ជាតិ
រោងចក្រចំនួន ៣ នឹងត្រូវបានបើកដំណើរការ នៅព្រះសីហនុ និងស្វាយរៀង
28, Oct 2023 , 8:10 pm        
រូបភាព
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
រូបភាពពី៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន៤ទៀត ដែលមាន​ទុនវិនិយោគ​ប្រមាណ​១៣​លាន​ដុល្លារ បង្កើត​រោងចក្រ​នៅ​ខេត្តស្វាយរៀង និងព្រះសីហនុ ។  ក្រុមហ៊ុន​វិនិយោគ​ទាំង​៤នេះ នឹង​ផ្តល់ឱ្យ​ការងារ​ដល់​ពលរដ្ឋ បាន​ជិត ៨០០កន្លែង​។ 
 
ក្រុមហ៊ុន​ទាំង​៣ ដែល​CDC បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ​ដើម្បីឱ្យ​អនុវត្ត​គម្រោង​វិនិយោគ​នៅ​កម្ពុជា​នោះ ​មាន​ ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD  នឹងបង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់, តម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក នៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ បោះទុនប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៣១៣កន្លែង។
 
ដោយឡែក ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD. គ្រោងបង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ក្នុងខេត្តព្រះសីហនុ។  រោងចក្រនេះ មានដើមទុន ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែងផងដែរ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD  ក៏គ្រោងបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ក្នុងដើមទុនប្រមាណ ១,៣លានដុល្លារអាម៉េរិក។ រោងចក្រនេះ អាចបង្កើតការងារបានចំនួន ៤២កន្លែង នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
 
ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD នឹងបង្កើតរោងចក្រផលិតសម្ភារៈវេច នៅខេត្តព្រះសីហនុ ជាមួយដើមទុន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែងផងដែរ៕

Tag:
 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com