អន្តរជាតិ
ជម្លោះអុីស្រាអែលហាម៉ាស៖ អាម៉េរិកព្រមានចាត់វិធានការ តែ ចិនថាកម្លាំងទ័ពមិនអាចដោះស្រាយបញ្ហា
23, Oct 2023 , 12:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រមុខការពារជាតិ និងប្រមុខការទូតអាម៉េរិក បានព្រមានចាត់វិធានការសមស្រប ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាន់តែរីកធំឡើង។ ខុសផ្ទុយពីអាម៉េរិក ចិន នៅថ្ងៃទី២២ ខែតុលា បានយល់ឃើញថា កម្លាំងទ័ពមិនមែនជាមធ្យោបាយក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល និងហាម៉ាសឡើយ។



ជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល​ មានរយៈពេល១៧ថ្ងៃហើយ បើគិតត្រឹមថ្ងៃ២៣ ខែតុលា។ ខណៈជម្លោះនៅតែបន្ត បណ្តាប្រទេសមួយចំនួន រួមទាំងអ្នកជំនាញលើស្ថានការណ៍តំបន់ បានបង្ហាញក្តីបារម្ភថា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់ អាចឆ្លៀតឱកាសនេះ ដើម្បីធ្វើឱ្យជម្លោះនៅក្នុងតំបន់កាន់តែរីកធំឡើង។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានព្រមានចាត់វិធានការសមស្រប ប្រសិនបើជម្លោះមានការរីកធំឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា។  
 
«ប្រសិនបើក្រុមណាមួយ ឬប្រទេសណាមួយ កំពុងស្វះស្វែងធ្វើឱ្យជម្លោះកាន់តែរីកធំឡើង ហើយឆ្លៀតកេងចំណេញពីស្ថានភាពដ៏អាក្រក់ដែលយើងមើលឃើញ ការផ្តល់យោបល់របស់យើង គឺកុំធ្វើឱ្យសោះ»។ លោកអូស្ទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អាម៉េរិក សូមរក្សាសិទ្ធិក្នុងការការពារខ្លួននៅក្នុងតំបន់។ លោកអូស្ទីន ក៏បានបញ្ជាឱ្យបើកប្រព័ន្ធការពារអាកាសនៅក្នុងតំបន់នោះផង។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីនខិន ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃដដែល បានអះអាងថា អាម៉េរិក មានក្តីបារម្ភចំពោះលទ្ធភាព ដែលកម្លាំងប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍ជម្លោះកាន់តែរីកធំឡើយ តាមរយៈការវាយប្រហារលើប្រជាជនអាម៉េរិក ឬកម្លាំងទ័ពអាម៉េរិក នៅក្នុងតំបន់។ លោកប្លីងខិន ចង់សំដៅកម្លាំងប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ដល់ក្រុមហេប៉ូឡា ក្រុមហាម៉ាស ឬក្រុមផ្សេងទៀត គាំទ្រដោយអ៊ីរ៉ង់។ 
 
កន្លងមក អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែលថា កម្លាំងតស៊ូ ដែលមានហេប៉ូឡា និងក្រុមហាម៉ាសជាដើម អាចវាយប្រហារលើអ៊ីស្រាអែលជាមុន ប្រសិនមានប្រតិបត្តិការយោធាផ្លូវគោក នៅក្នុងតំបន់កាហ្សា។ 
 
ជុំវិញបញ្ហានេះ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជូន កម្លាំងនាវាដឹកយន្តហោះចម្បាំងចំនួន ២ក្រុម នៅក្នុងសមុទ្រមេឌីទែរ៉ាណេខាងកើត​ ដើម្បីចាត់វិធានការទាំងអស់ ក្នុងការការពារប្រជាជនអាម៉េរិក។ បន្ថែមពីនេះ អាម៉េរិក ក៏បានប្រកាសឱ្យ​បុគ្គលិកស្ថានទូតអាម៉េរិកមួយចំនួន នៅអ៊ីរ៉ាក់ ចាកចេញពីប្រទេសនេះផង។ 
 
ផ្ទុយពីអាម៉េរិក​ ដែលព្រមានចាត់វិធានការក្នុងតំបន់មជ្ឈិមបូព៌ា ក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែតុលា បានបង្ហាញជំនឿរបស់ខ្លួនថា កម្លាំងទ័ពមិនមែនជាវិធីសាស្រ្ត ក្នុងការដោះស្រាយជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើយ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាថ្មី។ 
 
តាមការបញ្ជាក់របស់ប្រេសិតចិនប្រចាំនៅតំបន់មជ្ឈិមបូព៌ា លោក Zhai Jun ក្នុងជំនួបជាមួយប្រមុខសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឱ្យមានការបញ្ចប់ការប្រយុទ្ធគ្នាកាន់តែឆាប់រហ័ស។ 
 
កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានបង្ហាញឆន្ទៈក្នុងការធ្វើការជាមួយអេហ្ស៊ីប ដើម្បីជួយដោះស្រាយបញ្ហានៅតំបន់មជ្ឈិមបូព៌ា រួមទាំងថែរក្សាស្ថិរភាពភាពនៅក្នុងតំបន់មួយនេះ។ 
 
គិតត្រឹមថ្ងៃទី២២ ខែតុលា ប្រជាជនអ៊ីស្រាអែលច្រើនជាង​១៤០០នាក់ ត្រូវបានសម្លាប់ ខណៈប្រជាជនប៉ាឡេស្ទីនលើសពី ៤៣០០នាក់ បានបាត់បង់ជីវិត៕ 
 

Tag:
 អាម៉េរិក
  ចិន
  អុីស្រាអែល
  ហាម៉ាស
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com