ជាតិ
វីដេអូ
អ្នកស្រី ហូ ផាច ​កំពុងចូលរួមរក្សាវត្តមានតម្បាញកន្ទេល នៅឃុំលាងដៃ ស្រុកអង្គរធំ
27, Oct 2023 , 9:59 pm        
រូបភាព
អ្នកស្រី ហូ ផាច និងក្មួយស្រី កំពុងត្បាញកន្ទេលផ្អាវ នៅភូមិកំប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
អ្នកស្រី ហូ ផាច និងក្មួយស្រី កំពុងត្បាញកន្ទេលផ្អាវ នៅភូមិកំប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សៀមរាប៖ អ្នកស្រី ហូ ផាច ជាអ្នកត្បាញកន្ទេលផ្អាវមួយរូប រស់នៅក្នុងឃុំលាងដៃ ស្រុក​អង្គរ​​ធំ ខេត្តសៀមរាប។ ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ បានចាប់ការងារហត្ថកម្មនេះ តាំងពីអាយុ១៣​ឆ្នាំមកម្ល៉េះ ដោយរៀនការងារនេះពីម្ដាយរបស់ខ្លួន។ បើតាមអ្នកស្រី ផាច នៅជុំវិញលំនៅ​ខ្លួន​លែងមានដើមផ្អាវ ដែលអាចយកមកធ្វើកន្ទេលទៀតហើយ។ បច្ចុប្បន្នដើម្បីបានផ្អាវ​យក​មកធ្វើ​កន្ទេលស្ត្រីរូបនេះត្រូវធ្វើដំណើរទៅខេត្តកំពង់ធំ និងចូលព្រៃដើម្បីកាប់ផ្អាវនេះ។ ទោះការងារនេះនឿយ តែអ្នកស្រីថា ខ្លួនចង់រក្សារបរនេះ ឱ្យរស់ក្នុងមូលដ្ឋានខ្លួនបន្តទៀត​។



តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី និងអ្នកស្រី ហូ ផាច ដូចខាងក្រោម៖ 
 

មានបទពិសោធជាង៤០ឆ្នាំ ក្នុងការងារត្បាញកន្ទេល អ្នកស្រី ហូ ផាច ថាការងារនេះ ជា​ការ​ងារ​ពិបាកមួយ ពោលគឺជាការងារដែលត្រូវការអត់ធ្មត់ រាប់តាំងពីការ​ទៅរកកាប់​ដើម​ផ្អាវ, ពុះ, ហាល ដើម្បីបានជាសរសៃផ្អាវ។ ឯការងារតម្បាញទៀតសោត ក៏ទាមទារពេល​វេលា​ច្រើន​ដែរ ទម្រាំងត្បាញបានកន្ទេលមួយៗ។ 
 
បើតាមអ្នកស្រី ផាច បច្ចុប្បន្នក្នុងមូលដ្ឋានខ្លួន គឺភូមិតាប្រុក លែងមានដើមផ្អាវទៀតហើយ ឯក្នុងព្រៃអង្គរធំ ក៏ខ្សត់ដែរ។ ដូច្នេះពេលត្រូវការដើមផ្អាវយកមកធ្វើកន្ទេល អ្នកស្រីត្រូវធ្វើដំណើរ ទៅខេត្តកំពង់ធំ រកកាប់ផ្អាវ។ 
 
ទោះបីការងារតម្បាញកន្ទេលលំបាក តែវាក៏ជាការងារដែលផ្តល់ចំណូលបន្ទាប់បន្សំ ពីរបរ​ស្រែ​ចម្ការរបស់ខ្លួនដែរ។ ​សម្រាប់អ្នកស្រី ផាច​ មិនចង់ឱ្យរបរមួយនេះបាត់​បង់​​​ឡើយ ហើយវា​គួរត្រូវបាន​អភិរក្សទុក។ ជាការរួមចំណែក អ្នកស្រី ផាច បាន និងកំពុងបណ្ដុះបណ្ដាលក្មួយស្រី​ម្នាក់ឱ្យរៀនតម្បាញកន្ទេលផ្អាវ តពីខ្លួន។ 
 
គួរជម្រាបផងដែរថា មិនត្រឹមតែដើមផ្អាវទេ ដែលត្រូវបានប្រជាជនខ្មែរយកត្បាញកន្ទេល ពោលគឺមានរុក្ខជាតិជាច្រើន។ ឯកន្ទេលដែលយករុក្ខជាតិណាមកតម្បាញនោះ គេហៅកន្ទេលនោះតាមឈ្មោះរុក្ខជាតិ។ ជាក់ស្ដែងដូចជា កន្ទេលរំចេក, កន្ទេលផ្អាវ, កន្ទេលកក់, កន្ទេលរុន, កន្ទេលចចូត, កន្ទេលឫស្សី, កន្ទេលផ្តៅ, កន្ទេលស្លឹកត្នោត, កន្ទេលស្លឹកទ្រាំង ជាដើម។ 
 
លោកអ្នកដែលចង់ជួយ​ជាវកន្ទេលផ្អាវ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៩២ ៧៦ ៨០៦។ លោកអ្នក ក៏អាចទៅជាវដោយផ្ទាល់ និងស្វែងយល់បន្ថែមពីការងារតម្បាញរបស់អ្នកស្រី ហូ ផាច ដោយផ្ទាល់បានដែរល ដែលលំនៅដ្ឋានរបស់គាត់ ស្ថិត​ក្នុងភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕ 
 

Tag:
 ThmeyThmey
  តម្បាញ
  ហូ ផាច
  កន្ទេលផ្អាវ
  សៀមរាប
  អង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com