អន្តរជាតិ
ប្រមុខការពារជាតិឥណ្ឌូណេស៊ីជ្រើសកូនប្រុសលោក វីដូដូ ជាដៃគូ ក្នុងការបោះឆ្នោតប្រធានាធិបតិឆ្នាំ២០២៤
23, Oct 2023 , 9:29 pm        
រូបភាព
លោក Gibran Rakabuming Raka កូនប្រុសច្បងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព AFP
លោក Gibran Rakabuming Raka កូនប្រុសច្បងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី និងជាបេក្ខជនប្រធានាធិបតីក្នុងឆ្នាំ២០២៤ លោក Prabowo Subianto នៅថ្ងៃទី២២ ខែតុលា បានប្រកាសជ្រើសតាំងកូនប្រុសលោកប្រធានាធិបតី ចូកូ វីដូដូ ជាដៃគូសម្រាប់តំណែងអនុប្រធានាធិបតីក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤ខាងមុខ។ ការជ្រើសរើសកូនប្រុសលោក វីដូដូ ទំនងបង្កើនប្រជាប្រិយភាពរបស់លោក Subianto ។ 

ថ្លែងបន្ទាប់ពីកិច្ចប្រជុំបក្ស និងដៃគូសម្ព័ន្ធភាពនៅថ្ងៃទី២២ ខែតុលា លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី បានប្រកាសជ្រើសលោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ជាដៃគូ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។
 
«ដោយមានការព្រមព្រៀង អ្នកគ្រប់គ្នាបានឯកភាពគាំទ្រលោក Prabowo Subianto ជាបេក្ខជនប្រធានាធិបតី និងលោក Gibran Rakabuming Raka បេក្ខជនអនុប្រធានាធិបតីឥណ្ឌូណេស៊ី»។ លោក Prabowo បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ពីខាងក្រៅនិវេសនដ្ឋានរបស់ខ្លួន។ 
 
ការសម្រេចជ្រើសកូនប្រុសលោកវីដូដូ ដែលទើបមានវ័យ ៣៦ឆ្នាំនេះ អាចជាការបង្កើនប្រជាប្រិយភាពមួយរបស់លោក Prabowo ដើម្បីក្លាយជាប្រធានាធិបតីឥណ្ឌូណេស៊ី ក្រោយបរាជ័យចំនួន២លើកនៅក្នុងឆ្នាំ២០១៤ និង២០១៩។ 
 
លោកវីដូដូ ជាមេដឹកនាំឥណ្ឌូណេស៊ីមួយរូបដែលមានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងនៅឥណ្ឌូណេស៊ី។ ក្នុងការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតរើសសមាជិកសភាផងនោះ ប្រជាជនឥណ្ឌូណេស៊ីគ្រប់អាយុបោះឆ្នោតមានជិត២០៥លាននាក់ ក្នុងចំណោមប្រជាជនសរុបច្រើនជាង ២៧០លាននាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ប៉ុន្តែនៅក្នុងសប្តាហ៍មុន លោក វីដូដូ ក៏រងការរិះគន់ដែរ ក្រោយតុលាការធម្មនុញ្ញ បានអនុញ្ញាតឱ្យលោក Gibran អាចឈរឈ្មោះជាអនុប្រធានាធិបតីបាន បើទោះលោកទើបតែមានវ័យ៣៦ឆ្នាំ។ តាមច្បាប់ឥណ្ឌូណេស៊ី បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ចាំបាច់ត្រូវមានអាយុយ៉ាងតិច៤០ឆ្នាំ។ 
 
ជុំវិញបញ្ហានេះ តុលាការធម្មនុញ្ញឥណ្ឌូណេស៊ី នៅសប្តាហ៍មុន បានចេញសេចក្តីសម្រេចថា ការកម្រិតអាយុលើបេក្ខជនប្រធានាធិបតី មិនត្រូវអនុវត្តចំពោះបុគ្គល ដែលត្រូវបានបោះឆ្នោតឱ្យកាន់តំណែងរដ្ឋឡើយ។ លោក Gibran ជាអភិបាលក្រុង Surakarta នៅក្នុងពេលបច្ចុប្បន្ន។ 
 
ក្រោយការចេញសេចក្តីសម្រេច ប្រជាជនឥណ្ឌូណេស៊ីជាច្រើន បានតវ៉ា និងចាត់ទុកជាសកម្មភាពមិនគោរពនឹងគោលការណ៍ប្រជាធិបតេយ្យ។ 
 
ការចងសម្ព័ន្ធភាពជាមួយលោក Gibran ពីសំណាក់លោក Prabowo ជាការចង់បានការគាំទ្រ ហើយក៏ជាឱកាសដែលជួយឱ្យសម្រេចគោលនយោបាយសេដ្ឋកិច្ចរបស់លោកវីដូដូ ដែលនៅសល់ ក្រោយពីចប់អាណត្តិ។ លោក Prabowo ជាអតីតដៃគូប្រជែងមួយរបស់លោកវីដូដូ នៅក្នុងឆ្នាំ២០១៤ និង២០១៩។ 
 
ក្រៅពីលោក Prabowo លោក Ganjar Pranowo អភិបាលខេត្តជ្វាកណ្តាល (Central Java) និងលោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា ក៏បានឈរឈ្មោះជាប្រធានាធិបតីឥណ្ឌូណេស៊ីដែរ៕
 

Tag:
 ឥណ្ឌូណេស៊ី
 ​ ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com