សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
TikTok, YouTube គ្រោងដាក់ពាក្យសុំធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឥណ្ឌូណេស៊ីឡើងវិញ
29, Oct 2023 , 9:40 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
TikTok និង YouTube កំពុងពិចារណាចូលរួមជាមួយ Meta ដើម្បីដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិកនៅឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញតាមអ៊ីនធឺណិតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។

 
កាលពីខែកញ្ញា ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានហាមឃាត់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅលើបណ្តាញសង្គម ក្រោមហេតុផលការពារពាណិជ្ជករខ្នាតតូច និងមធ្យម ក៏ដូចជាទីផ្សារក្រៅប្រព័ន្ធ ប៉ុន្តែបានធានាការពារទិន្នន័យអ្នកប្រើប្រាស់។
 
យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Momentum Works ជាមួយនឹងចំនួនប្រជាជនជាង ២៧០លាននាក់ ឥណ្ឌូណេស៊ីបានកត់ត្រាជិត ៥២ពាន់លានដុល្លារនៅក្នុងតម្លៃប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce)  នៅឆ្នាំ ២០២២។
 
ការហាមប្រាមខាងលើគឺជាការវាយប្រហារដ៏ធំមួយចំពោះ TikTok ដែលបានសន្យាវិនិយោគរាប់ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍ ភាគច្រើននៅឥណ្ឌូណេស៊ីដែលមានអ្នកប្រើប្រាស់ចំនួន ១២៥លាននាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយក្នុងការអភិវឌ្ឍន៍សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិក TikTok Shop របស់ខ្លួន។
ជុំវិញរឿងនេះ ក្រុមហ៊ុន TikTok ដែលជាកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Bytedance គ្រោងនឹងស្នើសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ។ TikTok កំពុងធ្វើការពិភាក្សាលើភាពជាដៃគូដែលមានសក្តានុពលជាមួយក្រុមហ៊ុន e-commerce ក្នុងស្រុក រួមទាំង Tokopedia របស់ GoTo ខណៈពេលដែលកំពុងបង្កើតកម្មវិធី TikTok Shop ដាច់ដោយឡែកសម្រាប់ឥណ្ឌូណេស៊ីផងដែរ។
 
មកទាល់ពេលនេះ TikTok ក៏មិនបានបញ្ជាក់ ឬបដិសេធថាខ្លួនកំពុងពិចារណាលើការស្នើសុំអាជ្ញាប័ណ្ណ ខណៈដែល Tokopedia មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានខាងលើនោះទេ។
 
ចំណែក YouTube របស់ Alphabet ក៏គ្រោងនឹងដាក់ពាក្យសុំអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ YouTube បានណែនាំសេវាកម្មទិញទំនិញនៅអាម៉េរិកសម្រាប់អ្នកបង្កើតដើម្បីផ្សព្វផ្សាយផលិតផល និងម៉ាកនៅលើវេទិកា។
 
លើសពីនេះ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយថា Meta Platforms ដែលជាម្ចាស់ Facebook និង Instagram បានដាក់ពាក្យសុំអាជ្ញាប័ណ្ណ e-commerce ក្នុងខែនេះ ដើម្បីផ្សាយពាណិជ្ជកម្មទំនិញនៅលើប្រព័ន្ធអ៊ីនធឺណែតរបស់ខ្លួន ។ 
 
អាជ្ញាបណ្ណនេះនឹងអនុញ្ញាតឱ្យអ្នកលក់ផ្សាយពាណិជ្ជកម្មទំនិញ និងធ្វើការស្ទង់មតិទីផ្សារ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យមានប្រតិបត្តិការក្នុងកម្មវិធីទេ ហើយបានបង្ហាញថា Meta កំពុងដាក់ពាក្យសុំអាជ្ញាប័ណ្ណសម្រាប់កម្មវិធី Facebook, WhatsApp និង Instagram ។
 
ដោយឡែកក្រសួងបញ្ជាក់ថា YouTube និង TikTok មិន​ទាន់​បាន​សុំ​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ៕

Tag:
 TikTok
  YouTube
© រក្សាសិទ្ធិដោយ thmeythmey.com