អន្តរជាតិ
កូរ៉េខាងជើងថា ការថ្កោលទោសរបស់អាម៉េរិក និងសម្ព័ន្ធមិត្តលើទំនាក់ទំនងជាមួយរុស្ស៊ីគឺជាការបង្ខូចកេរ្តិ៍ឈ្មោះ
29, Oct 2023 , 11:40 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
កូរ៉េខាងជើងបានប្រកាសនៅថ្ងៃទី២៨ ខែតុលាថា វាជាឆន្ទៈដ៏ខ្ជាប់ខ្ជួនរបស់ទីក្រុងព្យុងយ៉ាងក្នុងការពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ហើយក៏បានរិះគន់ពីការថ្កោលទោសរបស់អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ជុំវិញការផ្គត់ផ្គង់អាវុធដោយកូរ៉េខាងជើងទៅកាន់រុស្ស៊ី។

 
ពីរថ្ងៃបន្ទាប់ពីទទួលបានការថ្កោលទោសសំណាក់សម្ព័ន្ធមិត្តទាំងបី រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅថ្ងៃទី២៨ ខែតុលា បានថ្កោលទោសលើកិច្ចសហប្រតិបត្តិការយោធារវាង អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ហើយបានបញ្ជាក់ថា ទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូនឹងដើរតួជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ប្រសិនបើភាពគ្រោះថ្នាក់នៃសន្តិសុខនៅក្នុងតំបន់កើតឡើង។ 
 
«ប្រសិនបើពួកគេដឹងច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ពួកគេគួរតែបញ្ជាក់ជាមុនថាហេតុអ្វីបានជាសម្ព័ន្ធភាពយោធាត្រីកោណរបស់ពួកគេមិនបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ទៅវិញ»។ លោកស្រី Choe បាននិយាយបែបនេះ។ 
 
បន្ថែមពីលើនេះ លោកស្រីក៏បានបញ្ជាក់ថា វាគឺជាឆន្ទៈ ក៏ដូចជាជំហរដ៏មុតមាំរបស់កូរ៉េខាងជើង ក្នុងការពង្រីក និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី។ 
 
ដូចគ្នានឹងរុស្ស៊ី កូរ៉េខាងជើងក៏បានបដិសេធថា មិនបានធ្វើការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។
 
ជាការពិត សម្ព័ន្ធមិត្តទាំងបី នៅតែមិនសុខឡើយចំពោះការពង្រឹងទំនាក់ទំនងយោធារវាងកូរ៉េ​ខាង​ជើង​ និង​រុស្ស៊ីបន្ទាប់ពី​​មេដឹកនាំ​របស់​ប្រទេសទាំងពីរបាន​ជួប​គ្នាកាលពី​​ខែ​កញ្ញា​កន្លងទៅនៅ​​​រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏បានជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកាលពីថ្ងៃទី១៩ ខែតុលា ហើយបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។ 
 
ជាថ្នូរការផ្ដល់អាវុធពីសំណាក់កូរ៉េខាងជើង រុស្ស៊ីបានសន្យាជួយលើសមត្ថភាពបច្ចេកវិទ្យាយោធាវិញ ដែលរឹតតែធ្វើឱ្យប្រទេសទាំង៣បារម្ភកាន់តែខ្លាំង។ នៅថ្ងៃទី២៧ ខែតុលា រដ្ឋមន្រ្តីការបរទសកូរ៉េខាងត្បូង ផាក ជីន ប្រាប់សមាជិកសភាថា សេអ៊ូលនឹងធ្វើសកម្មភាពតបវិញមិនខាន បើមានរឿងនេះកើតឡើងមែន៕ 

Tag:
 (អាម៉េរិក
  កូរ៉េខាងជើង
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com