ជាតិ
កម្ពុជា ប្តេជ្ញាចិត្តការពារសត្វ«ផ្សោត» មិនឱ្យផុតពូជ
24, Oct 2023 , 8:59 pm        
រូបភាព
កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចការពារសត្វផ្សោត ខណៈសត្វផ្សោតរស់នៅទន្លេមេគង្គមានប្រមាណ១០០ក្បាលប៉ុណ្ណោះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ក្នុងពិភពលោក ដែលមានវត្តមានសត្វផ្សោតទឹកសាបដ៏កម្រ រស់នៅក្នុងទន្លេមេគង្គ។

 
ប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរជាតិស្តីពី៖ ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡុំប៊ី​ នាថ្ងៃទី ២៤តុលា ឆ្នាំ២០២៣​ ដែលជាទិវាសត្វផ្សោតពិភពលោក។ បើតាម កញ្ញា អ៊ឹម រចនា រដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងកិច្ចប្រជុំអន្តរជាតិនេះ​ កម្ពុជាបានបង្ហាញពីសក្កានុពលនៃធនធានជលផល និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការការពារសត្វផ្សោតទន្លេមេគង្គ។  
 
កញ្ញា​ រចនា បន្តរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មយ៉ាងដូច្នេះ៖ «​រដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ដល់កិច្ចការអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមនយោបាយបញ្ចកោណ ដោយគាំទ្រ និងជំរុញការចូលរួមពីគ្រប់ភាគី​រាប់ចាប់តាំងពីសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្ត្រ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ធននឹងការប្រែប្រួលអាកាសធាតុ»។ 
 
ជាមួយគ្នានេះ អ្នកនាង មាស សុខសោភា តារាចម្រៀងរបស់កម្ពុជា ដែលមានអ្នកគាំទ្ររហូត៥,៦លាននាក់ ក្នុងបណ្តាញសង្គម បានបង្ហាញនូវមោទកភាពរបស់ខ្លួន តាមរយៈច្រៀងបទ៖«ផ្សោតដួងចិត្ត»។ តារាចម្រៀងរូបនេះ​ បានបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសអំពីសត្វផ្សោតទន្លេមេគង្គ ដែលត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិត។​ 
 
តារាចម្រៀង មាស សុខសោភា បានអះអាងថា៖ «នេះ គឺជាមោទកភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវថែរក្សា ការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាំតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន»។​
 
ផ្សោតទឹកសាប៦ប្រភេទ កំពុងប្រឈមការផុតពូជ ដែលទាមទារឱ្យប្រទេស ដែលនៅសេសសល់វត្តមានសត្វនេះ​ ត្រូវតែរួមគ្នាការពារ និងផ្តល់ទីជម្រកឱ្យពួកវា។  បើតាមលោក សេង ទៀក នាយកអង្គការមូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ការចូលរួមពីគ្រប់ភាគីទាំងអស់ ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។​ តួយ៉ាងដូចនៅក្នុងការប្រជុំអន្តរជាតិស្តីពី៖ ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» កម្ពុជា​ ក៏ដូចប្រទេសឯទៀត បានប្តេជ្ញារួមគ្នា ការពារសត្វផ្សោតទឹកសាបពិភពលោក។ 
 
រយៈពេល១០ខែមកនេះ កម្ពុជាទទួលបានសត្វផ្សោតកើតថ្មីចំនួន៧ក្បាល ក្នុងនោះងាប់ទៅវិញ៤ក្បាល។ ទិន្ន័យនេះ បង្ហាញសញ្ញាវិជ្ជមានជាងឆ្នាំ២០២២ ដែលមានផ្សោតកើតថ្មីត្រឹម ៦ក្បាល និងងាប់ទៅវិញរហូតដល់១១ក្បាល។ កំណើននេះ ត្រូវបាន WWF ចាត់ទុកថា ជាក្ដីសង្ឃឹមសម្រាប់កិច្ចការពារ និងស្ដារសត្វកម្រនេះ ឱ្យបន្តរស់នៅក្នុងទន្លេមេគង្គ ដែលជាទីពឹងរបស់មនុស្សរាប់លាននាក់។ 
 
ក្ដីសង្ឃឹមនេះ បានមកពីការចូលរួមរបស់រដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានដាក់ចេញវិធានការយាមល្បាតទាំងថ្ងៃ និងយប់។ ជាពិសេស ជំរុញការអនុវត្តច្បាប់ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងតំបន់ផ្សោតរស់នៅ។
 
ក្នុងពិព័រណ៍រូបថត «សត្វផ្សោតទន្លេមេគង្គ» កាលពីថ្ងៃទី១៨ ខែតុលា លោក សេង ទៀក បានថ្លែងថា៖ « នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាល ជាពិសេស ក្រសួងកសិកម្ម បានចាត់វិធានការតឹងរឹង និងជាក់លាក់មួយចំនួន តាមរយៈការអនុវត្តច្បាប់ ការល្បាត២៤ម៉ោង លើ២៤ម៉ោង ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទក្នុងតំបន់ការពារផ្សោត។ ជាលទ្ធផល ឃើញថា ឆ្នាំនេះអត្រាកើតរបស់កូនផ្សោតមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗ ហើយអត្រាស្លាប់ បានថយចុះគួរឱ្យកត់សម្គាល់»។ 
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទ នៅក្នុងពិភពលោក ។ វាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួនបីប៉ុណ្ណោះក្នុងពិភពលោក រួមមានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។ 
 
របាយការណ៍នៃការសិក្សាតាមដានសត្វផ្សោត ទន្លេមេគង្គក្នុងឆ្នាំ២០២០ បានបង្ហាញថា សត្វផ្សោតទន្លេមេគង្គមានប្រមាណ៨៩ក្បាលប៉ុណ្ណោះ។  បច្ចុប្បន្នក្នុងរដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោតប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ១៨០គីឡូម៉ែត្រ។
 
ផ្សោតទន្លេមេគង្គជារតនសម្បត្តិជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»។ ទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វផ្សោតទន្លេមេគង្គ ។ ទន្លេនេះក៏ជាប្រភពមួយដ៏សំខាន់ ក្នុងការផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ការរស់នៅរបស់ប្រជាជន។  
 
ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គគាំទ្រដល់វិស័យកសិកម្ម និងនេសាទប្រកបដោយនិរន្តរភាព ដែលប្រជាជនរាប់លាននាក់កំពុងពឹងអាស្រ័យ សម្រាប់របរចិញ្ចឹមជីវិតជាអាហារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លំហូរបែបធម្មជាតិនៃទន្លេមេគង្គគឺជាកត្តាចាំបាច់បំផុត ដែលធានាបាននូវអត្ថប្រយោជន៍សំខាន់ៗខាងលើរបស់ប្រជាជន សម្រាប់រយៈពេលវែង ក៏ដូចជាការបន្តរស់រានមានជីវិតរបស់សត្វផ្សោត នៅក្នុងទន្លេមេគង្គ៕ 

Tag:
 ផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com