អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អុីស្រាអែល​ពង្រីកប្រតិបត្តិការ​យោធា​លើតំបន់កាហ្សា ដោយអំពាវនាវឱ្យប្រជាជនចេញបណ្តោះអាសន្ន
30, Oct 2023 , 10:12 am        
រូបភាព
រូបភាព​ ៖ AFP
រូបភាព​ ៖ AFP
កងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជននៅភាគខាងជើងតំបន់កាហ្សា ផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព និងទទួលជំនួយគ្រប់គ្រាន់ ស្របពេលដែលយោធាខ្លួនកំពុងពង្រីកប្រតិបត្តិការនៅតំបន់នោះ ។



កងទ័ពអ៊ីស្រាអែលបានប្រកាសអំពាវនាវជាថ្មី នៅថ្ងៃទី២៩ ខែតុលា ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សា ជម្លៀសខ្លួនទៅកាន់ភាគខាងត្បូង ឆ្ងាយពីគោលដៅនៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ 
 
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បានបញ្ជាក់ថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានអំពាវនាវឱ្យប្រជាជននៅភាគខាងជើងតំបន់កាហ្សា ផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបណ្ដោះអាសន្ន។ ការផ្លាស់ទៅភាគខាងត្បូងនេះ ដើម្បីឲ្យពួកគេមានសុវត្ថិភាព»។
 
បន្ថែមពីលើនេះ លោក Hagari បាននិយាយថា ចំនួនមនុស្សដែលជាចំណាប់ខ្មាំងនៅកាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល បានកើនឡើងដល់ ២៣៩នាក់ ។
 
បច្ចុប្បន្ន អ៊ីស្រាអែល​បាន​ពង្រីក​យុទ្ធនាការ​វាយលុក​​ប្រឆាំង​នឹង​កងកម្លាំង​ហាម៉ាស ហើយ​តំបន់​កាហ្សា​ភាគ​ខាងជើង​ទាំងមូល​​ បាន​ក្លាយ​ជា​សមរភូមិ។ ទន្ទឹមនឹងយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាកាស កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានបង្កើនចំនួនកងទ័ព ដើម្បីចូលទៅក្នុងតំបន់កាហ្សាកាន់តែជ្រៅ និងចេញផ្សាយវីដេអូដែលបង្ហាញពីក្បួនរថយន្តរថក្រោះ Merkava ចូលរួមក្នុងសមរភូមិផងដែរ។ 
 
នៅល្ងាចថ្ងៃទី២៨ ខែតុលា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ បានប្រកាសថា ដំណាក់កាលទី២នៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស បានចាប់ផ្តើមជាមួយនឹងយុទ្ធនាការវាយប្រហារ ដើម្បីពង្រីកខ្លួន ចូលទៅក្នុងតំបន់កាហ្សា។
 
ស្របពេលដែលវាយប្រហារទីតាំងរបស់ក្រុមហាម៉ាស កងទ័ពអ៊ីស្រាអែលបានព្រមានថា តំបន់លំនៅដ្ឋានទាំងអស់នៃតំបន់កាហ្សាបច្ចុប្បន្ននេះ ជាសមរភូមិ ហើយបានជំរុញឱ្យអ្នកស្រុកផ្លាស់ទីទៅភាគខាងត្បូងជាបន្ទាន់ ដែលជាកន្លែងផ្តល់ជំនួយគ្រប់គ្រាន់។
 
យ៉ាងណាមិញ ប្រជាជនប៉ាឡេស្ទីនបាននិយាយថា សូម្បីតែភាគខាងត្បូងក៏លែងមានសុវត្ថិភាពដែរ នៅពេលដែលលំនៅដ្ឋានក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន ត្រូវបានទម្លាក់គ្រាប់បែក៕ 
 

Tag:
 អុីស្រាអែល
  កាហ្សា
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com