អន្តរជាតិ
យោធាអ៊ីស្រាអែល ពង្រីកប្រតិបត្តិការយោធាផ្លូវគោកលើតំបន់កាហ្សាភាគខាងជើង
29, Oct 2023 , 10:40 am        
រូបភាព
រូបភាព AFP
រូបភាព AFP
យោធាអ៊ីស្រាអែល បានអះអាងថា កម្លាំងការពារអ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធានៅក្នុងតំបន់កាហ្សាភាគខាងជើង ដើម្បីតាមកម្ចាត់ក្រុមហាម៉ាស នៅថ្ងៃទី28 ខែតុលា។

 
 
ស្របពេលប្រតិបត្តិការយោធាកំពុងពង្រីកក្នុងតំបន់កាហ្សា យោធាអ៊ីស្រាអែលបានព្រមានពីប្រជាជននៅក្នុងតំបន់កាហ្សាថា ទីក្រុងក្នុងតំបន់នេះ បានក្លាយជាទីតាំងប្រយុទ្ធហើយ ដើម្បីកំចាត់ក្រុមហាម៉ាស។ 
 
«ទៅកាន់ប្រជាជនក្នុងតំប់កាហ្សា ទីក្រុងក្នុងតំបន់នេះបានក្លាយជាទីតាំងប្រយុទ្ធហើយ»។ យោធាអ៊ីស្រាអែលបានសង្កត់ធ្ងន់បែបនេះ តាមរយ:លិខិតដែលទម្លាក់តាមយន្តហោះចម្បាំង ដោយបន្តថា កន្លែងការពារក្នុងតំបន់កាហ្សាភាគខាងជើង មិនមែនសុវត្ថិភាពឡើយ។
 
ត្រង់ចំណុចនេះ អ៊ីស្រាអែល បានជំរុញឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាភាគខាងជើងភៀសខ្លួនទៅភាគខាងត្បូងជាបន្ទាន់ ដើម្បីសុវត្តិភាព។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលយោធាអ៊ីស្រាអែល បន្តវាយប្រហារដ៏ខ្លាំងក្លាលើតំបន់កាហ្សាភាគខាងជើង ដែលត្រូវបានជឿថាជាមូលដ្ឋានរបស់ក្រុមហាម៉ាស។
 
ចំណែកក្រុមហាម៉ាសវិញបានប្រកាសឆ្លើយតប នឹងកម្លាំងអ៊ីស្រាអែល ក្នុងកម្លាំងពេញលេញ។
 
ប្រមុខការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅថ្ងៃទី២៨ ខែតុលា បានថ្លែងថា បទបញ្ជាសម្រាប់កម្លាំងអ៊ីស្រាអែល គឺច្បាស់លាស់ ហើយប្រតិបត្តិការយោធានឹងបន្តរហូតដល់មានបទបញ្ជាថ្មី។
 
មកទល់ពេលនេះ ប្រជាជនប៉ាឡេស្ទីនច្រើនជាង៧ពាន់នាក់ បានស្លាប់បាត់បង់ជីវិត ខណៈប្រជាជនអ៊ីស្រាអែលមានជាង ១ពាន់នាក់៕

Tag:
 (អ៊ីស្រាអែល
  កាហ្សា)
© រក្សាសិទ្ធិដោយ thmeythmey.com