អន្តរជាតិ
ហ្វីលីពីននិងចិនចោទគ្នាទៅមករឿងនាវាប៉ះគ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ឯអាម៉េរិកចេញមុខព្រមាន
23, Oct 2023 , 4:59 pm        
រូបភាព
នាវាឆ្មាំសមុទ្រចិន និងកប៉ាល់ដឹកសម្ភារៈយោធាហ្វីលីពីន បានប៉ះទង្គិចគ្នាជាថ្មីនៅឯសមុទ្រចិនខាងត្បូង។ ហ្វីលីពីន ចង្អុលមុខចិនឱ្យទទួលខុសត្រូវចំពោះរឿងនេះ ហើយថែមទាំងហៅចិនអ្នកឈ្លានពានដែលបង្កើតភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ ចិនដែលការពារសកម្មភាពនាវារបស់ខ្លួន ប្រាប់ឱ្យហ្វីលីពីនគោរពអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនខាងត្បូងដែរ។ អាម៉េរិកក៏នៅមិនស្ងៀម និងចេញមុខផ្ញើសារថា ខ្លួននឹងជួយហ្វីលីពីនក្នុងករណីមានជម្លោះប្រដាប់អាវុធ។

នៅថ្ងៃទី២២ ខែតុលា នាវាឆ្មាំឆ្នេរសមុទ្ររបស់ចិនមួយគ្រឿងបានប៉ះទង្គិចគ្នាជាមួយនឹងទូករបស់ហ្វីលីពីនដែលផ្គត់ផ្គង់សម្ភារៈទៅឱ្យកងទ័ពហ្វីលីពីនដែលរស់នៅលើនាវាច្រែះចាប់ BRP Sierra Madre ដែលចតនៅកោះ Second Thomas Shoal។ ទោះឧប្បត្តិហេតុមិនបានបង្កឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ ចិន និងហ្វីលីពីនដំឡើងសសៃកដាក់គ្នាជាថ្មី។
 
«ឧប្បត្តិហេតុបែបនេះនឹងបង្ហាញថាវាមិនមែនជាហ្វីលីពីនទេដែលជាអ្នកឈ្លានពាន ប៉ុន្តែជាភាគីម្ខាងទៀត ដែលជាចិន»។ អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បាននិយាយបែបនេះនៅសន្និសីទសារព័ត៌មានថ្ងៃទី២៣ ខែតុលា។ 
 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ក៏បានបើកកិច្ចប្រជុំសន្តិសុខនៅថ្ងៃដដែលដើម្បីពិភាក្សាអំពីការបំពានរបស់ចិន ហើយបានបញ្ជាឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនស៊ើបអង្កេតឧប្បត្តិហេតុនេះ។ លើសពីនេះ​ ក្រុង​ម៉ានីល​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិនជុំវិញរឿងនេះដូចគ្នា ខណៈពេលដែលស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ក៏បានដាក់ពាក្យតវ៉ាតបវិញទៅកាន់ហ្វីលីពីនតបវិញដែរ។
 
នៅទិក្រុងប៉េកាំងនៅថ្ងៃទី២៣ ខែតុលានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានជំរុញឱ្យហ្វីលីពីនយកចិត្តទុកដាក់លើការព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ដោយបញ្ឈប់ការធ្វើសមយុទ្ធដ៏គ្រោះថ្នាក់នេះ ក៏ដូចជាបញ្ឈប់បង្កើតភាពតានតឹងបន្ថែមទៀតនៅសមុទ្រចិនខាងត្បូង។
 
បើតាមឆ្មាំឆ្នេរសមុទ្រចិន ការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងកប៉ាល់របស់ខ្លួន នឹងទូកហ្វីលីពីននេះ កើតឡើងខណៈពេលដែលឆ្មាំឆ្នេរសមុទ្រចិនកំពុងរារាំងទូកហ្វីលីពីនពីការដឹកជញ្ជូនសម្ភារសំណង់ដែលខ្លួនចាត់ទុកថាខុសច្បាប់។
 
ភាពតានតឹងរវាងចិន និងហ្វីលីពីនមានការកើនឡើងគួរឱ្យកត់សំគាល់ក្រោមការដឹកនាំរបស់លោក Marcos Jr ។ ជាញឹកញយ លោកប្រធានាធិបតីបានត្អូញត្អែរពីអាកប្បកិរិយាឈ្លានពានរបស់ទីក្រុងប៉េកាំង ហើយក៏បានបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអាម៉េរិកដែលសម្ព័ន្ធមិត្តប្រពៃណីរបស់ហ្វីលីពីន។
 
លើរឿងនេះ ទីក្រុងវ៉ាស៊ីនតោន ក៏ចេញមកព្រមានដែរថា ខ្លួននឹងជួយទីក្រុងម៉ានីលក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកដែលផ្សាយដោយស្ថានទូតអាម៉េរិកនៅម៉ានីល អាម៉េរិកប្រកាសឈរជាមួយហ្វីលីពីនប្រឈមមុខនឹងទង្វើខុសច្បាប់របស់ចិន៕
 
 
 
 
 
 
 

Tag:
 ហ្វីលីពីន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com