ជាតិ
ក្លិបអ្នកកាសែតកម្ពុជា-ថៃ ទៅ​ទស្សនកិច្ចក្នុង​តំបន់សក្តានុពលចំនួន៣កន្លែង នៅ​កែប
22, Oct 2023 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មានថៃ មកកាន់ខេត្តកែប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ តុលា បានទទួលការស្វាគម៍ពីសំណាក់អភិបាលខេត្តកែប។ ក្នុង​ដំណើរទស្សនកិច្ចនេះ ក្លិបអ្នកកាសែតកម្ពុជា-ថៃ បាន​ធ្វើដំណើរទៅ​តំបន់ឧទ្យានជាតិកែប, តំបន់ភ្នំវល្លិ និងតំបន់ឆ្នេរអង្កោល។

 
ដំណើរទស្សនកិច្ចមកកាន់ខេត្តកែប ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា និងលោក Mongkol  Bangprapa ប្រធានសមាគមសារព័ត៌មានថៃ ដោយទទួលការស្វាគមន៍ពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរពាក់ព័ន្ធមួយចំនួន។ ថ្លែងនាឱកាសនោះ លោក សោម ពិសិដ្ឋ បានលើកឡើងថា ខេត្ត​កែបមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព និងភាពទាក់ទាញ។
 
ក្រោយបញ្ចប់ទស្សនកិច្ចនេះ លោកអភិបាលខេត្ត​ បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយទីតាំងសក្តានុពលទាំងនេះ ទៅកាន់មហាជនឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ជាមួយ​គ្នានេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានអរគុណ និងសាទរចំពោះសមិទ្ធផលដែលខេត្តសម្រេចបាននាពេលកន្លងមក។ ប្រធាន​ក្លិប​អ្នក​កាសែតកម្ពុជារូបនេះ ក៏​បានស្នើអ្នកសារព័ត៌មានទាំងអស់ ចូលរួមរំលេចបន្ថែមនូវចំណុចពិសេសៗដែលខេត្តកែបមាន ដូចជាខ្យល់បរិសុទ្ធអាចព្យាបាលជំងឺផ្លូវដង្ហើម និងស្រ្តេស និងចំណុចវិជ្ជមានជាច្រើនទៀត ឆ្លងកាត់ដំណើរទស្សនកិច្ចលើកនេះ។ 

គួរបញ្ជាក់ថា ក្រោយបញ្ចប់អាហារសាមគ្គីនៅឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ អភិបាលខេត្តកែប និងគណៈប្រតិភូ បានចូលរួមលែងក្តាមមេពូជចូលទៅក្នុងសមុទ្រវិញជានិមិត្តរូបផងដែរ៕
 

 








© រក្សាសិទ្ធិដោយ thmeythmey.com