ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅកម្ពុជា អ្នក​ស្រឡាញ់ភេទដូចគ្នាអាច​រស់នៅជាមួយគ្នាបានដោយពុំមាន​ទោសទណ្ឌឡើយ
27, Oct 2023 , 2:13 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា
លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពីថ្ងៃទី​២៦ ខែតុលា បាន​ផ្សព្វផ្សាយ​របាយការណ៍សង្ខេប​ស្តីពីស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជា។ របាយការណ៍សង្ខេប៦ទំព័រនេះ បង្ហាញពី​ទិដ្ឋភាពវិជ្ជមាន​នៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះក៏មាន​ការ​លើកស្ទួយសិទ្ធិអ្នក​ស្រឡាញ់ភេទដូចគ្នា​ផងដែរ។

 
«ទោះបីជា​រដ្ឋធម្មនុញ្ញ និង​ច្បាប់កម្ពុជា មិនទាន់ទទួលស្គាល់​នូវ​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់ភេទដូចគ្នាយ៉ាងណាក៏ដោយ ក៏អ្នកស្រឡាញ់ភេទ​ដូចគ្នាអាច​រៀបចំពិធី និង​រួមរស់នៅជាមួយ​គ្នា​បាន ដោយពុំមានទោសទណ្ឌអ្វីនោះឡើយ»។ នេះជាការ​បញ្ជាក់​នៅ​ក្នុងរបាយការណ៍។
 
ស្ថាប័ន​ថ្នាក់ជាតិ​ដែលដឹកនាំដោយ​លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​អះអាងថា កម្ពុជា​លើកស្ទួយ​នូវសិទ្ធិអ្នក​ស្រឡាញ់​ភេទដូចគ្នា ដោយ​ទប់ស្កាត់​រាល់ទង្វើ​ទាំងឡាយដែលជាការ​រើសអើងពួក​គេ ខណៈ​បណ្តា​ប្រទេសមួយចំនួន​ចាត់ទុក​សកម្មភាព ជាពិសេសអាពាហ៍ពិពាហ៍អ្នក​ស្រឡាញ់ភេទដូចគ្នា ជា​បទល្មើសព្រហ្មទណ្ឌ។
 
ក្នុង​របាយការណ៍ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្ហាញពី​ឆន្ទះនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការការពារ​ និងលើកកម្ពស់​សិទ្ធិមនុស្ស រួមទាំងកិច្ច​សហការអន្តរជាតិ ជាពិសេស​ការ​ផ្តល់សច្ចាប័នទទួល​យក​សន្ធិសញ្ញា អនុសញ្ញា និង​កតិកាសញ្ជាទាំងឡាយ​ដែលទាក់ទងនឹងសិទ្ធិមនុស្ស។
 
គ្មានទោស​ប្រហារជីវិត ការ​ចូលរួម​គ្រប់យន្តការ​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ យន្តការក្នុងតំបន់អាស៊ាន ការពង្រឹង​សុខសន្តិភាព កិច្ចព្រមព្រៀមកិច្ច​សហប្រតិបត្តិការសម័ន្ធភាព​រវាងគណបក្សនយោបាយ​ចំនួន​២៨ ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្សជាតិ។ ទាំងនេះ ជាចំណុច​គន្លឹះដែលគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង។
 
ជាមួយគ្នានេះ របាយការណ៍ បាន​អះអាងថា សិទ្ធិរស់មាន​ជីវិត​ត្រូវបានធានា សិទ្ធិសេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ ត្រូវ​បាន​ពង្រឹង និងលើកកម្ពស់។ ក្នុងន័យនេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញឱ្យឃើញពីកិច្ច​ប្រឹងប្រែង​របស់រដ្ឋាភិបាលក្នុងការជួយ​ដល់​អ្នកងាយរងគ្រោះពីកូវីដ-១៩ ក៏ដូចជាការពង្រីក​សេវាសុខភាព កម្មវិធីជំនួយសង្គម និង​ការ​យក​ចិត្តទុក​ដាក់​លើបញ្ហា​ផ្សេងៗ​របស់ប្រជាពលរដ្ឋ។
 
សេរីភាព​ផ្នែកជំនឿ​សាសនា, កម្មវិធី​ជំនួយផ្នែកច្បាប់ ការយក​ចិត្តទុក​ដាក់​ស្ថានភាព​អ្នក​ជាប់ឃុំ និងមណ្ឌល​ស្នាក់នៅ​របស់រដ្ឋ ឯកជន និងអង្គការនានា, សេរីភាព​នៃការ​បង្កើត​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បច្ចុប្បន្នមានជាង៦០០០, សិទ្ធិទទួលព័ត៌មាន​ដែលមានប្រព័ន្ធផ្សព្វផ្សាយជាង​២០០០, សេរីភាពនៃការជួបជុំសម្តែងមតិ សុទ្ធតែ​កត្តាដែល​បង្ហាញឱ្យឃើញពី​ការ​គោរព ការ​លើកកម្ពស់ និង​ការ​ការពារសិទ្ធិមនុស្ស ហើយកម្ពុជា​តែងតែបង្ហាញពីកង្វល់​របស់ខ្លួន​លើ​បញ្ហា​អសន្តិសុខពិភពលោក ជាពិសេស​ព្រឹត្តិការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com