ជាតិ
សេដ្ឋកិច្ច
បង់រំលស់អស់ជិត៣ម៉ឺនដុល្លារ តែផ្ទះអ្នកស្រី ណៃហួយ ត្រូវបុរីរឹបអូសយកវិញ ក្រោយអស់លទ្ធភាព 
×![]()
ក្រោយអស់លទ្ធភាពបង់ប្រាក់ប្រចាំខែ ផ្ទះដែលអ្នកស្រី ស្រ៊ុង ណៃហួយ បង់រំលស់សុទ្ធជាមួយក្រុមហ៊ុន បុរីពិភពថ្មី ត្រូវបានក្រុមហ៊ុនរឹបអូសយកទៅវិញ ដោយគ្មានសំណងអ្វីឡើយ។ អ្នកស្រី ស្រ៊ុង ណៃហួយ ដែលបន្តទាមទាររកដំណោះស្រាយពីក្រុមហ៊ុន បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ផ្ទះដែលក្រុមហ៊ុនបានរឹបអូសយកវិញនោះ អ្នកស្រី បានបង់រំលស់សុទ្ធអស់ជាង ២៨ ០០០ដុល្លារអាម៉េរិក។
«ខ្ញុំអស់លទ្ធភាពហើយ[បង់រំលស់] ខ្ញុំខ្ចីលុយគេ និងលក់ឡានអស់មួយ ដើម្បីបង់ថ្លៃផ្ទះ និងចំណាយប្រចាំថ្ងៃសព្វគ្រប់នានា»។ អ្នកស្រី ស្រ៊ុង ណៃហួយ បានថ្លែងបែបនេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាអំឡុងពេលមកតវ៉ាទាមទារឱ្យក្រុមហ៊ុនគោរពគោលការណ៍ និង ដោះស្រាយចំពោះផ្ទះដែលត្រូវបានរឹបអូសពីអតិថិជន នៅមុខការិយាល័យបុរីពិភពថ្មី នាព្រឹកថ្ងៃទី២៧តុលានេះ។ បើតាមអ្នកស្រី បានបញ្ជាក់ក្រុមហ៊ុនបុរីពិភពថ្មីបានរឹបអូសយកផ្ទះទៅវិញ កាលពីខែមេសា ឆ្នាំ២០២៣។
អ្វីដែល អ្នកស្រី ណៃហួយ ក៏ដូចអតិថិជនមួយចំនួនទៀត តវ៉ាទាមទារពីក្រុមហ៊ុនបុរីពិភពថ្មី គឺការទូទាត់ប្រាក់៥០ភាគរយឱ្យម្ចាស់ផ្ទះដែលត្រូវរឹបអូស និងត្រូវចេញលិខិតធានាក្នុងទិញផ្ទះចូលវិញក្នុងតម្លៃ៥០ភាគរយចំពោះអតិថិជនដែលអស់លទ្ធភាពបន្តបង់ថ្លៃផ្ទះ រួមទាំងក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យានានា។ យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនបុរីពិភពថ្មី ពុំទាន់មានការឆ្លើយតបនៅឡើយ ជុំវិញទាមទាររបស់ពលរដ្ឋនេះ៕
ដើម្បីជ្រាបច្បាស់ សូមលោក-អ្នក ទស្សនាវីដេអូ ខាងក្រោមនេះតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com