ជាតិ
ស្ថានទូតខ្មែរនៅជប៉ុន រៀបពិធីច្រូតស្រូវ-ដាល់អំបុក នៅតំបន Fujisawa នាថ្ងៃទី២៩តុលា
28, Oct 2023 , 3:00 pm        
រូបភាព
លោក ទុយ រី ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន កំពុងថ្លែងក្នុងពិធីដាល់អំបុកភូមិខ្ញុំ ក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នៅថ្ងៃទី ២៩ តុលា។ រូបថត៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅជប៉ុន
លោក ទុយ រី ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន កំពុងថ្លែងក្នុងពិធីដាល់អំបុកភូមិខ្ញុំ ក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នៅថ្ងៃទី ២៩ តុលា។ រូបថត៖ ហ្វេសប៊ុកស្ថានទូតខ្មែរនៅជប៉ុន
ភ្នំពេញ៖ ស្ថា​នទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅវាលស្រែក្នុងស្រុកហ្វីជីហ្សាវ៉ា (Fujisawa) ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នៅថ្ងៃទី ២៩ តុលា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

 
កម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនៅតំបន់ហ្វីជីហ្សាវ៉ា ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមការងារ ESEA និងសហគមន៍ខ្មែរក្នុងប្រទេសជប៉ុន។ ការរៀបចំនេះ មានគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការក្នុងប្រទេសជប៉ុន ឱ្យចូលរួមលើកស្ទួយថែរក្សាមរតកវប្បធម៌ទំនៀមទំលាប់ដ៏ប្រពៃរបស់កម្ពុជា។ នេះបើតាមព័ត៌មានពីស្ថា​នទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលសារព័ត៌មានថ្មីៗទទួលបាន។ 
 
ស្ថា​នទូតកម្ពុជាប្រចាំប្រទេសជប៉ុនយល់ឃើញយ៉ាងដូច្នេះ៖ «សកម្មភាពនៃការច្រូតស្រូវ យកមកបោកបែន រោយ អុំ ដើម្បីយកស្រូវទៅដាល់អំបុកទទួលទាន វាបង្ហាញពីអត្តសញ្ញាណ ដែលមានតាំងពីយូរលុងណាស់មកហើយ ដល់កូនខ្មែរជំនាន់ក្រោយ ក្នុងប្រទេសជប៉ុនឱ្យយល់ពីទំនៀមទំលាប់ និងបន្តស្មារតីថែរក្សាវប្បធម៌»។ ក្រៅពីនេះ តាមរយៈរូបភាពនៃកម្មវិធីខាងលើ ស្ថា​នទូតកម្ពុជាប្រចាំប្រទេសជប៉ុនរំពឹងថា នឹងបង្កើតឱកាសដល់ ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅប្រទេសផ្សេង អាចពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងស្ថានទូត ក៏ដូចជាពលរដ្ឋខ្មែរនៅជប៉ុនផងដែរ។ 
 
កម្មវិធីនេះ ស្ថានទូតបញ្ជាក់ថាអាចមានអ្នកចូលរួមប្រមាណ៣០០នាក់។ កន្លងមក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តែងរៀបចំកម្មវិធីខាងលើជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានខកខាននៅក្នុងអំឡុងស្ថានភាពរីករាលដាលនៃកូវីដ-១៩ កន្លងទៅ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងប្រទេសជប៉ុន២ម៉ឺននាក់។ 
 
សូមជម្រាបថា ​ព្រះពិធី​បុណ្យ​ចូល​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ ប្រចាំឆ្នាំ២០២៣ នឹងធ្វើឡើងពីថ្ងៃទី២៦-២៨ វិច្ឆិកា៕ 
 

Tag:
 កម្ពុជា-ជប៉ុន
  ដាល់អំបុក
© រក្សាសិទ្ធិដោយ thmeythmey.com