អន្តរជាតិ
ក្រសួងការបរទេសថៃជម្រុញឱ្យពលករ​ថៃ​ទាំងអស់​នៅអ៊ីស្រាអែលត្រឡប់​មក​ផ្ទះ​វិញ​
29, Oct 2023 , 7:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងការបរទេសថៃ នៅថ្ងៃទី២៨ ខែតុលា បានប្រកាសដល់ពលករថៃទាំងអស់ដែលរស់នៅអ៊ីស្រាអែល ឱ្យត្រឡប់មកថៃវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ខណៈពេលដែលអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហាម៉ាសបន្ថែមទៀត ។

 
បន្ទាប់ពីទទួលបានដំណឹងតាមរយៈការប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ថា ខ្លួននឹងពង្រីកប្រតិបត្តិការជើងគោក និងផ្លូវអាកាស ជាមួយនឹងការទម្លាក់គ្រាប់បែកធ្ងន់ៗពេញមួយយប់ នៅថ្ងៃទី២៨ ខែតុលា លើតំបន់កាហ្សាភាគខាងជើង ក្រសួងការបរទេសថៃបានបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួន ដោយព្រមានពលករថៃទាំងអស់នៅក្នុងអ៊ីស្រាអែលឱ្យត្រឡប់មកថៃវិញ ដោយសារតែបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
 
ចំពោះជនជាតិថៃដែលចង់ឡប់​ទៅប្រទសវិញ​អាច​ទាក់ទង​ទៅកាន់​សណ្ឋាគារ David Intercontinental ឬ​មជ្ឈមណ្ឌល​ជម្រក​។
 
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ក៏បានបង្ហោះសារពីការព្រួយបារម្ភរបស់រដ្ឋាភិបាលលើសុវត្ថិភាពរបស់ពលករថៃដែលកំពុងស្ថិតនៅក្នុងអ៊ីស្រាអែល ហើយបាន​ជំរុញ​ឱ្យក្រុម​គ្រួសារ​ជួយបញ្ចុះបញ្ចូល​សាច់​ញាតិ​របស់ខ្លួនដែលនៅទីនោះឱ្យ​ត្រឡប់​មកថៃ​វិញ​។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ជើងហោះហើរជម្លៀសមកកាន់អាកាសយានដ្ឋានអន្តរជាតិដនមឿងបានបញ្ជូនជនជាតិថៃចំនួន ១៣៤ នាក់តាមរយៈជើងហោះហើរ Lion Air SL៧០០៥ នៅម៉ោង ២ និង៥០នាទី ព្រឹក, ជនជាតិថៃចំនួន ១៧៩ នាក់តាមរយៈជើងហោះហើរ Air Asia FD៨៧៥៤ នៅម៉ោង ៤ និង៥០នាទី ព្រឹក និងជនជាតិថៃចំនួន ១៨០ នាក់ទៀតតាមរយៈជើងហោះហើរ Nok Air DD៩០៨៩ នៅពាក់កណ្តាលអធ្រាត្រ៕ 

Tag:
 (ថៃ
  អ៊ីស្រាអែល)
© រក្សាសិទ្ធិដោយ thmeythmey.com