ជាតិ
អ្នកច្នៃប្រឌិតច្រើនវិស័យ ជួបគ្នានៅសៀមរាប ដើម្បីចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
28, Oct 2023 , 7:10 pm        
រូបភាព
អ្នកច្នៃប្រឌិត ពីប្រទេសនានាកំពុងជជែកពិភាក្សា នាកម្មវិធី «Climate Futures #2» នៅក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកច្នៃប្រឌិត ពីប្រទេសនានាកំពុងជជែកពិភាក្សា នាកម្មវិធី «Climate Futures #2» នៅក្រុងសៀមរាប ខេត្តសៀមរាប។
សៀមរាប៖ អ្នកចូលរួមចំនួន៣៥នាក់ មកពីវិស័យផ្សេងៗគ្នា ដូចជាសិល្បករ, សាស្ត្រាចារ្យ, អ្នកស្រាវជ្រាវ, អ្នកបង្កើតគោលនយោបាយ និងស្ថាប័នក្រសួង មកពីតំបន់អាស៊ី, កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត បានចូលរួមសន្នីសីទ «Climate Futures #2»។ សន្នីសីទនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប។

 

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំគំនិតច្នៃប្រឌិត យកមកពិភាក្សា, បំផុសគំនិត តាមរយៈស្នាដៃសិល្បៈ ស្ថាបត្យកម្ម បច្ចេកវិទ្យា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលពិភពលោកកំពុងជួបប្រទះ។ 
 

សកម្មភាពឡើងបទបង្ហាញរបស់អ្នកចូលរួម ក្នុងកម្មវិធី «Climate Futures #2»។

«ការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាបញ្ហារបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ឬវិស័យណាមួយនោះទេ គឺវាជាបញ្ហាទាំងអស់គ្នា។ ដូច្នេះអ្នកទាំងអស់គ្នាត្រូវចូលរួមដោះស្រាយបញ្ហានេះ»។ នេះជាការលើកឡើងរបស់លោក Piti Srisangnam នាយកប្រតិបត្តិ នៃមូលនិធិអាស៊ាន (ASEAN Foundation)។ 
 

លោក Piti Srisangnam នាយកប្រតិបត្តិ នៃមូលនិធិអាស៊ាន (ASEAN Foundation)។ 

នាសន្នីសីទនោះ លោក Piti Srisangnam មើលឃើញថាសិល្បៈជាមធ្យាបាយមួយ ដែលធ្វើឱ្យមនុស្សយល់កាន់តែច្បាស់ពីបម្រែបម្រួលអាកាសធាតុ តាមរយៈស្នាដៃរបស់ពួកគេ។ លោកបន្តថា សិល្បករមានមធ្យោបាយពិសេសៗពន្យល់មនុស្សទូទៅឱ្យយល់ពីបញ្ហាកាន់តែលម្អិត តាមរយៈស្នាដៃរបស់ពួកគេ។ 
 
សិល្បៈមានច្រើនទម្រង់។ សិល្បៈមិនមែនត្រឹមតែជាគំនូរ, ការដំឡើង ឬផ្ទាំងទស្សនិយភាពប៉ុណ្ណោះទេ ប៉ុន្តែសិល្បៈអាចពន្យល់មនុស្សឱ្យមើលឃើញពីបញ្ហា ដែលមនុស្សទូទៅមើលមិនឃើញ ឬមិនយល់ តាមរយៈការពន្យល់ដោយប្រើប្រាស់ស្នាដៃសិល្បៈរបស់ពួកគេ។ 
 

សិល្បករ និងអ្នកច្នៃប្រឌិតមកពីបណ្ដាប្រទេសផ្សេងៗគ្នា នាកម្មវិធី «Climate Futures #2»។ 

សម្រាប់លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មើលឃើញពីសារៈសំខាន់ នៃសិល្បលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនេះដែរ។ ការចូលរួមរបស់សិល្បករ ទៅលើការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ តាមរយៈស្នាដៃសិល្បៈក្រោមទម្រង់ ឬរូបភាពផ្សេងៗ ដើម្បីអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។
 

លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក មិន ចណ្ឌីណាវុធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាកម្មវិធី «Climate Futures #2»។ 

លោកមានប្រសាសន៍ថា៖ «ជាការពិតសិល្បករមានសារសំខាន់ ដោយសារគាត់ជាតួអង្គមួយដែលពលរដ្ឋភាគច្រើនស្គាល់។ ដូច្នេះហើយការសម្ដែង ការបង្ហាញទម្រង់ណាមួយក្នុងការទប់ស្កាត់ ឬការពារ(បម្រែប្រមួលអាកាសធាតុ)វាជះឥទ្ធិពលឱ្យពលរដ្ឋយកគំរូតាម។ អ៊ីចឹងហើយ ការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ វាធ្វើឱ្យមានការចូលរួមចំណែកច្រើនពីប្រជាពលរដ្ឋ»។
 
ក្នុងសន្នីសីទរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា បទបង្ហាញ, ការពិភាក្សា, សិក្ខាសាលា, កំណាព្យ, ការបំផុសគំនិត, គំនិត Environmentally Friendly, បច្ចេកវិទ្យាត្រូវបានធ្វើឡើងយ៉ាងឈ្មុសឈ្មុល ដើម្បីជាដំណោះស្រាយ ឆ្ពោះទៅកាន់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ 
 
«ដោយសារសិល្បៈ គឺជាលំហនៃគំនិត។ សិល្បករមានតួនាទីក្នុងការបំផុសគំនិត ដោយលើកយកប្រធានបទបរិស្ថានយកទៅកែច្នៃ ជាស្នាដៃសិល្បៈ ដើម្បីបង្ហាញសម្រាប់ការយល់ដឹង»។ នេះជាការលើកឡើងរបស់អ្នកស្រី យឹម ម៉ាលីន សិល្បករសហសម័យ ពីមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសៀមរាប។ នាកម្មវិធីនោះ អ្នកស្រីបានបង្ហាញពីស្នាដៃសិល្បៈរបស់ខ្លួន ដែលជាស្នាដៃសិល្បៈកែច្នៃរបស់របស់ប្រើប្រាស់ឡើងវិញ ដែលអ្នកស្រីហៅថា «Travelling Through Time»។ 
 

អ្នកស្រី យឹម ម៉ាលីន សិល្បករសហសម័យ ពីមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសៀមរាប។

ស្ត្រីខ្មែររូបនេះបន្ថែមថា កម្មវិធី «Climate Futures #2»នេះ គឺជាផ្នែកមួយដ៏សំខាន់ ចំពោះប្រជាជាតិអាស៊ាន បានស្វែងយល់ឱ្យស៊ីជម្រៅ លើវប្បធម៌​ ជំនឿ សាសនា ប្រពៃណី និងសិល្បៈជាដើម។ អ្នកស្រីរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនដូច្នេះ៖ «ខ្ញុំមានភាពកក់ក្ដៅ ដែលបានសហការគ្នាផ្លាស់ប្ដូរនូវបទពិសោធ ដើម្បីដើរទៅរកនិរន្តរភាព សហគមន៍មួយដែលមានជោគវាសនារួម»។ 
 
មិនខុសពីការលើកឡើងរបស់អ្នកចូលរួមទាំងអស់ខាងលើឡើយ អ្នកស្រី Ute Meta Bauer ក៏មើលឃើញពីសារសំខាន់នៃសិល្បៈ ក្នុងការចូលរួមទប់ស្កាត់ និងស្វែងរកដំណោះស្រាយរួមគ្នា លើបញ្ហាបម្រែបម្រួលអាកាសធាតុ។ 
 

អ្នកស្រី Ute Meta Bauer ស្ថាបនិកមជ្ឈមណ្ឌលសិល្បៈសហសម័យ នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី ។ 

ស្ថាបនិកមជ្ឈមណ្ឌលសិល្បៈសហសម័យ នៃសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រទេសសិង្ហបុរី មានប្រសាសន៍ថា សិល្បមានឥទ្ធិពលក្នុងការនិយាយទៅកាន់មនុស្ស ហើយសិល្បៈក៏អាចទាក់ទាញទេសចរឱ្យយល់អំពីសារៈសំខាន់ នៃកន្លែងធម្មជាតិដែលពួកគេទៅកម្សាន្ត។ សាស្ត្រចារ្យរូបនេះ បន្តថា ភាពទាក់ទាញនៃសិល្បៈ វាធ្វើឱ្យអ្នកទស្សនាមានការចងចាំរឿងទាំងនោះ បានយូរអង្វែងជាង និងលម្អិតជាង។ 
 
អ្នកស្រីបង្ហាញសុទិដ្ឋិនិយមខ្លួនដូច្នេះ៖ «វាពិតជាមានសារៈសំខាន់ណាស់ ដែលអ្នកសិល្បៈមកពីប្រទេសផ្សេងៗគ្នាអាចចូលរួមជាមួយគ្នានៅកន្លែងតែមួយ ជាមួយនឹងវត្តមានពីអ្នកមកពីស្ថាប័នរដ្ឋ ដើម្បីផ្លាស់ប្ដូរគំនិត និងចក្ខុវិស័យ។ វាជាពេលមួយ  យើងទាំងអស់គ្នាគួររួមដៃគ្នា និងយោគយល់គ្នា ក្នុងការ​ទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ស្របពេលពួកយើងកំពុងរងគ្រោះជាបណ្ដើរៗ»។ 
 
គួរជម្រាបផងដែរថា «Climate Futures» ជាកម្មវិធីមួយ ក្រោមគម្រោង KONNECT ASEAN ដែលគាំទ្រពី ASEAN-Republic នៃ Korea Cooperation Fund ដែលជួយដល់ មូលនិធិអាស៊ាន (ASEAN FOUNDATION)។ KONNECT ASEAN បានរៀបចំកម្មវិធី«Climate Futures» ទី១ ក្នុងឆ្នាំ២០២២ យ៉ាងជោគជ័យនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី និងបន្តធ្វើលើកទី២ ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ 

Tag:
 ThmeyThmey
  KONNECT ASEAN’s Climate Futures Conference #2
  សៀមរាប
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com