អន្តរជាតិ
នយោបាយអន្តរជាតិ
សមុទ្រចិនខាងត្បូង៖ លោក បៃឌិន ព្រមានចិនចំៗថា បើហ៊ានវាយហ្វីលីពីន អាម៉េរិកលូកដៃ 
ការប៉ះទង្គិចគ្នារវាងកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិននិងទូកផ្គត់ផ្គង់របស់ហ្វីលីពីននៅជិតឆ្នេរ Second Thomas Shoal កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ រូបភាព ៖ AFP
×![]()
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានព្រមានចិនជាថ្មីៗថា អាម៉េរិកនឹងមិនឈរឱបដៃឡើយ បើហ៊ានវាយប្រហារលើហ្វីលីពីនជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង។ ការលើកឡើងនេះ ធ្វើឡើងក្រោយការប៉ះទង្គិចគ្នាជាថ្មីរវាងនាវាហ្វីលីពីន និងចិននៅក្នុងដែនទឹកដែលកំពុងតែមានជម្លោះមួយនេះ។
សេចក្តីថ្លែងការណ៍របស់លោក ចូ បៃឌិន ស្តីពីសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២៥ ខែតុលា ជាសញ្ញាណជាក់លាក់មួយក្នុងការជួយហ្វីលីពីន ចាប់តាំងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានឡើងកម្តៅក្នុងប៉ុន្មានខែថ្មីៗនេះ។
«ខ្ញុំចង់ឱ្យច្បាស់ ហើយកាន់តែច្បាស់លាស់ នូវការប្តេជ្ញាចិត្តការពារជាតិរបស់អាម៉េរិកចំពោះហ្វីលីពីនគឺមានភាពរឹងមាំ។ កិច្ចព្រមព្រៀងការពារជាតិអាម៉េរិកជាមួយហ្វីលីពីនមានលក្ខណៈជាដែកថែប។ ការវាយប្រហារណាមួយប្រឆាំងនឹងយន្តហោះ នាវា ឬកងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីននឹងបើកដៃឲ្យសន្ធិសញ្ញាការពារទៅវិញទៅមករបស់យើងទៅជាមួយហ្វីលីពីន»។ នេះជាពាក្យរបស់លោក បៃឌិន។
អាម៉េរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមកនៅឆ្នាំ១៩៥១ ជាមួយហ្វីលីពីនដែលជាអតីតអាណានិគមរបស់ខ្លួន។
នៅថ្ងៃទី២២ ខែតុលា នាវាឆ្មាំឆ្នេរសមុទ្ររបស់ចិនមួយគ្រឿងបានប៉ះទង្គិចគ្នាជាមួយនឹងទូករបស់ហ្វីលីពីនដែលផ្គត់ផ្គង់សម្ភារៈទៅឱ្យកងទ័ពហ្វីលីពីនដែលរស់នៅលើនាវាច្រែះចាប់ BRP Sierra Madre ដែលចតនៅកោះ Second Thomas Shoal។ ទោះឧប្បត្តិហេតុមិនបានបង្កឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ ចិន និងហ្វីលីពីនដំឡើងសសៃកដាក់គ្នាជាថ្មី។
ជុំវិញរឿងនេះ លោក បៃឌិន បានប្រឆាំងម្តងទៀតថា នាវាចិនបានធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់នៅពេលដែលការប៉ះទង្គិចបានកើតឡើង។
ឯរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr. បាននិយាយថា នាវាចិនមានចេតនាវាយប្រហារទូកហ្វីលីពីន ដោយចោទប្រកាន់ចិនថាបំភ្លៃរឿងឱ្យសមនឹងគោលបំណងរបស់ខ្លួន ។
ហ្វីលីពីនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់អាម៉េរិក ដោយសារប្រទេសនេះមានព្រំប្រទល់ជាប់តំបន់ក្តៅពីរនៅប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បង និងតៃវ៉ាន់។
ចាប់តាំងពីប្រធានាធិបតី Ferdinand Marcos Jr ចូលកាន់តំណែងនៅខែមិថុនា ឆ្នាំ២០២២ និងបានស្ដារសម្ព័ន្ធភាពហ្វីលីពីនជាមួយអាមេរិក រដ្ឋាភិបាលហ្វីលីពីនកាន់តែមានតតាំងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង៕
Tag:
អាម៉េរិក
ចិន
ហ្វីលីពីន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com