អន្តរជាតិ
កូរ៉េខាងត្បូង ចាប់ទូកដឹកជនជាតិកូរ៉េខាងជើង៤នាក់ ដែលប្រុងភៀសខ្លួន
24, Oct 2023 , 3:39 pm        
រូបភាព
អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ឃាត់ទូកមួយដែលដឹកជនជាតិកូរ៉េខាងជើង៤នាក់ នៅថ្ងៃទី២៤ ខែតុលា។ នេះបើការបញ្ជាក់ពីយោធារបស់កូរ៉េខាងត្បូង។ អ្នកទាំង៤ ត្រូវជឿថាមានបំណងចង់ភៀសខ្លួនពីកូរ៉េខាងជើង។

 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីកូរ៉េខាងត្បូងបានទទួលរបាយការណ៍ពីអ្នកនេសាទរបស់ខ្លួនពីវត្តមានទូកមួយគ្រឿងនៅដែនសមុទ្រនៃទីក្រុង Sokcho ។ ទូកនោះក៏ត្រូវបានឃាត់ដោយយោធាកូរ៉េខាងត្បូងសម្រាប់ការស៊ើបអង្កេត។
 
«ទូកឈើតូចមួយនេះបានឈប់នៅទីក្រុង Sokcho ភាគខាងកើតប្រទេស ក្រោយពេលដែលបានប្រទះឃើញនៅជិតខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលជាព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរនៅព្រឹកថ្ងៃទី២៤ ខែតុលា»។ អគ្គសេនាធិការយោធាកូរ៉េខាងត្បូងបញ្ជាក់បែបនេះ។ 
 
អាជ្ញាធរយោធា និងចារកម្មរបស់កូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមការស៊ើបអង្កេតហេតុផលដែលជនទាំង៤រូបនោះឆ្លងដែនខុសច្បាប់។ អាជ្ញាធរកូរ៉េខាងត្បូង មិនបានបញ្ជាក់អត្តសញ្ញាណមនុស្សទាំង៤ ឡើយ បានដោយត្រឹមមានបុរសម្នាក់ និងស្រ្តី៣នាក់។
 
នេះជាលើកដំបូងគិតតាំងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រជាជនកូរ៉េខាងជើង ប៉ុនប៉ងភៀសខ្លួនចូលកូរ៉េខាងត្បូងតាមកប៉ាល់ដោយប្រើដែនទឹកនៅសមុទ្រខាងកើត។ កាលនោះ កូរ៉េខាងត្បូងបានបញ្ជូនប្រជាជនកូរ៉េខាងត្បូង២នាក់ត្រឡប់ទៅវិញ៕

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com