ជាតិ
ទេសចរនឹងអាចទស្សនាប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ បានលម្អិតជាងមុន
30, Oct 2023 , 9:00 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ វង់ទស្សនាថ្មីចំនួន ២ខ្សែ នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នឹងអាចឱ្យភ្ញៀវទេសចរដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទនីមួយៗ។ វង់ទស្សនានេះ បានដាក់ឱ្យដំណើរការហើយ និងកំពុងរៀបចំកែលម្អ ចាក់ដី ដើម្បីឱ្យភ្ញៀវទេសចរមានភាពងាយស្រួលទស្សនាប្រាសាទសាយទេវតា និងប្រាសាទធម្មនន្ទ បានលម្អិតជាងមុន។

រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

ការរៀបចំខ្សែទស្សនានេះ បាននាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ បានបញ្ជាក់បែបនេះថា វង់ទស្សនាខ្សែទី១ មានចម្ងាយខ្លី ដែលអាចឱ្យទេសចរឈប់យានជំនិះនៅផ្នែកខាងជើង និងចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា រួចចេញតាមច្រកខាងជើង។

រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

បន្ថែមពីនេះ វង់ទស្សនាខ្សែទី២ ជាខ្សែទស្សនាវែង អាចឱ្យទេសចរទស្សនានៅប្រាសាទធម្មនន្ទ តាមសួនបណ្ដុះកូនឈើប្រាសាទតាកែវ និងចូលតាមច្រកខាងកើតប្រាសាទចៅសាយទេវតា។ ភ្ញៀវទេសចរ ក៏អាច​​ចាប់ផ្តើមទស្សនាចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា ភ្ជាប់ជាមួយស្ពានបុរាណ និងបន្តទស្សនាប្រាសាទចៅសាយទេវតាតាមច្រកខាងកើតបានផងដែរ។
 
សូមជម្រាបថា ប្រាសាទចៅសាយទេវតា កសាងឡើងនៅចុងសតវត្សទី១១ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ថ្វីដ្បិតជាប្រាសាទតូច តែចៅសាយទេវតាមានក្បួនក្បាច់ចម្លាក់ជាច្រើនមិនចាញ់ប្រាសាទធំប៉ុន្មាននោះទេ និងមានស្ពានហាលដ៏ទាក់ទាញនៅច្រកចូលខាងកើត៕
 
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com