ជាតិ
សេដ្ឋកិច្ច
មន្ទីរពេទ្យជាតិថ្មី លើផ្ទៃដី៧ហិកតា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​
24, Oct 2023 , 11:36 am        
រូបភាព
អគារ ពិនិត្យ ព្យាបាល និងសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ រូបថត៖ MP
អគារ ពិនិត្យ ព្យាបាល និងសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ រូបថត៖ MP
មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យដ៏ធំជាងគេនៅកម្ពុជា ស្ថិតនៅសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៤តុលា។ មន្ទីរពេទ្យនេះ​ មានគ្រែសម្រាប់អ្នកជំងឺចូលសម្រាកព្យាបាលសរុបរហូតដល់ ៩ ៤៩៦គ្រែ។ ក្នុងនោះ មាន៩ ២៤៤គ្រែ សម្រាប់អ្នកជំងឺ, ៤៦គ្រែសម្រាប់គ្រូពេទ្យប្រចាំការ និង២០៦គ្រែទៀត សម្រាប់បុគ្គលិកស្នាក់នៅ។

 
មន្ទីរពេទ្យ«តេជោសន្តិភាព» ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី (CJEC) ​នៅលើផ្ទៃជាង៧,៥ហិកតា ស្ថិតនៅបណ្តោយវិថី ឈ្នះ ឈ្នះ ដែលប្រើពេលត្រឹម១ឆ្នាំប៉ុណ្ណោះ ក្រោមថវិការបស់រដ្ឋាភិបាល។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យនេះ មានអគារចំនួន១១ ដោយក្នុងនោះ មានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) ទំហំ៧ ៤៨០ម៉ែត្រការ៉េ និងអគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មាន៥២៧គ្រែ។ 
 
មានអគារ​ព្យាបាល​កម្រិត​ស្រាល​ (H3, H4, H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​ និង​ព័ត៌មាន​ (A)​ មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ចំនួន២៣៤ គ្រែ រួមទាំងមានចំណត​រថយន្ត​សម្រាប់ ២១០គ្រឿង។ លើសពីនេះ មន្ទីរពេទ្យនេះ ក៏មានចំណតឧទ្ធម្ភាគចក្រសម្រាប់ដឹកជញ្ជូនអ្នកជំងឺក្នុងករណីបន្ទាន់ អមដោយសួនច្បារបៃតង ផងដែរ។ 
 
លោក ឈាង រ៉ា បន្តរៀបរាប់ថា ៖ «មន្ទីរពេទ្យ​​ បានបំពាក់នូវឧបករណ៍ពេទ្យស្របតាមស្តង់ដារនៃមន្ទីរពេទ្យអន្តរជាតិ និងបទដ្ឋានបច្ចេកទេស  ដែលមានសមត្ថភាពបម្រើជូនប្រជាពលរដ្ឋ​នូវសេវាពិនិត្យ ព្យាបាលច្រើនប្រភេទ រួមទាំងសេវាឯកទេស»។  
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឱ្យទៅប្រើប្រាស់សេវាកម្មនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាពដើម្បីទទួលបាននូវសេវាសុខភាព សុខាភិបាលប្រកបដោយគុណភាព។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព។
 
«បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយបញ្ជាក់ម្តងហើយម្តងទៀតអំពីគោលនយោបាយរដ្ឋាភិបាលដែលផ្តល់អាទិភាពខ្ពស់លើវិស័យអប់រំ និងសុខាភិបាល។
 
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ធ្វើឡើងស្របតាមកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦របស់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ពោលគឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។
 
ក្រោយរៀបចំពិធីក្រុងពាលីសាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចដាក់ឱ្យបម្រើសេវាកម្មសាកល្បងរបស់មន្ទីរពេទ្យនេះ តាំងពីចុងខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ជាពិសេសការផ្តល់សេវាព្យាបាលជូនពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង៕ 
 

Tag:
 សុខាភិបាល
  មន្ទីរពេទ្យជាតិសុខាភិបាល
  មន្ទីរពេទ្យជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com