សង្គមអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីបិទព្រលានយន្តហោះ Makhachkala ដោយសារបាតុករតវ៉ាលើអុីស្រាអែល 
ក្រុមបាតុករតវ៉ានៅព្រលានយន្តហោះ Makhachkala ក្រោយយន្តហោះដឹកអ្នកដំណើរអុីស្រាអែលចុះចត។ រូបភាព ៖ AP
×![]()
រុស្ស៊ី បានសម្រេចចិត្តបិទអាកាសយានដ្ឋាន Makhachkala បន្ទាប់ពីក្រុមបាតុកររាប់រយនាក់ បានលុកលុយចូលព្រលានយន្តហោះ ដែលដឹកអ្នកដំណើរពីទីក្រុង Tel Aviv ដើម្បីប្រឆាំងនឹងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់កាហ្សា។
ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបានប្រកាសបិទអាកាសយានដ្ឋាន Makhachkala ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមបាតុកររាប់រយនាក់ បានលុកលុយតំបន់ផ្លូវចំណតយន្តហោះ ដើម្បីប្រឆាំងនឹងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់កាហ្សា។
យោងតាមក្រុមហ៊ុន Pobeda Airlines ជើងហោះហើរ DP-199 ពីទីក្រុងមូស្គូទៅ Makhachkala ត្រូវបានប្តូរទិសទៅ Vladikavkaz ។ ទន្ទឹមនេះ ក្រុមហ៊ុនអាកាសចរណ៍ Red Wings ក៏បានប្តូរទិសដៅជើងហោះហើររបស់ខ្លួនពី Nizhnevartovsk ទៅ Mineralnye Vody ខណៈជើងហោះហើរពី Makhachkala ទៅ Moscow និង Surgut ក៏ត្រូវបានពន្យារពេលផងដែរ។
នៅថ្ងៃទី២៩ ខែតុលា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅអាកាសយានដ្ឋាន Makhachkala ដើម្បីតវ៉ាប្រឆាំងនឹងជម្លោះរបស់ក្រុមហាម៉ាស-អ៊ីស្រាអែល។ ក្រុមបាតុករទាំងនោះ បានសម្រុកចូលខាងក្នុងព្រលាន និងតំបន់ផ្លូវរត់របស់យន្តហោះ បន្ទាប់ពីជើងហោះហើរ ដែលបានគ្រោងទុកពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល បានចុះចត។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចល័តទៅកន្លែងកើតហេតុ ដើម្បីបំបែកហ្វូងមនុស្ស ។ អាជ្ញាធរតំបន់ Dagesta កំពុងគ្រប់គ្រងស្ថានភាពគ្មានសណ្តាប់ធ្នាប់នៅអាកាសយានដ្ឋាន Makhachkala ។
យោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ មនុស្សជាង២០នាក់ រួមទាំងប៉ូលិស និងជនស៊ីវិលបានរងរបួសក្នុងហេតុការណ៍ខាងលើ។ មនុស្ស១០ នាក់ក្នុងចំណោមក្រុមបាតុករ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ ២ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ស្នងការសិទ្ធិមនុស្សរុស្ស៊ីលោកស្រី Tatyana Moskalkova បាននិយាយថា ឧបទ្ទវហេតុនៅអាកាសយានដ្ឋាន Makhachkala មានគោលបំណងញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិភាគតិច ហើយបានអំពាវនាវឱ្យប្រជាជនគោរពតាមច្បាប់ ក្នុងតំបន់យ៉ាងតឹងរ៉ឹង។
ទន្ទឹមនឹងនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗដោយបញ្ជាក់ថា ទីក្រុង Tel Aviv សង្ឃឹមថា ទីភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ី នឹងការពារសុវត្ថិភាពរបស់ពលរដ្ឋអ៊ីស្រាអែលទាំងអស់ នៅគ្រប់ទីកន្លែង ក៏ដូចជាទប់ស្កាត់រាល់អំពើហិង្សាលើជនជាតិអ៊ីស្រាអែល៕
© រក្សាសិទ្ធិដោយ thmeythmey.com