អន្តរជាតិ
អ្នកជំនាញ​ថា អតិផរណា​នៅ​នីហ្សេរីយ៉ា​នឹង​បន្ត​ទៅ​មុខ​ បើ​អត្រា​ប្ដូរ​ប្រាក់​មិន​មាន​ស្ថិរភាព
24, Oct 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ មនុស្ស​ម្នាក់​កាន់​ក្រដាស​ប្រាក់ ១.០០០ ​ណៃរ៉ា (Naira) របស់​នីហ្សេរីយ៉ា នៅ​រដ្ឋធានី​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ មនុស្ស​ម្នាក់​កាន់​ក្រដាស​ប្រាក់ ១.០០០ ​ណៃរ៉ា (Naira) របស់​នីហ្សេរីយ៉ា នៅ​រដ្ឋធានី​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា នៅ​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២។
ដោយ: VOA
អត្រា​អតិផរណា​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​កាលពី​ខែ​កញ្ញា​បាន​បន្ត​ឡើង​ខ្ពស់ ដោយ​ឡើង​ពី​អត្រា ២៥,៨% ដែល​ជា​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​កាលពី​ខែ​សីហា។

 
បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន អត្រា​អតិផរណា​បាន​កើន​ឡើង​ចំនួន ៥,៩៤% បើ​ធៀប​ទៅនឹង​អត្រា​អតិផរណា​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០២២ ដែល​នៅ​ពេល​នោះ​មាន​តែ​ចំនួន ២០,៧៧% ប៉ុណ្ណោះ។
 
ការិយាល័យ​ជាតិ​ស្ថិតិ​នៃ​ប្រទេស​នីហ្សេរីយ៉ា​បាន​ឱ្យ​ដឹង​ថា និន្នាការ​កើន​ឡើង​នៃ​អតិផរណា​នេះ​គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​តម្លៃ​មុខ​ទំនិញ​ស្បៀង​អាហារ​នានា​ដូចជា​នំប៉័ង គ្រាប់​ធញ្ញជាតិ សាច់ បន្លែ ទឹកដោះ​គោ ត្រី ផ្លែឈើ និង​ប្រេងឆា​ជាដើម។
 
អ្នក​តាមដាន​សេដ្ឋកិច្ច​បាន​និយាយ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​រួម​មាន​ទាំង​ការ​លុបចោល​នូវ​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រេង​ឥន្ធនៈ​កាលពី​ខែ​ឧសភា​ផង​ដែរ គឺ​ជា​កត្ដា​ដែល​បណ្ដាល​ឱ្យ​អត្រា​អតិផរណា​នេះ​ឡើង​ខ្ពស់។ អ្នក​ទាំង​នេះ​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​ទៅ​មុខ។
 
លោក Ogho Okiti ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ThinkBusiness Africa បាន​និយាយ​ថា៖ «គោល​នយោបាយ​ទាំង​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ​នោះ​ទេ។ នៅ​ពេល​យើង​ធ្វើ​កំណែ​ទម្រង់ គឺ​យើង​ធ្វើ​វា​ជា​បន្ត​បន្ទាប់​រហូត។ អ្វី​ដែល​កំពុង​កើតឡើង​គឺ​ថា ​ពួកគេ​រៀន​សូត្រ​ដោយ​ផ្ទាល់​ពី​ការងារ។ អតិផរណា​នេះ​អាច​នឹង​កើន​ទៅ​ដល់​អត្រា ២៨% ឬ ២៩% បើ​មើល​ទៅ​លើ​និន្នាការ​បច្ចុប្បន្ន​នេះ។ មូលហេតុ​គឺ​សាមញ្ញ​បំផុត​គឺ​ថា​អតិផរណា​នៅ​នីហ្សេរីយ៉ា​នឹង​មិន​មាន​ស្ថិរភាព​ទេ​រហូត​ទាល់តែ​ដល់​ពេល​ដែល​អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព។ នៅ​ពេល​នេះ តម្លៃ​ប្រាក់​ណៃរ៉ា (Naira) របស់​នីហ្សេរីយ៉ា​បាន​ធ្លាក់ចុះ​ជាង ១០០% ចាប់​ពី​ខែ​មិថុនា​មក​ទល់​នឹង​ពេល​នេះ»។
 
ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Bola Tinubu បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​គោល​នយោបាយ​ខ្លាំងក្លា​ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ឡើង​កាន់​អំណាច​កាល​ពី​ខែ​ឧសភា​មក ដោយ​បាន​លុបចោល​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រេង​ឥន្ធនៈ​ដែល​មាន​តម្លៃ​ខ្ពស់។ កន្លង​មក ប្រាក់​បដិភាគ​នេះ​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ធានា​ថា ​តម្លៃ​ប្រេង​ឥន្ធនៈ​ស្ថិត​ក្នុង​អត្រា​មួយ​ដែល​ពលរដ្ឋ​មាន​លទ្ធភាព​អាច​ទិញ​បាន។
 
បន្ទាប់​មក លោក Tinubu បាន​អនុញ្ញាត​ឱ្យ​តម្លៃ​ប្រាក់​ណៃរ៉ា (Naira) របស់​នីហ្សេរីយ៉ា​ប្រែប្រួល​ទៅ​តាម​តម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​ប្រាក់​នេះ​បាត់​បង់​តម្លៃ​ជាង​ពាក់​កណ្ដាល។
 
ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ដោយ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នីហ្សេរីយ៉ា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។
 
នៅ​ក្នុង​ខែ​តុលា​នេះ សហជីព​កម្មករ​នីហ្សេរីយ៉ា​បាន​លុបចោល​នូវ​ផែនការ​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ជាមួយ​អាជ្ញាធរ។
 
លោក Okiti បាន​ថ្លែង​ថា សម្ពាធ​នឹង​បន្ត​កើនឡើង​លើ​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ក៏​ដូចជា​លើ​អ្នក​ប្រើ​ប្រាស់​ផងដែរ។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «មាន​សម្ពាធ ៣ ប្រភេទ គឺ​សម្ពាធ​សង្គម នយោបាយ និង​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កំពុង​ប្រឈម។ ខ្ញុំ​សង្ឃឹម​ថា សម្ពាធ​នេះ​នឹង​មិន​រីក​រាល​ដាល​ដល់​អ្វី​ដែល​មាន​លក្ខណៈ​មហន្តរាយ​ខ្លាំង​នោះ​ឡើយ ដោយសារតែ​ពលរដ្ឋ​នីហ្សេរីយ៉ា​នឹង​ទទួល​យក​នូវ​គំនិត​យល់​ខុស​នេះ។ តែ​តាម​ពិត​វា​ប្រហែល​ជា​មិន​អ៊ីចឹង​នោះ​ទេ»។
 
ប៉ុន្តែ លោក Emeka Okengwu ដែល​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ថា សេដ្ឋកិច្ច​នីហ្សេរីយ៉ា​ប្រហែល​ជា​មាន​ស្ថានភាព​អាក្រក់​ជាង​នេះ ប្រសិន​បើ​គ្មាន​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាលទេនោះ។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិន​បើ​ប្រធានាធិបតី​មិន​បាន​លុបចោល​នូវ​ប្រាក់​បដិភាគ​របស់​រដ្ឋាភិបាល​សម្រាប់​ប្រេង​ឥន្ធនៈ ហើយ​ត្រូវ​ចំណាយ​លើស​ពី​ប្រាក់​ចំណូល​ទាំង​អស់​ទៅ​លើ​សេវា​សង្គម តើ​អ្នក​គិត​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច? សេដ្ឋកិច្ច​នឹង​ដួល​រលំ​តែ​ម្ដង ហើយ​ពេល​នោះ អ្នក​នឹង​មិន​និយាយ​អំពី​រឿង​អតិផរណា​ទៀត​ទេ។ អ្វី​ដែល​អ្នក​នឹង​និយាយ​នោះ​គឺ​រឿង​តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់​កប់​ពពក។ ពេល​ខ្លះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គឺ​ជា​រឿង​ពិបាក​មួយ។ ពេល​ខ្លះ​យើង​ត្រូវ​តែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​អាក្រក់​មួយ​រយៈ​សិន»។
 
អតិផរណា​នៅ​នីហ្សេរីយ៉ា​បាន​ឡើង​ដល់​អត្រា​តួលេខ​ពីរ​ខ្ទង់​តាំង​ពី​ឆ្នាំ ២០១៦ មក។ នៅ​ក្នុង​ការ​ប្រកាស​ទៅ​កាន់​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ទី ១ ខែ​តុលា លោក​ប្រធានាធិបតី Tinubu បាន​ការពារ​គោល​នយោបាយ​របស់​លោក ​និង​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​នីហ្សេរីយ៉ា​មាន​ការ​អត់ធ្មត់។
 
កាលពី​ពេល​ថ្មីៗ​នេះ ធនាគារ​កណ្ដាល​នីហ្សេរីយ៉ា​បាន​ដក​ចេញ​នូវ​បម្រាម​ពាក់​ព័ន្ធ​នឹង​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​ផ្លូវការ​នៅ​បរទេស​សម្រាប់​ទំនិញ​ចំនួន ៤៣ មុខ​ដូចជា​ស្រូវ ស៊ីម៉ង់តិ៍ ផលិតផល​ប្រេង​ដូង ប្រេង​ផលិត​ពី​បន្លែ និង​សាច់​កៃច្នៃ​ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com