អន្តរជាតិ
ចិនប្រាប់អុីស្រាអែលថា ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន ប៉ុន្តែត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ
24, Oct 2023 , 4:21 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៣ ខែតុលា បានប្រាប់សមភាគីអ៊ីស្រាអែល លោក Eli Cohen ថា រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោសទោស ការធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល និងការបំពានច្បាប់អន្តរជាតិ។ លោកវ៉ាង បានទទួលស្គាល់ថា ប្រទេសទាំងអស់មានសិទ្ធិការពារខ្លួន ប៉ុន្តែក៏ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិផង។

 
ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន និងអ៊ីស្រាអែលយ៉ាងខ្លាំង ដោយប្រជាជនជាច្រើនម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែង និងភៀសខ្លួនចេញពីតំបន់ជម្លោះ។ ប្រជាជនច្រើនជាង ៥ពាន់នាក់ បានស្លាប់ក្នុងជម្លោះនេះ។ 
 
ក្នុងកិច្ចសន្ទនាតាមប្រព័ន្ធទូរសព្ទនៅថ្ងៃទី២៣ ខែតុលា ជាមួយសមភាគីអ៊ីស្រាអែល លោក Eli Cohen លោក វ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានជះឥទ្ធិពលដល់ពិភពលោកទាំងមូល និងមានពាក់ព័ន្ធនឹងការសម្រេចចិត្តដ៏សំខាន់ជុំវិញសង្រ្គាម និងសន្តិភាព។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតចិនបានបង្ហាញពីក្តីបារម្ភជុំវិញការរីកសាយនៃជម្លោះ រួមទាំងស្ថានភាពកាន់តែអាក្រក់ឡើង។ អ៊ីស្រាអែល មិនត្រឹមតែប៉ះទង្គិចជាមួយក្រុមហាម៉ាសនៅក្នុងតំបន់កាហ្សា ស្ថិតនៅភាគខាងត្បូងប្រទេសឡើយ ប៉ុន្តែអ៊ីស្រាអែល មានការបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលទៅវិញទៅមក ជាមួយក្រុម Hezbullah  ដែលគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ព្រំដែនភាគខាងជើងផងដែរ។ 
 
បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង ថ្កោលទោសសកម្មភាពទាំងអស់ ធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល និងការបំពានច្បាប់អន្តរជាតិ។ មន្រ្តីការទូតជាន់ខ្ពស់ចិន បានប្រាប់សមភាគីអ៊ីស្រាអែលថា ប្រទេសទាំងអស់ មានសិទ្ធិការពារខ្លួន ប៉ុន្តែប្រទេសទាំងអស់ ក៏ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
លោក វ៉ាង ទំនងអំពាវនាវឱ្យអ៊ីស្រាអែលបើកច្រកមនុស្សធម៌ និងមានការប្រុងប្រយ័ត្នលើការវាយប្រហារនៅតំបន់កាហ្សាដើម្បីការពារជីវិតប្រជាជនស៊ីវិល។ 
 
ច្រក Rafah គ្រប់គ្រងដោយអេហ្ស៊ីបមួយប៉ុណ្ណោះ ជាផ្លូវទៅកាន់កាហ្សា។ 
 
ក្នុងកិច្ចសន្ទនានៅថ្ងៃទី២៣ ខែតុលាដដែលនោះ លោកវ៉ាង បានទទូចឱ្យអ៊ីស្រាអែល និងហាម៉ាស ចូលតុចរចា និងគិតគូរពីស្ថានភាពបច្ចុប្បន្ន និងសន្តិភាព និងសន្តិសុខរយៈពេលយូរអង្វែង។ ប្រមុខការទូតចិន បានអះអាងថា ចិននឹងគាំទ្រយ៉ាងមុតមាំចំពោះអ្វីដែលរួមចំណែកទៅដល់សន្តិភាព និងការស្តារទំនាក់ទំនងឡើងវិញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ 
 
ក្នុងថ្ងៃដដែលនោះ លោកវ៉ាង បាននិយាយទូរសព្ទជាមួយរដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីន លោក Riyad Al-Maliki ផងដែរ ដោយលោកបានប្តេជ្ញាជួយប្រជាជនប៉ាឡេស្ទីន ពាក់ព័ន្ធនឹងសន្តិសុខ អាហារ ថ្នាំពេទ្យ ជាជាងសង្រ្គាម ការផ្តល់អាវុធ និងគ្រាប់រំសេវ។
 
ចំណែកលោក Riyad Al-Maliki បានអំពាវនាវឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស រួមទាំងដឹកជញ្ជូនជំនួយមនុស្សធម៌ទៅឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាភាគខាងត្បូង។ 
 
លើសពីនេះ លោកវ៉ាង បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន ហើយសហគមន៍អន្តរជាតិ គួរតែចាត់វិធានការបន្ទាន់ ដើម្បីរួមចំណែកលើការកាត់បន្ថយភាពតានតឹង។ អាម៉េរិក បានប្រើសិទ្ធិវេតូមិនឱ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីសម្រេចលើជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាសឡើយ ក្រោមហេតុផលសេចក្តីសម្រេចនោះ មិនបានបញ្ជាក់ពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល៕
 

Tag:
 ចិន
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com