អន្តរជាតិ
ហ្វីលីពីនឃាត់ខ្លួនមនុស្សជិត ៦០០ នាក់​ក្នុងពេលចុះត្រួតពិនិត្យ​ការជួញដូរ​មនុស្ស​
30, Oct 2023 , 8:30 am        
រូបភាព
រូបភាព AFP
រូបភាព AFP
អាជ្ញាធរហ្វីលីពីន បានប្រកាសនៅថ្ងៃទី២៨ ខែតុលាពីការឃាត់ខ្លួនមនុស្សជិត ៦០០ នាក់ក្នុងអំឡុងពេលចុះត្រួតពិនិត្យ មួយក្នុងទីក្រុងម៉ានីល ដែលមានករណីសង្ស័យថាបានធ្វើការជួញដូរផ្លូវភេទ និងប្រតិបត្តិការសកម្មភាពឆបោកតាមអ៊ីនធឺណិត។

 
 
នៅក្នុងចំណោមមនុស្សដែលប៉ូលិសហ្វីលីពីនបានឃាត់ខ្លួនលកាលពីយប់ថ្ងៃទី២៧ ខែតុលានោះ វាមានជនជាតិចិន កូរ៉េ វៀតណាម រួមទាំងហ្វីលីពីនផងដែរ។ នេះបើតាមការបញ្ជាក់ពីសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយប្រធានាធិបតី (PAOCC) ។ 
 
ជាមួយគ្នានេះ PAOCC បានបន្ថែមថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យនោះ ជនជាតិចិនពីរនាក់បាននិយាយថា ពួកគេ ត្រូវបានឃុំខ្លួនដោយបង្ខិតបង្ខំ ហើយក៏បានបង្ហាញពីស្លាកស្នាមដែលបន្សល់ការធ្វើទារុណកម្មលើដងខ្លួនពួកគេ។ 
 
លោក Crispin Remulla រដ្ឋមន្រ្តីយុត្តិធម៌ហ្វីលីពីនបានបញ្ជាក់ថា អាជ្ញាធរបានចាប់ផ្ដើមសម្ភាសជនដែលឃាត់ខ្លួនចំនួន ៥៩៨ នាក់ ដើម្បីអាចកំណត់ថាអ្នកណាជាជនរងគ្រោះ ឬជនសង្ស័យ។ ជាមួយគ្នានេះ ស្ថានទូតចិនក៏ត្រូវបានស្នើសុំឱ្យជួយកំណត់អត្តសញ្ញាណមនុស្សចំនួន ៩ នាក់ដែលសង្ស័យថាបានបង្កើតអាជីវកម្ម ដែលត្រូវបានផ្តល់អាជ្ញាប័ណ្ណថាជាក្រុមហ៊ុនហ្គេមអ៊ីនធឺណិតនេះ។ 
 
«វាគឺជាអាជីវកម្មដ៏ធំមួយដែលមានដើមទុនច្រើន ហើយរកប្រាក់ចេញពីការជួញដូរមនុស្ស»។ លោក Remulla បាននិយាយបែបនេះ។ 
 
ខណៈពេលដែលការព្រួយបារម្ភពីបញ្ហាបោកប្រាស់តាមអ៊ីនធឺណិត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែកើនឡើង លោក Remulla បានបន្ថែមថា អាជ្ញាធរកំពុងដាក់ពាក្យសុំដីកា ដើម្បីចូលពិនិត្យកុំព្យូទ័រដែលបានរកឃើញនៅខាងក្នុងបរិវេណនៃអាជីវកម្មនេះ ដែលត្រូវបានគេសង្ស័យថា មានការលួចបន្លំរូបិយប័ណ្ណ Crypto និងការល្បួងស្នេហាតាមអ៊ីនធឺណិត។
 
ស្រដៀងគ្នានេះ កាលពីខែ មិថុនាកន្លងទៅ មានមនុស្សជាង ២,៧០០ នាក់ត្រូវបានឃាត់ខ្លួន ដោយប៉ូលិសហ្វីលីពីន ក្នុងកំឡុងពេលចុះត្រួតពិនិត្យឆ្មក់នៅអគារជាច្រើនកន្លែង ក្នុងទីក្រុងម៉ានីល ដែលជនរងគ្រោះនៃការជួញដូរទាំងនេះ ត្រូវបានបង់ប្រាក់ដើម្បីជ្រើសរើសអ្នកលេងសម្រាប់ហ្គេមអនឡាញ៕ 

Tag:
 (ហ្វីលីពីន)
© រក្សាសិទ្ធិដោយ thmeythmey.com