៅប្រទេសលីបង់ ជាប់ព្រំដែនជាមួយតំបន់ព្រំដែនអ៊ីស្រាអែលភាគខាងជើង។ ជាញយៗ ក្រុមហេប៉ូឡា និងអ៊ីស្រាអែល បានបាញ់មីស៊ីល និងគ្រាប់រ៉ុក្កែតទៅវិញទៅមកថែមទៀត។
 
បើសិនដូចការព្រមានរបស់អ៊ីរ៉ង់មែន អ៊ីស្រាអែលអាចប្រឈមនឹងការវាយប្រហារនៅច្រកទីពីរ ពីសំណាក់ក្រុមហេប៉ូឡា ពីតំបន់ភាគខាងជើងមួយទៀត។ 
 
សម្រាប់សំណួរមួយទៀត វាក៏នៅតែជុំវិញបញ្ហាការបើកប្រតិបត្តិការយោធាផ្លូវគោករបស់អ៊ីស្រាអែលលើក្រុមហាម៉ាសដែរ។ តើប្រតិបត្តិការយោធាអ៊ីស្រាអែល អាចបង្កឱ្យមានផលវិបាកអ្វីខ្លះ? 
 
ពិតណាស់ អ្នកដែលរងគ្រោះពីប្រតិបត្តិការយោធាផ្លូវគោករបស់អ៊ីស្រាអែល គឺប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សា ដែលមានចំនួនប្រមាណ២លាននាក់នោះ។ ដូចដឹងស្រាប់ហើយថា​ កន្លងមក យោធាអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងជើងប្រមាណ​ ១លាននាក់ភៀសខ្លួនទៅតំបន់ភាគខាងត្បូង ដើម្បីអាចឱ្យអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវគោកលើក្រុមហាម៉ាស។ 
 
ដោយសារតែមានការជម្លៀសទ្រង់ទ្រាយធំបែបនេះ ប្រជាជនប៉ាឡេស្ទីនជាច្រើនម៉ឺននាក់ ត្រូវប្រឈមបញ្ហាស្បៀងអាហារ ទឹកស្អាត ក៏ដូចជាជម្រកជាដើម។ កន្លងមក អង្គការសុខភាពពិភពលោក ឬ WHO បានព្រមានពីការផ្ទុះឡើងនៃជំងឺឆ្លងថែមទៀត ដោយសារតែការជម្លៀសមានចំនួនច្រើន និងខ្វះអនាម័យ។ 
 
ពេលនេះ ប្រជាជនប៉ាឡេស្ទីនត្រូវការជំនួយខ្លាំង ព្រោះថាអ៊ីស្រាអែល បានបិទច្រកទៅតំបន់កាហ្សាជាច្រើនថ្ងៃមកហើយ ដោយហាមមិនឱ្យមានអាហារ ឬប្រេងចូលទៅក្នុងតំបន់កាហ្សាឡើយ។ អ៊ីស្រាអែលថា ខ្លួននឹងបើកច្រករបស់ខ្លួនទៅតំបន់កាហ្សាឡើងវិញ ប្រសិនបើមានការដោះលែងចំណាប់ខ្មាំង។ 
 
ជុំវិញបញ្ហាជំនួយមនុស្សធម៌នេះ វាមានតែច្រក Rafah ដែលគ្រប់គ្រងដោយអេហ្ស៊ីបប៉ុណ្ណោះ ទើបអាចឱ្យជំនួយ ឬស្បៀងអាហារហ្នឹង អាចទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងត្បូងបាន។ យ៉ាងណាមិញ តាមការចុះផ្សាយរបស់សារព័ត៌មាន CNN ច្រកមួយនេះ មិនត្រូវបានរំពឹងថាបើកនៅថ្ងៃទី២០ ខែតុលានេះទេ ខណៈប្រជាជនប៉ាឡេស្ទីនជាច្រើននឹងកំពុងស្ថិតក្នុងស្ថានភាពខ្វះស្បៀង និងថ្នាំពេទ្យផង។ 
 
សូម្បីតែប្រធានាបតីអាម៉េរិកក៏បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែរថា ឱ្យមានការប្រុងប្រយ័ត្ន ហើយកុំយកកំហឹងរបស់ខ្លួន ប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងហាម៉ាស។ មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ ក៏បានទទូចឱ្យអ៊ីស្រាអែល កុំប្រព្រឹត្តកំហុសរបស់អាម៉េរិក ធ្លាប់ធ្វើនៅក្នុងសង្រ្គាមនៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថានផង។ 
 
ចង់មិនចង់ ប្រសិនបើការវាយប្រហារផ្លូវគោកកើតឡើងមែន ប្រជាជនប៉ាឡេស្ទីននឹងរងគ្រោះ ហើយដែនដីកាហ្សាមួយផ្នែក នឹងត្រូវបាត់បង់ ដោយសារអ៊ីស្រាអែលមួយផ្នែកនោះជាតំបន់ Buffer Zone ឬតំបន់កណ្តាលរវាងអ៊ីស្រាអែល និងកាហ្សា។ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ក៏បានព្រមានបែបនេះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com