សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអឺរ៉ុបសម្រេចរក្សាអត្រាការប្រាក់ ក្រោយដំឡើង១០ដងជាប់ៗគ្នា​
29, Oct 2023 , 8:30 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៥ខែ ដោយសារវិបត្តិសេដ្ឋកិច្ចបង្ហាញសញ្ញាកាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្នអត្រាការប្រាក់បញ្ញើនៅតំបន់នេះស្ថិតក្នុងរង្វង់៤ភាគរយ។

 
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ២៦ ខែតុលា ECB បាននិយាយថា នឹងរក្សាអត្រាការប្រាក់យោងនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅកម្រិត ៤ភាគរយ ដែលនេះជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩ ។
 
អតិផរណាត្រូវបានព្យាករថានឹងនៅកម្រិតខ្ពស់ក្នុងរយៈពេលវែង ខណៈសម្ពាធតម្លៃនៅក្នុងតំបន់នៅតែខ្ពស់។ យ៉ាងណាមិញ អតិផរណានៅក្នុងខែកញ្ញាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយទិន្នន័យភាគច្រើនបង្ហាញថាអតិផរណាស្នូលនៅតែបន្តធ្លាក់ចុះ។ នេះបើតាមសេចក្តីប្រកាសរបស់ ECB ។ 
 
ECB បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ចាប់ពីខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីការដំឡើង ១០ដងជាប់ៗគ្នា អតិផរណាបានថយចុះពីកម្រិតខ្ពស់បំផុត ១០,៦ភាគរយកាលពីឆ្នាំមុនដល់ ៤,៣ភាគរយកាលពីខែមុន។
 
លោក Cyrus de la Rubia ប្រធានសេដ្ឋវិទូនៅធនាគារ Hamburg Commercial Bank បាននិយាយថា ៖« នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ អ្វីៗកាន់តែអាក្រក់ទៅៗ។ យើងមិនការភ្ញាក់ផ្អើលទេ ប្រសិនបើតំបន់ចាយប្រាក់អឺរ៉ូមានការធ្លាក់ចុះសេដ្ឋកិច្ចតិចតួចនៅក្នុងត្រីមាសទី២ឆ្នាំនេះ»។
 
អាល្លឺម៉ង់ដែលមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ត្រូវរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចម្តងទៀត បន្ទាប់ពីបានងើបឡើងវិញបន្តិចក្នុងត្រីមាសទី២។ ផលិតកម្មនៅទីនេះបានធ្លាក់ចុះជាច្រើនខែ ហើយនៅខែតុលាវិស័យសេវាកម្មក៏ធ្លាក់ចុះផងដែរ។
 
ការស្ទង់មតិរបស់ ECB ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះបានបង្ហាញថា តម្រូវការខ្ចីប្រាក់ពីអាជីវកម្ម និងប្រជាជនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣។ បណ្តាធនាគារ​ក៏​បន្ត​រឹត​បន្តឹង​ស្តង់ដារ​ផ្តល់​ប្រាក់​កម្ចីផងដែរ៕ 
 

Tag:
 ECB
  ធនាគារកណ្តាល
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com