អន្តរជាតិ
ប្រមុខការទូតអុីស្រាអែល ចង្អុលមុខប្រមុខUN ដែលរិះគន់ការបំពានច្បាប់មនុស្សធម៌នៅហ្កាហ្សា
25, Oct 2023 , 11:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Eli Cohen ខឹងសម្បានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី២៤ ខែតុលា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Eli Cohen ខឹងសម្បានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី២៤ ខែតុលា។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Eli Cohen នៅថ្ងៃទី២៤ ខែតុលា បានបង្ហាញពីភាពខឹងសម្បាលើអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែលបានរិះគន់អ៊ីស្រាអែលពីការបំពានច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់កាហ្សា។ នៅចំពោះមុខតំណាងប្រទេសផ្សេងទៀត លោក Cohen បានចង្អុលមុខ និងប្រើពាក្យសម្តីខ្លាំងដាក់ លោក ហ្គូតេរ៉េស។

 
ដោយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ានៅតែបន្ត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែតុលា ដើម្បីពិភាក្សាពីការដោះស្រាយជម្លោះ ជំនួយមនុស្សធម៌ និងបទឈប់បាញ់ជាដើម។ នៅចំពោះមុខតំណាងសមាជិករដ្ឋទាំង១៥ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា ប្រជាជនអ៊ីស្រាអែល បានក្លាយជាមុខសញ្ញានៃការគ្រប់គ្រងរយៈពេល ៥៦ឆ្នាំហើយ។ 
 
បន្ថែមពីនេះ ប្រមុខ UN បានបង្ហាញពីក្តីបារម្ភនៃការបំពានច្បាប់មនុស្សធម៌អន្តរជាតិ ដែលកំពុងកើតមាននៅតំបន់កាហ្សា។ ទំនងសំដៅដល់អ៊ីស្រាអែល លោក ហ្គូតេរ៉េស បានលើកឡើងថា គ្មានភាគី ក្នុងជម្លោះប្រដាប់អាវុធណាមួយ អាចយកច្បាប់មនុស្សធម៌អន្តរជាតិ មកទ្រាប់អង្គុយបានទេ។ 
 
ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់កាហ្សា ប្រជាជនប៉ាឡេស្ទីន ជាច្រើនពាន់នាក់ បានបាត់បង់ជីវិត និងប្រជាជនជាច្រើនម៉ឺននាក់ផ្សេងទៀត បានភៀសខ្លួន។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែល បានបិទច្រកព្រំដែនចូលក្នុងតំបន់កាហ្សា មិនឱ្យដឹកជំនួយមនុស្សធម៌ចូលថែមទៀត។ 
 
ការលើកឡើងរបស់ប្រមុខUN បានធ្វើឱ្យរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Eli Cohen ខឹងសម្បាយ៉ាងខ្លាំង និងចង្អុលមុខលោក ហ្គូតេរ៉េស ក្នុងក្រុមប្រឹក្សាសន្តិសុខ នៅចំពោះមុខតំណាងរដ្ឋសមាជិកដទៃទៀត។ 
 
ដោយប្រើពាក្យសម្តីខ្លាំង លោក Cohen បានបង្ហាញពីតួលេខអ្នកស្លាប់រួមទាំងកុមារផង ទៅកាន់ប្រមុខ UN និងតំណាងរដ្ឋផ្សេងទៀត ចាប់តាំងពីវាយប្រហារនៅក្នុងថ្ងៃទី៧ ខែតុលាមក។ តួលេខនេះ ជាចំនួនដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្លោះរបស់អ៊ីស្រាអែល។ 
 
បន្ថែមពីនេះ លោក Cohen បានច្រានចោលពាក្យចោទប្រកាន់ដែលថាអ៊ីស្រាអែលចង់គ្រប់គ្រងតំបន់កាហ្សា។ បើតាមប្រមុខការទូតរូបនេះ អ៊ីស្រាអែល បានប្រគល់តំបន់កាហ្សាទៅប្រជាជនប៉ាឡេស្ទីន ដោយមិនទុកសូម្បីមួយមីលីម៉ែត្រនៅក្នុងឆ្នាំ២០០៥ ពេលដែលកម្លាំងអ៊ីស្រាអែលបានដកខ្លួនចេញពីតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ស្របគ្នានេះ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Gilad Erdan បានសរសេរលើបណ្តាញសង្គម X ដោយអំពាវនាវឱ្យលោកហ្គូតេរ៉េស លាលែងពីតំណែងថែមទៀត ក្រោមហេតុផលយោគយល់លើក្រុមភេរវកម្ម និងឧក្រិដ្ឋកម្ម។ អ៊ីស្រាអែល និងបណ្តាប្រទេសមួយចំនួនទៀត បានចាត់ទុកក្រុមហាម៉ាស ជាក្រុមភេរវករ។ 
 
ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ ១៤០០នាក់ បានបាត់បង់ជីវិត ខណៈប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាច្រើនជាង ៥៧០០នាក់ បានស្លាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាសពីកម្លាំងអ៊ីស្រាអែល។ 
 
តាមរយៈការប៉ះទង្គិចចុងក្រោយ កម្លាំងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅរបស់ស៊ីរីមួយចំនួន ក្រោយពីមានគ្រាប់រ៉ុក្កែតមួយចំនួន បានបាញ់ពីស៊ីរីសំដៅមកលើសហគមន៍អ៊ីស្រាអែលស្ថិតនៅតំបន់ Golan Heights។ យោធាអ៊ីស្រាអែលថា ខ្លួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ស៊ីរីមួយចំនួន៕ 

Tag:
 អុីស្រាអែល
  UN
  ក្រុមប្រឹក្សាសន្តិសុខ
  ប៉ាឡេស្ទីន
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com