អន្តរជាតិ
ហ្វាំងឡង់​ សង្ស័យ​កប៉ាល់​ចិន​ទាក់​ទង​នឹង​ការ​ខូច​ខាត​បំពង់​ឧស្ម័ន
22, Oct 2023 , 8:39 am        
រូបភាព
ប៉ូលិសហ្វាំងឡង់នាថ្ងៃទី២១ ខែតុលាបាននិយាយថា កប៉ាល់ចិនមួយកំពុងស្ថិតក្រោមការ ស៊ើបអង្កេតទៅលើការសង្ស័យជាប់ពាក់ព័ន្ធជាមួយនឹងការបំផ្លាញបំពង់បង្ហូរប្រេងរវាងហ្វាំងឡង់ និងអេស្តូនីដែលបានខូចខាតក្នុងខែនេះ។

 
បន្ទាប់ពីការលេចធ្លាយនាំឱ្យមានការបិទបំពង់ប្រេង Balticconnector កាលពីថ្ងៃទី៨ ខែតុលា អាជ្ញាធរហ្វាំងឡង់ កំពុងស៊ើបអង្កេតការខូចខាតដែលប៉ូលិសសង្ស័យថាបណ្តាលមកពីសកម្មភាពខាងក្រៅ។
 
«ចលនារបស់នាវា Newnew Polar Bear បង្ហាញទង់ទីក្រុងហុងកុង ស្របពេលជាមួយនឹងវេលា និងទីកន្លែងនៃការខូចខាតបំពង់បង្ហូរឧស្ម័ន»។ ការិយាល័យស៊ើបអង្កេត ជាតិហ្វាំងឡង់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះរួចបន្តដោយស្រង់សម្តី អគ្គនាយកស៊ើបអង្កេតលោក Risto Lohi ថា ពួកគេនឹងសហការជាមួយអាជ្ញាធរចិន ដើម្បីសិក្សាពីនាវានេះ។
 
ប៉ូលិសហ្វាំងឡង់ក៏បានបញ្ជាក់ផងដែរថា ការខូចខាតនេះបណ្តាលមកពីកម្លាំងមេកានិចខាងក្រៅ។ពួកគេបានរកឃើញវត្ថុធ្ងន់ម្យ៉ាងនៅជិតបំពង់ដែលខូច។ ប៉ូលិសនឹងព្យាយាមលើកវត្ថុនោះចេញពីបាតសមុទ្រដើម្បីស៊ើបអង្កេតថាតើវាទាក់ទងទៅនឹង បំពង់ដែលខូចឬអត់។
 
គួរបញ្ជាក់ថា ឧស្ម័នធម្មជាតិមានប្រហែល៥ភាគរយនៃប្រភពថាមពលរបស់ហ្វាំងឡង់ ដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្ម និងការផលិតកំដៅ និងថាមពលរួមបញ្ចូល គ្នា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com