ស្របពេលមានការព្រួយបារម្ភថាជម្លោះអ៊ីស្រាអែល-ហាម៉ាស និងឧប្បត្តិហេតុនៅបំពង់បង្ហូរប្រេងនៅសមុទ្របាល់ទិកអាចជំរុញឱ្យតម្លៃឡើងថ្លៃម្តងទៀតក្នុងរដូវរងានេះ សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើការពន្យារតម្លៃឧស្ម័នដែលបានកំណត់។
សហភាពអឺរ៉ុបកំពុងពិចារណាលើការពន្យារពេលកំណត់តម្លៃឧស្ម័នបន្ទាន់ ដែលបានដាក់កាលពីខែកុម្ភៈកន្លងទៅ ដោយមានការព្រួយបារម្ភថាជម្លោះនៅកាហ្សា និងឧប្បត្តិហេតុបំពង់បង្ហូរប្រេងនៅសមុទ្របាល់ទិក ដែលអាចជំរុញឱ្យតម្លៃឧស្ម័នកើនឡើងម្តងទៀតក្នុងរដូវរងានេះ។
មន្ត្រីជាន់ខ្ពស់ EU បាននិយាយថា ទោះបីជាតម្លៃថាមពលបានធ្លាក់ចុះ ហើយទុនបម្រុងឧស្ម័នរបស់សហភាពអឺរ៉ុបមានកម្រិតខ្ពស់បំផុតក៏ដោយ ការផ្គត់ផ្គង់ក្នុងរដូវរងារនេះអាចរងផលប៉ះពាល់ដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាបញ្ហាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឧស្ម័ននៅក្នុងតំបន់សមុទ្របាល់ទិក ។ EU ត្រូវតែមានគោលនយោបាយធានារ៉ាប់រងដើម្បីប្រឆាំងនឹងហានិភ័យទាំងនេះ។
ក្នុងអំឡុងពេលកើតមានវិបត្តិថាមពលដែលរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបជុំវិញសង្គ្រាមនៅអ៊ុយក្រែន តម្លៃឧស្ម័ននៅពេលមួយនោះបានឡើងដល់ជាង ៣០០អឺរ៉ូ (ប្រហែល ៣១៨ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង។ ក្រោយមករដ្ឋជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមដាក់កម្រិតតម្លៃឧស្ម័នមកត្រឹម ១៨០អឺរ៉ូក្នុងមួយមេហ្គាវ៉ាត់ម៉ោងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។
គណៈកម្មការអឺរ៉ុប (EC) បាននិយាយថា វិធានការកំណត់តម្លៃឧស្ម័នខាងលើមិនបានបង្ហាញសញ្ញានៃផលប៉ះពាល់អវិជ្ជមានចាប់តាំងពីវាត្រូវបានអនុវត្តនោះទេ ហើយតម្លៃឧស្ម័នបច្ចុប្បន្នបានធ្លាក់ចុះ ៩០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។
នាពេលនោះ ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន១០ រួមទាំងអាល្លឺម៉ង់បានចុះហត្ថលេខាលើសំណើមួយទៅកាន់ EC ដើម្បីពង្រីកវិធានការផ្លូវច្បាប់គ្រាអាសន្នដែលត្រូវបានអនុវត្តក្នុងអំឡុងពេលវិបត្តិថាមពលមុនពេលជម្លោះរុស្ស៊ី-អ៊ុយក្រែន។
បន្ទាប់មកអាល្លឺម៉ង់ និងបារាំងក៏នាំមុខលើការអំពាវនាវឱ្យ EC ពង្រីកច្បាប់ឧបត្ថម្ភធនរបស់រដ្ឋ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើនដើម្បីគាំទ្រអ្នកប្រើប្រាស់ដែលប្រឈមនឹងតម្លៃថាមពលខ្ពស់ដោយសារស្ថានភាពសង្រ្គាម។
បទប្បញ្ញត្តិនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំនេះ។ ប៉ុន្តែ បែលហ្ស៊ិក ហូឡង់ ដាណឺម៉ាក អេស្តូនី និងហ្វាំងឡង់ និយាយថា គ្មានតម្រូវការ និងគ្មានមូលដ្ឋានច្បាប់ដើម្បីបន្តវិធានការនេះទេ។
នាពេលនេះ EC គ្រោងនឹងដាក់សំណើមួយទៅកាន់កិច្ចប្រជុំមេដឹកនាំរដ្ឋសមាជិកនាខែវិច្ឆិកាដោយពន្យារពេលការផ្គត់ផ្គង់ថាមពលគ្រាអាសន្នណាមួយដែលរួមមានតម្លៃឧស្ម័ន វិធានការអនុញ្ញាត និងបទប្បញ្ញត្តិធានាការការផ្គត់ផ្គង់ឧស្ម័នក្នុងចំណោមរដ្ឋជាសមាជិក។
ក្រៅពីនេះ វិធានការស្ម័គ្រចិត្តក្នុងការកាត់បន្ថយតម្រូវការឧស្ម័ន ១៥ភាគរយត្រូវបានបន្តរហូតដល់ខែមីនា ឆ្នាំ២០២៤៕